ដោយៈ មេសា/ភ្នំពេញៈ លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានលើកឡើងអំពីសារសំខាន់ នៃ ការប្រមូលទិន្នន័យជនអនាថានៅទូទាំងប្រទេសថា កន្លងមកទិន្នន័យ នៃ ជនអនាថានៅទូទាំងប្រទេស យើងមិនទាន់មានភាបច្បាស់លាស់ ម្យ៉ាងទៀតទិន្នន័យនោះជាលក្ខណៈប្រពៃណី ។ ហេតុនេះនៅខែ ឧសភា ខាងមុខនេះ យើងនឹងធ្វើអង្កេតរហ័សទៅលើជនអនាថាក្នុងក្របខណ្ឌទូទាំងប្រទេស ហើយទិន្នន័យនោះពិតជាសំខាន់ណាស់ សម្រាប់យកមកវិភាព និង រៀបចំផែនឆ្លើយតប ដោះស្រាយបញ្ហាជនអនាថាឱ្យប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយទិន្នន័យនោះ យើងនឹងផលិតឡើងបែបឌីជីថល ដើម្បី ឱ្យស្របទៅនឹងទស្សនវិស័យរបស់រាជរដ្ឋាភិបាល ដែលកំពុងធ្វើបណ្តើរៗឱ្យក្លាយជារាជរដ្ឋាភិបាលបែបឌីជីថល ។
លោក ឈួរ សុបញ្ញា ថ្លែងបែបនេះ នៅក្នុងវគ្គបណ្តុះបណ្តាលគ្រូឧទ្ទេសអង្កេតរហ័សជនអនាថា ដែលវគ្គបណ្តុះបណ្តាលនេះធ្វើនៅឯក្រសួងសង្គមកិច្ច រយៈបេលថ្ងៃ គឺនៅថ្ងៃទី ១៩ ទី ២០ និង ទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២០ ។
កន្លងមកអ្នកពាក់ព័ន្ធទាំងឡាយ ដែលធ្វើការលើវិស័យជនអានាថា គឺធ្វើការដោយផ្អែកទៅលើតែទិន្នន័យជាក់ស្តែងដែលគេរកបានតាមលទ្ធភាពប៉ុណ្ណោះ ដែលទិន្នន័យទាំងនោះមានលក្ខណៈមិនទាន់ចុះសម្រុងគ្នាផង ហើយត្រូវបានគេជឿថា មិនទាន់មានសុក្រឹតភាពនៅឡើយផង ហើយក៏ប្រហែលជាដោយសារហេតុនោះដែរ ទើបការឆ្លើយតបចំពោះបញ្ហាជនអនាថាកន្លងមក មិនសូវមានប្រសិទ្ធភាពតាមការចង់បាន ហើយជាលទ្ធផល ទើបបញ្ហាជនអនាថា ដោះស្រាយមិនចេះអស់មិនចេះហើយ ។
ដូច្នេះ ប្រសិនបើបានធ្វើដូចការលើកឡើងរបស់លោក ឈួរ សុបញ្ញា មែននោះ វានឹងជាលើកទី ១ ហើយនៅកម្ពុជា ដែលមានការប្រមូលចងក្រងទិន្នន័យជនអនាថានៅទូទាំងប្រទេសបែបវិទ្យាសាស្ត្រ ហើយទិន្នន័យនោះ ក៏នឹងជាក្តីរំពឹងមួយដែលថា បញ្ហារបស់ជនអនាថានៅទូទាំងប្រទេស នឹងត្រូវបានដោះស្រាយមានប្រសិទ្ធភាពជាងមុន ព្រោះ ដើម្បី ធ្វើអង្កេតរហ័សជនអនាថា តាមការគ្រោងទុកមកនោះ បន្ទាប់ពីវគ្គបណ្តុះបណ្តាលគ្រូឧទ្ទេសនេះទៅ នាយកដ្ឋានសុខុមាលភាពសង្គម នៃ ក្រសួងសង្គមកិច្ច និង អ្នកពាក់ព័ន្ធ នឹង នៅត្រូវបណ្តុះបណ្តាល គ្រូបង្គោល និង ជនបង្គោលជាបន្តបន្ទាប់ទៀតសរុបជាង ៥០០ នាក់នៅទូទាំងប្រទេស ហើយការងារដ៏សំខាន់មួយនេះ មានការចូលរួមពីអន្តរក្រសួងដែលក្នុងនោះមានក្រសួងសង្គមកិច្ចជាសាមីក្រសួង ក្រសួងមហាផ្ទៃ ជាដើម និង អង្គការក្រៅរដ្ឋាភិបាលជាតិ អន្តរជាតិមួយចំនួនទៀត ដោយបានការគាំទ្រដោយអង្គការ UNICEF៕ Kh



