តម្លើងគ្រោងដែកតួស្ពានអាកាស​ថ្មើរជើងផ្សារដើមគររួចរាល់ ខណៈ​ការស្ថាបនាសម្រេចបាន៨៥ភាគ​​រយអាចរួចរាល់នៅថ្ងៃទី៥ខែមិនា​ខាងមុខ

231
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ ស្ពានអាកាសថ្មើរជើងផ្សារដើមគរ ដែលមានបណ្ដោយប្រវែង ២៧ម៉ែត និងទទឹងប្រវែង៣ម៉ែត្រ ជាលទ្ឋផលមកដល់ពេលនេះសម្រេចបាន៨៥ភាគរយហើយ និងអាចរួចរាល់នៅថ្ងៃទី៥ ខែមិនា ខាងមុខ ដោយកាលពីរាត្រី ថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២០ ចាប់ពីម៉ោង៨យប់រហូតដល់ម៉ោង៦:០០ព្រឹកថ្ងៃទី២០កុម្ភះ ក្រុមការងារបានស្ទូចតម្លើងគ្រោងដែកតួស្ពានរួចរាល់ហើយ។

ក្នុងឱកាសស្ទូចតម្លើងគ្រោងដែកតួស្ពានអាកាសថ្មើរជើងផ្សារដើមគរនោះគេឃើញមានលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោកឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក និងលោកប្រធានក្រុមហ៊ុន បានចូលរួមផងដែរ។ក្នុងឱកាសនោះដែរ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ដើម្បីសុវត្ថិភាព និងបង្ការក្រែងមានគ្រោះថ្នាក់ ដល់អ្នកដំណើរជាយថាហេតុ ការដ្ឋានបានបិទចរាចរណ៍ឆ្លងកាត់មួយរយៈកាលពីយប់ថ្ងៃទី១៩កុម្ភះនេះនៅស្តុបផ្សារដើមគ ប្រសព្វរវាងមហាវិថីម៉ៅសេទុង និងផ្លូវលេខ ៣៣៦ ក្នុងខណ្ឌទួលគោក។

ក្នុងនោះដែរលោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានថ្លែងថា មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលជាសេនាធិការរបស់រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងលើកដែកគ្រោងស្ពានអាកាសផ្លូវថ្មើរជើង ឆ្លងកាត់ទទឹងខាងលិចផ្សារដើមគ ដើម្បីរៀបចំជាសមិទ្ធផលការងាររបស់រដ្ឋបាលរាជធានី ដែលបានខិតខំធ្វើនាពេលកន្លងមក និងធ្វើយ៉ាងណាឲ្យបានលឿន និងបញ្ចប់ការស្ថាបនាស្ពានអាកាសថ្មើរជើងនេះឲ្យហើយមុនថ្ងៃទី៨ខែមីនាខាងមុខ។ស្ពានអាកាសថ្មើជើងគឺជាស្ពានមួយដែលផ្តល់ភាពងាយស្រួលសុវត្ថិភាពដល់ប្រជាពលរដ្ឋនិងជាពិសេសនោះគឺសិស្សសាលាតែម្តងដែលចំណាយពេលសាងសង់ដើម្បីភាពងាយស្រួលក្នុងការធ្វើដំណើរ។

គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៨ធ្នូកន្លងមកនេះបានរៀបចំពិធីក្រុងពាលីទៅតាមទំនៀមទំលាប់ តាមបែបសាសនា បញ្ចុះបឋមសិលាសាងសង់ស្ពានអាកាសថ្មើរជើង នៅមុខផ្សារដើមគរនិងនៅមុខសាសាបឋមសិក្សាសន្ធរម៉ុក ដែល ពិធី កាលណោះបានធ្វើឡើងក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រី នៅចំណុចស្តុបសន្ធម៉ុក សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីក្នុងការបើកការដ្ឋានសាងសង់។រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងរៀប ចំ សាងសង់ស្ពានថ្មើរជើងចំនួន ២ទីតាំង គឺនៅភ្លើងស្តុបសន្ធរម៉ុក និងភ្លើងស្តុបផ្សារដើមគរ សម្រាប់សិស្សានុសិស្ស អាជីវករ និងប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវ។

គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅតំបន់មុខផ្សារដើមគរ ត្រូវសាងសង់ឡើងកាត់ទទឹងផ្លូវម៉ៅសេទុងខាងលិចជាប់នឹងផ្សារដើមគរ ។ ចំណែកគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុកវិញ ត្រូវសាង់សង់នៅលើចំនុចផ្លូវប្រសព្វទាំង៤ទិសតែម្តង ពោលគឺត្រូវសាងសង់កាត់ទទឹងផ្លូវម៉ៅសេទុង២ខ្សែនិងកាត់ទទឹងផ្លូវកម្ពុជាក្រោម២ខ្សែ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សបានឆ្លងកាត់ផ្លូវនេះ ដោយសុវត្ថិភាព ទោះពួកគេមកពីទិសខាងណាក៏ដោយ។

គួរបញ្ជាក់ទៀតថា មកដល់ពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើងចំនួន៣កន្លែងហើយ ក្នុងនោះរួមមាន នៅតំបន់ជម្ពូវ័ន្តខណ្ឌពោធិសែនជ័យមានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង ហើយបើ​គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅតំបន់មុខផ្សារដើមគរនិងគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុកវិញរូចរាល់រាជធានីភ្នំពេញនិងមានស្ពានអាកាសថ្មើរជើងចំនួន៥ទីតាំង ដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិមានការអភិវឌ្ឍនិងទីក្រុងមានភាព ស៊ីវិល័យ និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព៕/B