ដោយៈអង្គរតូច/សៀមរាប ៖ លោក ហង់ ពៅ អគ្គ នាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី និងមានការចូលរួមពីលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប កាលពីថ្ងៃទី១៩ ខែកុម្ភៈនេះ បានចុះពិនិត្យបរិវេណខាងលិចប្រាសាទអង្គរវត្ត ដើម្បីរៀបចំប្រព័ន្ធរំដោះទឹកសងខាងផ្លូវ ដែលគម្រោងនេះនឹងចាប់ផ្តើមពីថ្ងៃទី២0ខែកុម្ភៈ ខាងមុខ។

ប្រធាននាយកដ្ឋានផ្សពផ្សាយនៃអាជ្ញាធរជាតិអប្សរា លោកឡុង កុសល បានឲ្យដឹងថា ការរៀបចំគម្រោងនេះនឹងធ្វើឡើងដើម្បីរួមចំណែកធ្វើឱ្យហេដ្ឋារចនាសម្ពន្ធ និងសម្បទាទេសចរណ៍ ទេសភាព បរិស្ថាននៅបរិវេណមុខខាងលិចប្រាសាទអង្គរវត្តមានភាពល្អប្រសើរ ព្រមទាំងលើកតម្លៃរមណីយដ្ឋានអង្គរឱ្យសមជាព្រលឹងជាតិខ្មែរ និងសក្តិសមជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។

ក្នុងការអនុវត្តគម្រោងនាពេលខាងមុខ អាជ្ញាធរជាតិអប្សរានឹងផ្អាកចរាចរណ៍ផ្លូវកណ្តាល និងដកហូតដើមឈើមួយចំនួនដើម្បីរៀបចំជាវាលស្មៅបៃតងនាពេលអនាគត។ ទន្ទឹមនឹងនេះ អាជ្ញាធរជាតិអប្សរាក៏នឹងរៀបចំឱ្យមានផ្លូវនិងចំណតយានយន្តសមរម្យសម្រាប់អាជីវករនៅត្រពាំងសេសផងដែរ៕B/