ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
កាលពី​ល្ងាច ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០ លោក ព្រុំ ប៊ុណ្ណ​យី ទីប្រឹក្សា​ក្រសួង​អប់រំ យុវជន និង​កីឡា តំណាង​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា បាន​ដឹកនាំ​កិច្ចប្រជុំ ជាមួយ​សហព័ន្ធ​កីឡា​ជាតិ ទាំង ៣០ ជា​លើក​ទី​៣ នៃ​កិច្ចប្រជុំ​ត្រៀមលក្ខណៈ ការប្រកួត​កីឡា​ជាតិ លើក​ទី​៣ ឆ្នាំ​២០២០ នៅ​សាលប្រជុំ​នាយកដ្ឋាន​។​

លោក ព្រុំ ប៊ុណ្ណ​យី ទីប្រឹក្សា​ក្រសួង​អប់រំ យុវជន និង​កីឡា

​អ្វីដែល​សំខាន់​នោះ ដំបូង​ឡើយ ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​ដាក់​តែ ៣០ ប្រភេទ​កីឡា​ប៉ុណ្ណោះ ទៅក្នុង​ការប្រកួត​នេះ តែ​ពេលនេះ កីឡា​ចំនួន ៣ ប្រភេទ​ទៀត ត្រូវ​បានដាក់​បន្ថែម គឺ​ម៉ូតូ​ទឹក អុកចត្រង្គ និង​ជិះសេះ​។ ហេតុនេះ ប្រភេទ​កីឡា ដែល​ដាក់​ឲ្យ​ប្រកួត មាន​ចំនួន ៣៣ គឺ​កីឡាបាល់ទាត់​, បាល់ទះ​, បាល់បោះ​, អត្តពលកម្ម​, ប៉េតង់​, វាយ​សី​, វាយ​កូន​បាល់​, វាយ​កូនឃ្លី​លើ​តុ​, ចំបាប់​, តេ​ក្វាន់​ដូ W.T.F របស់​កូរ៉េខាងត្បូង​, ហែល​ទឹក​, ល្បុក្កតោ​, កាយសម្ព័ន្ធ​, ប្រដាល់​សាកល​, ហ្សូ​រិ​ន​ជី​កាំ​ប៉ូ និង តេ​ក្វាន់​ដូ I.T.F របស់​កូរ៉េខាងជើង កា​រ៉ា​តេ​ដូ​, ប្រដាល់​គុន​ខ្មែរ​, យូ​ដូ​, ទ្រី​យ៉ា​ត្លុង​, សូ​ហ្វ​តិ​ន្នី​ស​, បេ​ស្ប​ល​, ប្រណាំង​កង់​, សីដក់​, កីឡា​បាញ់កាំភ្លើង វ៉ូ​វី​ណា​ម ម៉ូតូ​ទឹក អុកចត្រង្គ និង​កីឡា​ជិះសេះ​។​

​លោក​ព្រុំ ប៊ុណ្ណ​យី បាន​មានប្រសាសន៍ថា គ្រប់​ប្រភេទ​កីឡា​ទាំងអស់ របស់​សហព័ន្ធ​កីឡា​ជាតិ ត្រូវតែមាន ៥ រាជធានី ខេត្ត ចូលរួម ទើប​ដាក់​ឲ្យ​ប្រកួត​ជា​ផ្លូវការ ប្រសិនបើ​មាន ៣ ឬ ៤ រាជធានី ខេត្ត មិន​ដាក់​ឲ្យ​ប្រកួត​ជា​ផ្លូវការ​ទេ ដោយ​ឲ្យ​សហព័ន្ធ តាម​ប្រភេទ​កីឡា គិតថា ការប្រកួត​ជាការ​សម្តែង ឲ្យ​សហព័ន្ធ​គិតគូរ ប្រាក់រង្វាន់ លើក​ទឹក​ដោយ​ខ្លួនឯង និង​គ្មាន​មេដាយ​ជូន តាម​គោលការណ៍ កីឡា​ជាតិ​ឡើយ​។​

ទិដ្ឋភាព​ប្រជុំ​

​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១ ឆ្នាំ​២០១៦ មាន​ប្រភេទ​កីឡា ចំនួន ១៥ វិញ្ញាសា មាន​ចំនួន ១៨៩ រាជធានី​-​ខេត្ត ចំនួន ២៥ ដោយមាន​មន្ត្រី​ដឹកនាំ និង​គ្រូបង្វឹក មាន​ចំនួន ៥៣១ នាក់ កីឡាករ​ចំនួន ១.៤៩៧ នាក់ កីឡាការិនី មាន​ចំនួន ៦០៩ នាក់ សរុប​ចំនួន ២.៦៣៧ នាក់ ។​

​ចំណែក​កីឡា​ជាតិ​លើក​ទី​២ ឆ្នាំ​២០១៨ មាន​ប្រភេទ​កីឡា ចំនួន​២៧ វិញ្ញាសា មាន​ចំនួន ២៧៤ រាជធានី ខេត្ត ២៥ និង ៣ ក្រសួង​គឺ ក្រសួងការពារជាតិ មហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មន្ត្រី​ដឹកនាំ និង​គ្រូបង្វឹក មាន​ចំនួន ៧៥៩ នាក់ កីឡាករ​ចំនួន ២.២៨៤ នាក់ កីឡាការិនី មាន​ចំនួន ៩៩៩ នាក់​សរុប​ចំនួន ២.៦៣៧ នាក់​។​

​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២ មាន​រហូតដល់ ២៧ ប្រភេទ​កីឡា ដូច្នេះ​ក្រុម​គណៈកម្មការ ត្រូវ​ជ្រើស​រើសយក​ទីលាន ចំនួន ៤ ខេត្ត​-​រាជធានី រៀបចំ​ធ្វើ គឺ​រាជធានី​ភ្នំពេញ ខេត្ត​កែប កំពត និង​ខេត្តកំពង់ធំ ៕v