ដោយៈសុផល/ភ្នំពេញ៖វិនិយោគិនកូរ៉េប្រមាណជាង៥០នាក់បានចាប់អារម្មណ៍និងចូលរួមស្ដាប់នូវបទបង្ហាញនិងការផ្សព្វផ្សាយការលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ធនាគារអេស៊ីលីដាដើម្បីអាចសម្រេចចិត្តដាក់ទុនវិនិយោគជាមួយអេស៊ីលីដាក្នុងពេលធនាគារបោះផ្សាយលក់ជាផ្លូវការនូវមូលបត្រនៅផ្សារមូលបត្រកម្ពុជា ឆាប់ៗខាងមុខនេះ ។
ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយពីការលក់មូលបត្រកម្មសិទិ្ធជាសាធារណៈនៅការិយាល័យអេស៊ីលីដាកាលពីល្ងាចថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២០លោកបណ្ឌិតអ៊ិនចាន់នីប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអិលស៊ីបានមានប្រសាសន៍ថា៖សិក្ខាសាលាផ្សព្វផ្សាយស្តីពីការលក់មូលបត្រកម្មសិទិ្ធជាសាធារណៈរបស់អេស៊ីលដាមិនមែនជាលើកទី១ទេគឺបានធ្វើ៤លើកកន្លងមកហើយ។
តែកន្លងមកគឺធ្វើឡើងសម្រាប់ប្រជាជនកម្ពុជាដោយសំដៅទៅលើការបោះផ្សាយសម្រាប់សាធារណជន។សម្រាប់សិក្ខាសាលាផ្សព្វផ្សាយនៅល្ងាចថ្ងៃទី១៩កុម្ភៈនេះគឺធ្វើឡើងសម្រាប់ក្រុមហ៊ុនដែលចាប់អារម្មណ៍ក្នុងនោះកូរ៉េជាវិនិយោគិនមានសក្ដានុពលមួយសម្រាប់ធនាគារអេស៊ីលីដាដែលត្រូវរកដៃគូរវិនិយោគនេះ ។
លោកបណ្ឌិត បានបន្តថា៖ផ្សារមូលបត្រមិនមែនមានតែមួយថ្ងៃ ឬមិនមែនសម្រាប់តែក្រុមណាមួយទេ វាគឺជាទីផ្សារសេរីដែលដាក់លក់ជាប្រចាំថ្ងៃ និងសម្រាប់សាធារណជនដែលមានលុយអាចទិញបាន ។តែសម្រាប់ធនាគារអេស៊ីលីដាបានផ្ដោតទៅលើប្រជាជនកម្ពុជាជាអាទិភាពជាក់ស្ដែងសិក្ខាសាលា៤វគ្គកន្លងមកគឺសម្រាប់ប្រជាជនកម្ពុជាហើយទើបតែលើកនេះគឺសម្រាប់វិនិយោគិនបរ-ទេស ។
ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដារូបនេះបានបន្ថែមថា ចាប់ពីថ្ងៃទី២៦ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនាអេស៊ីលីដានឹងធ្វើសិក្ខាសាលាលំអិតដើម្បីផ្សព្វផ្សាយដល់សាធារណជនហើយបើតាមគម្រោងនៅថ្ងៃទី៣ និងថ្ងៃទី១០ខែមីនា ឆ្នាំ ២០២០នឹងបង្ហាញកាន់តែលម្អិតបន្ថែមទៀតពីព័ត៌មានបោះផ្សាយ ដែលជាពេលវេលាកាន់តែជិតដល់ថ្ងៃបោះផ្សាយតែម្ដង។
លោកChangMooShinប្រធានសមាគមក្រុមហ៊ុនហិរញ្ញវត្ថុកូរ៉េនៅកម្ពុជាបានមានប្រសាសន៍ផងដែរថាភ្ញៀវដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយរបស់ធនាគារអេស៊ីលីដា ក្នុងថ្ងៃនេះ មកពីក្រុមហ៊ុនហិរញ្ញវត្ថុកូរ៉េនៅកម្ពុជា និងក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសកូរ៉េផ្ទាល់តែម្ដង ។
លោកបន្តថាកូរ៉េជាវិនិយោគិនដែលមានបទពិសោធន៍ក្នុងការវិនិយោគលើវិស័យមូលបត្រ។ដូច្នេះហើយទើបយើងអញ្ជើញពួកគាត់មកកម្ពុជាដើម្បីបានស្វែងយល់ពីសក្ដានុពលវិនិយោគលើវិស័យមូលបត្រ ក្នុងប្រទេសកម្ពុជា ហើយក៏ចង់ផ្ដល់ឱកាសវិនិយោគ ដល់វិនិយោគិនមកពីកូរ៉េ ក្នុងវិស័យហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជាផងដែរ ។
គួរបញ្ជាក់ថាអេស៊ីលីដាជាធនាគារទី១ដែលទទួលបានការអនុញ្ញាតឱ្យបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនៅផ្សារមូលបត្រកម្ពុជា។ប្រជាជននិងវិនិយោគិនក្នុងនិងក្រៅប្រទេសហាក់មានការចាប់អារម្មណ៍និងត្រៀមខ្លួនវិនិយោគជាមួយធនាគារអេស៊ីលីដានៅពេលដែលធនាគារនេះចាប់ផ្ដើមបោះផ្សាយលក់មូលបត្រកកម្មសិទ្ធិជាសាធារណៈជាផ្លូវការ។
ធនាគារអេស៊ីលីដាភីអិលស៊ីគ្រោងនឹងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិឬហៅថាលក់ភាគហ៊ុនលើកដំបូងជាសាធារណៈនៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះបន្ទាប់ពីទទួលបានការយល់ព្រមពីធនាគារជាតិនៃកម្ពុជាកាលពីចុងខែវិច្ឆិកាឆ្នាំ២៩០១៩។ធនាគារនៅរង់ចាំការយល់ព្រមពីគណៈកម្មការមូលបត្រកម្ពុជាមួយទៀត នឹងអាចបោះផ្សាយលក់មូលបត្រកម្មសិទ្ធិបាន។
ការផ្សព្វផ្សាយស្តីពីការជួញដូរភាគហ៊ុនដល់វិនិយោគិនដែលមានសក្តានុពលនៅកម្ពុជាគឺដើម្បីឲ្យពួកគេទទួលបានចំណេះដឹងច្បាស់លាស់ទាក់ទិននឹងហានិភ័យនិងអត្ថប្រយោជន៍នៃការជួញដូរផ្សារហ៊ុននេះមុននឹងធ្វើការសម្រេចចិត្តបើកគណនីជូញដូរជាមួយធនាគារអេស៊ីលីដា៕S/