ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​រថយន្ត​ដឹក​ប្រេងសាំង​មួយគ្រឿង​បាន​ឆ្លង​ចរន្ត​ភ្លើង​ឆាបឆេះ​នៅ​ស្ថានីយ​ប្រេងឥន្ធន​:​ស្រូ​យ​រស្មី​ ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រីង​ សង្កាត់​ក្រុង​ខេត្តស្ទឹងត្រែង ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២០​ ខែកុម្ភៈ​ឆ្នាំ​២០២០​។​

​ប្រភពពី​អ្នកឃើញ​ហេតុការណ៍​បាន​ប្រាប់​ឱ្យដឹងថា ​រថយន្ត​កូរ៉េ​ធុន​តូច​ដឹក​កាន​សាំង​ទៅ​ឈប់​នៅ​ស្ថានីយខាងលើ​។​ពេល​កម្មករ​កំពុងតែ​ផ្ទេរ​សាំង​ពី​ស្ថានីយដាក់​កាន​ចំណុះ​៣០​លីត្រ​នៅលើ​រថយន្ត​ ​ពេលនោះ​ប្រេងសាំង​ក៏បាន​ហៀរហូរ​ចុះក្រោម​បណ្តាលឱ្យ​ភ្លើង​ឆេះ​ពីក្រោម​រថយន្ត​សន្ធោសន្ធៅ​ភ្លាមៗ​តែម្តង​។​

ឃើញ​ដូច​នោះ​ ម្ចាស់​និង​កម្មករ​នៅក្នុង​ស្ថានីយប្រេង​យក​រថយន្ត​កូរ៉េ​មួយ​បើក​ថយ​បំ​បុក​រថយន្ត​ដែល​កំពុង​ឆាបឆេះ​នោះ​ចេញមក​ថ្នល់​ដើម្បី​បញ្ចៀស​កុំឱ្យ​ឆេះ​ទៅដល់​ស្ថានីយ។​បន្ទាប់មក​ក៏មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ប្រហែល​មួយ​ម៉ោង​ក្រោយ​ទើប​រលត់​។​

​នៅក្នុង​ហេតុការណ៍​នោះ​ឆេះ​អស់​រថយន្ត​មួយគ្រឿង​និង​កាន​សាំង​មួយចំនួន​នៅលើ​រថយន្ត​។​ចំណែក​ស្ថានីយប្រេង​បាន​ឆេះ​រោលៗ​នៅ​ផ្នែក​ដំបូល​តែប៉ុណ្ណោះ​៕S/​Ha