ខ្សែប្រយុទ្ធ សន់ ហឿងមីន (Son Heung Min) របស់ក្លឹប Tottenham អាចនឹងខកខានការ ប្រកួតរហូតដល់ចប់រដូវកាលនេះ បន្ទាប់ពីរងរបួសបាក់ដៃនៅនាទីដំបូង អំឡុងការប្រកួត ជាមួយក្រុម Aston Villa កាលពីថ្ងៃអាទិត្យ។
ក្លឹប Spurs បានបញ្ជាប់ពីព័ត៌មាននេះកាលពីថ្ងៃអង្គារជុំវិញរបួសកែងដៃខាងស្តាំរបស់ សន់ ហើយបើតាមសេចក្តីថ្លែងការណ៍ថា កីឡាកររូបនេះនឹងខកខានការប្រកួតច្រើនសប្តាហ៍ ប៉ុន្តែគ្រូបង្វឹកលោក ចូសេ ម៉ូរីញ៉ូ (Jose Mourinho) សារភាពថាលោកមិនពឹងពាក់ទាំងស្រុង លើកីឡាករកូរ៉េរូបនេះទេ។
លោក ម៉ូរីញ៉ូ បានបន្ថែមថា ស្ថានភាពមិនជាអាក្រក់ពេកទេ ដោយសារមានជម្រើសច្រើន ហើយបញ្ជាក់ថា កីឡាករ ត្រយ ភែរ៉ុត (Troy Parrot) វ័យ១៨ឆ្នាំត្រៀមបំពេញចន្លោះប្រហោង នៅតំបន់ជួរមុខ។
វាគឺជាសម្ពាធមួយសម្រាប់លោក ម៉ូរីញ៉ូ ដែលគ្មានវត្តមានកីឡាករ ហ៊ែរី ខេន យ៉ាងហោចណាស់រហូតដល់ខែមេសា។
សន់ ទទួលបានការព្យាបាលរបួស ដែលកើតមានបន្ទាប់ពីការប៉ះទង្គិចជាមួយខ្សែការពារ អេហ្សរី គុនសា (Ezri Konsa) នៅលើទីលានតាំងពីដើមទីនៅពហុកីឡា ដ្ឋាន Villa Park ប៉ុន្តែលេងពេញ៩០នាទីនិងរកបាន២គ្រាប់៕ ប្រែសម្រួល: ពិសិដ្ឋ
