ដោយៈមេសា/ភ្នំពេញៈ នៅព្រឹកថ្ងៃទី ២០ ខែ កុម្ភៈ នេះ បន្ទាប់ពីបានពិនិត្យសុខភាពរួចរាល់ភ្លាម ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសជាសាធារណៈភ្លាមអំពីស្ថានភាពសុខភាពអ្នកដំណើរតាមនាវា Westerdam ដោយមានសេចក្តីថា គិតត្រឹមម៉ោង ៩ ព្រឹក នៃ ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះ ក្រសួងសូមធ្វើបច្ចុប្បន្នភាពសុខភាពអ្នកដំណើរតាមនាវា Westerdam ដែលនៅសេសសល់នៅរាជធានី ភ្នំពេញ និង នៅខេត្ត ព្រះសីហនុ ដូចតទៅ ៖
- សំណាកចំនួន ១២៨៦ នាក់ ត្រូវបានធ្វើតេស្តទាំងអស់ ដោយទទួលបានលទ្ធផលអវិជ្ជមានវីរុសកូរ៉ូណាថ្មី ឬ Covid 19
- ស្ថានភាពសុខភាពទូទៅរបស់អ្នកដំណើរទាំងអស់ មិនមានបញ្ហាគួរឱ្យកត់សម្គាល់ឡើយ គឺមានសុខភាពធម្មតា និង មិនមានអ្នកឡើងកម្តៅក្នុងខ្លួនឡើយ
- គិតចាប់ពីថ្ងៃដែលនាវានេះបានចាកចេញពីទីក្រុងហុងកុង មក គឺមានរយៈពេល ២០ ថ្ងៃហើយ បើគិតត្រឹមថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះ ។
តាមរយៈសេចក្តីប្រកាសដដែល ក្រសួងសុខាភិបាលបានបន្ថែមថា “ ប្រតិបត្តិការសុខាភិបាល ដែលក្រសួងបាន និង កំពុងធ្វើនេះ មានការសហការយ៉ាងជិតស្និទ្ធជាមួយ អង្គការសុខភាពពិភពលោក ( WHO) មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា ស្ថានទូតពាក់ព័ន្ធ និង ស្ថាប័នផ្សេងទៀត “ ។
ក្រសួងសុខាភិបាលបានបញ្ជាក់បន្ថែមថា រហូតមកដល់ពេលនេះ មិនទាន់ប្រជាជនកម្ពុជាម្នាក់ណា ត្រូវបានរកឃើញថា មានផ្ទុកវីរុសកូរ៉ូណាថ្មី ឬ Covid 19 នោះនៅឡើយ ។
សូមជម្រាបថា បន្ទាប់ពីបានអនុញ្ញាតឱ្យនាវា Westerdam ចូលសំចតនៅកំពង់ផែខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះមក កម្ពុជា និង អ្នកពាក់ព័ន្ធ បានិខិតខំពិនិត្យ និង តាមដានស្ថានភាពសុខភាពអ្នកទាំងនោះយ៉ាងដិតដល់ និង បានសម្របសម្រួល ដើម្បី ពួកគេបានត្រឡប់ទៅមាតុប្រទេសរបស់ពួកគេវិញតាមជើងហោះហើរ ៕ Kh


