មន្ត្រីខេត្តហ៊ូប៉ីតម្រូវឱ្យប្តីប្រពន្ធដេកគ្រែផ្សេងគ្នាអំឡុងការទប់ស្កាត់ការរាលដាលនៃវីរុសកូរ៉ូណា

384
ចែករម្លែក

សេចក្តីជូនដំណឹងរបស់រដ្ឋាភិបាល ដែលទាមទារឱ្យប្តីប្រពន្ធក្នុងតំបន់ផ្ទុះវីរុសកូរ៉ូណាដេកនៅគ្រែផ្សេងគ្នា បានបង្កឱ្យមានរឿងចម្រូងចម្រាសក្នុងប្រទេសចិន។

បទបញ្ជានេះត្រូវគេនិយាយថាធ្វើឡើងដោយពួកមន្ត្រីមកពីសហគមន៍មួយក្នុងទីក្រុងសៀននីងក្នុងខេត្តហ៊ូប៉ី ដែលជាចំណុចស្នូលនៃការរាលដាលវីរុសកូរ៉ូណា។

ឯកសារដែលចរាចរពេញបណ្តាញសង្គម បានបង្ហាញអាជ្ញាធរមូលដ្ឋានទាមទារឱ្យប្តីប្រពន្ធត្រូវដេកឆ្ងាយពីគ្នាចាប់ពីថ្ងៃទី១៧កុម្ភៈតទៅ។ អ្នកនាំពាក្យម្នាក់បាននិយាយថា ច្បាប់នេះអនុវត្តតែចំពោះអ្នកដែលសង្ស័យកើតជំងឺកូរ៉ូណាប៉ុណ្ណោះ។

យោងតាមសារាចរនេះបានឱ្យដឹងថា គោលនយោបាយនេះគឺអនុម័តដោយមន្ត្រីថ្នាក់កំពូលបំផុត និងមានបំណងទប់ស្កាត់ទាំងស្រុងនូវការរាលដាលនៃវីរុស។

សារាចរនេះទាមទារឱ្យអ្នកស្រុកដេកនិងហូបចុកនៅឆ្ងាយពីសមាជិកគ្រួសារដទៃទៀត ពាក់ម៉ាស់មុខនៅផ្ទះ និង ស្ទង់កម្តៅរាល់ថ្ងៃ។​

អ្នកស្រុកក៏ត្រូវបានហាមឃាត់មិនឱ្យចេញពីផ្ទះខ្លួនឯងនោះដែរ ដរាបណាត្រូវចេញទៅមន្ទីរពេទ្យ។ យោងតាមច្បាប់ថ្មីនេះ ទំនិញចាំបាច់នឹងត្រូវទិញនិងដឹកជញ្ជូនដោយមន្ត្រីរៀងរាល់៥ថ្ងៃម្តង។

ការទាមទារឱ្យធ្វើដូច្នេះបានបង្កឱ្យមានរឿងចម្រូងចម្រាសនៅលើបណ្តាញសង្គម Weibo ដោយអ្នកលេងអ៊ីនធឺណេតម្នាក់បានថ្កោលទោសពួកមន្ត្រីថា “ម៉េចក៏ទៅជ្រៀតជ្រែកគេតាមដានគេតាំងពីការដេកនៅគ្រែផ្សេងឬអត់ទៀតនុះ?”។

អ្នកលេងអ៊ីនធឺណេតម្នាក់ទៀតបន្ទរតាមពីក្រោយថា “ចុមយក្ស ចុះបើយកអ្នកស្ម័គ្រចិត្តទៅយាមគេដេកនៅកណ្តាលទៀតម៉េចដែរ!”។

អ្នកទីបីបានសរសេររិះគន់ថា “ផ្ទះតែមួយខ្យល់តែមួយ។ តើវិធានការទាំងនេះមានប្រសិទ្ធភាពដែរ?”។

ក៏មានអ្នកគាំទ្រវិធានការនេះដែរ ដោយខ្លះសរសេរថា “វាជារឿងល្អទេ។ វាល្អសម្រាប់អ្នកនៅបង្ខាំងក្នុងផ្ទះ កុំនៅបន្ទប់រួមគ្នា ដើម្បីបង្ការកុំឱ្យឆ្លងរាលដាល”៕ ដោយ៖ កញ្ញាដាលីស

អាជ្ញាធរខេត្តហ៊ូប៉ីចេញសារាចរឱ្យប្តីប្រពន្ធដេកនៅគ្រែផ្សេងគ្នា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ