កាន់តែខ្ទប់ច្រមុះចិនមែនទែនហើយ យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក ប្រជែង​ចិន ដោយ​ហោះ​ពីលើ​សមុទ្រ​ចិន​ខាងត្បូង

2134
ចែករម្លែក

កងទ័ពអាកាស​អាមេរិក​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លៃ​ង​ការណ៍​មួយ​នៅ​ថ្ងៃ​សុក្រ​ទី​៧​ខែកក្កដា​ថា ​យន្តហោះ​ទម្លាក់​គ្រាប់បែក​២​គ្រឿង​របស់​អាមេរិក បាន​ហោះ​ពីលើ​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​ជម្លោះ ​ដោយ​បង្ហាញ​សិទ្ធិសេរីភាព​ចំពោះ​តំបន់​នេះ​ថា​ជា​ទឹកដី​អន្តរជាតិ ទោះបីជា​មានការ​អះអាង​សិទ្ធិ​កាន់កាប់​​ទឹកដី​ដោយ​ចិន​នៅ​សមុទ្រ​ដែលជា​ច្រក​ផ្លូវ​នាវាចរណ៍​ដ៏​មមាញឹក​នេះ​ក៏ដោយ​។​

​នៅ​មុនពេល​ការហោះហើរ​នៃ​យន្តហោះ​ទម្លាក់​គ្រាប់បែក​២​គ្រឿង​នេះ កាលពី​ថ្ងៃ​ព្រហស្បតិ៍​នោះ យន្តហោះ​ទម្លាក់​គ្រាប់បែក​B-1B​ទាំង​២​នេះ បាន​ហោះ​ហ្វឹកហាត់​ជាមួយ​យន្តហោះ​ចម្បាំង​ជប៉ុន​ជាច្រើន​គ្រឿង​នៅ​សមុទ្រ​ចិន​ខាងកើត​ដែល​នៅ​ជិត​សមុទ្រ​នោះ ហើយ វា​ជា​លើកទីមួយ ដែល​កង​ម្លាំ​ង​ទាំង​២​នេះ​បានធ្វើ​សមយុទ្ធ​ហ្វឹកហាត់​រួមគ្នា​នៅពេល​យប់​។​

សកម្មភាព​យោធា​របស់​អាមេរិក​នេះ បានកើត​ឡើង​ចំពេល​ដែលមាន​ភាព​តានតឹង​ខ្លាំង​នៅ​តំបន់​នោះ បន្ទាប់ពី​កូរ៉េខាងជើង​បាន​អះអាងថា​ខ្លួន​បាន​អភិវឌ្ឍ​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ ដែល​អាច​គំរាមកំហែង​សហរដ្ឋអាមេរិក​។​

សហរដ្ឋអាមេរិក ចង់ឱ្យ​ចិន​ខំប្រឹងប្រែង​បន្ថែមទៀត​ក្នុង​ការដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុង​ព្រុង​យ៉ាង​ដើម្បី​បញ្ឈប់​​ការស្រាវជ្រាវ​និង​ការអភិវឌ្ឍន៍​របស់ខ្លួន​(​កូរ៉េខាងជើង​)​សម្រាប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​។

ការបញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់​យុទ្ធសាស្ត្រ​មកលើ​សមុទ្រ​មាន​ជម្លោះ​នេះ​កើតឡើង​តែ​បី​បួន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​សហរដ្ឋអាមេរិក​បញ្ជូន​​នាវា​ពិឃាដ​បំពាក់​ដោយ​អាវុធ​មី​ស៊ី​ល​មួយគ្រឿង​ទៅជិត​កោះ​ដែល​ចិន​កាន់កាប់​មួយ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ត្រូវបាន​អះអាង​សិទ្ធិ​កាន់កាប់​ដោយ​ប្រទេស​ចំនួន​៣​។​

​កងទ័ពជើងទឹក​អាមេរិក​ក៏បាន​ត្រៀម​ចាប់​ផ្តើមធ្វើ​សមយុទ្ធ​កងទ័ពជើងទឹក​ជាមួយ​វៀតណាម​កាលពី​ថ្ងៃ​ពុធ​ទី​៥​កក្កដា​ដោយ​នាវាចម្បាំង​​អាមេរិក​២​គ្រឿង គឺ នាវា​USNS Salvor និង​នាវា USS Coronado បាន​បើក​ចូល​កំពង់ផែ​អន្តរជាតិ​កាំ​រ៉ា​ញ់ របស់​វៀតណាម​។​

​ឥណ្ឌា និង ជប៉ុន ដែល​សុទ្ធតែជា​គូសត្រូវ​ទឹកដី​និង​ជា​ប្រទេសជិតខាង​ចិន​ក៏​នឹង​ចាប់ផ្តើម​សមយុទ្ធ​ជើង​ទឹក​ម៉ា​ឡា​បា​ប្រចាំឆ្នាំ​លើក​ទី ១៦ ​នៅ​ថ្ងៃ​ចន្ទ ទី​៩ កក្កដា និង​បន្ត​រហូតដល់​ថ្ងៃ​អង្គារ ទី​១៧ កក្កដា​។ សមយុទ្ធ​ឆ្នាំនេះ​នឹងធ្វើ​ឡើង​ចំពេល​មាន​សេចក្តីរាយការណ៍​អំ​ព​ការ​​បង្កើន​សកម្មភាព​ចិន​ខ្លាំង​ឡើង​នៅក្នុង​មហាសមុទ្រ​ឥណ្ឌា​៕ ដោយ ៖សុខា

កាន់តែខ្ទប់ច្រមុះចិនមែនទែនហើយ យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក ប្រជែង​ចិន ដោយ​ហោះ​ពីលើ​សមុទ្រ​ចិន​ខាងត្បូង

ទីតាំងផ្សាយពាណិជ្ជកម្ម