ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នៅរសៀលថ្ងៃទី២០ខែកុម្ភៈនេះ នឹងអញ្ជើញបិទសន្និបាត ត្រួតពិនិត្យលទ្ធផលការងារឆ្នាំ ២០១៩ និង ទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ទីស្តីការក្រសួងមហាផ្ទៃ ។
ក្រសួងមហាផ្ទៃបានដំណើរការសន្និបាតបូកសរុបការងាររបស់ខ្លួនរយៈពេល២ថ្ងៃ (ពីថ្ងៃទី ១៩-២០ កុម្ភៈ ២០២០)ដោយបានប្រារព្ធបើកសន្និបាតនៅព្រឹក ថ្ងៃទី ១៩ ខែកុម្ភៈ ក្រោមអធិបតីភាពរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួមហាផ្ទៃ ។
ដូចឆ្នាំមុនៗដែរ សន្និបាតបានធ្វើការពិនិត្យវាយតម្លៃលើសមិទ្ធផលបទពិសោធ និងបញ្ហាប្រឈមនានាជុំវិញការអនុវត្តន៍តួនាទីភារកិច្ចនិងការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃរួមទាំងអនុសាសន៍ដ៏របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនាឱកាសបិទសន្និបាតរបស់ក្រសួងមហាផ្ទៃក្នុងឆ្នាំកន្លងទៅនិងកំណត់ទិសដៅ ការងារសម្រាប់ឆ្នាំ ២០២០ ព្រមទាំងប្រកាសលទ្ធផលចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព” ។
អ្វីដែលជាការកត់សំគាល់សម្រាប់ឆ្នាំ ២០១៩ កន្លងមក បទល្មើសព្រហ្មទណ្ឌមានការកើនឡើងបន្តិច(កើន៨%)ដោយសារការហូរចូលយ៉ាងគំហុកនៃជនបរទេសដែលនាំមកជាមួយនូវបទល្មើសដែលប្រព្រឹត្តឡើងក្នុងចំណោមជនបរទេសមួយចំនួនក៏ដោយ ក៏កងកម្លាំងនគរបាលជាតិបានប្រឹងប្រែងបង្ក្រាបបាន រហូតដល់៨៩%នៃ បទល្មើសដែលកើតមានឡើងគឺមានអត្រាខ្ពស់ជាងឆ្នាំ ២០១៨ ។
ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបានឯកភាពកំណត់យកទិសដៅការងារនិងបញ្ហាប្រឈមជាចម្បងៗរៀបចំជាប្រធានបទសម្រាប់ធ្វើការពិភាក្សានៅក្នុងសន្និបាតរបស់ខ្លួន ។ សន្និបាតបានផ្តល់នូវការគាំទ្រនិងការចូលរួមខិតខំយកអស់កម្លាំងកាយ ប្រាជ្ញា ស្មារតី ដើម្បីធ្វើការពិភាក្សាឲ្យបានផុលផុសអំពីសមិទ្ធផលបញ្ហាប្រឈមនិងដំណោះស្រាយ ព្រមជាមួយនឹងការផ្តល់នូវបទពិសោធល្អៗសម្រាប់ជាមូលដ្ឋានក្នុងការកំណត់ទិសដៅការងារឆ្នាំ២០២០នេះឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ៕/Ha