Home ព័ត៌មានអន្តរជាតិ អ្នកដំណើរ​វ័យ...

អ្នកដំណើរ​វ័យចាស់​២​នាក់​នៃ​នាវា​ផ្ទុក​កូរ៉ូណា​វីរុស​នៅ​ជប៉ុនបាន​ស្លាប់​

​អ្នកដំណើរ​២​នាក់​នៃ​នាវា​រង​ការវាយប្រហារ​ដោយ​កូរ៉ូណា​វីរុសដែល​ត្រូវ​ជប៉ុន​ធ្វើ​ចត្តា​ឡី​ស័ក បាន​ស្លាប់ នេះ​បើ​តាម​ការផ្សាយ​របស់​ទូ​រ​ទស្សន៍​NHK​កាលពី​ថ្ងៃ​​ព្រហស្បតិ៍​ទី​២០​កុម្ភៈ នៅពេល​អ្នកដំណើរ​ក្រុមទី​២​បាន​ចាកចេញ​ពី​នាវា នៅ​២​សប្តាហ៍​ក្រោយពួកគេ​ត្រូវបាន​បង្ខាំង​នៅ​ក្នុង​នាវា​អស់​ពេល​១៤​ថ្ងៃ​។​

​អ្នកដំណើរ​ជាង​៦២០​នាក់​ បាន​ឆ្លង​វីរុស​នៅលើ​នាវា​ទេសចរណ៍ Diamond Princessដែលដឹក​មនុស្ស​ប្រមាណ​៣.៧០០​នាក់​​។​

NHK​ដែល​ផ្សាយ​តាម​ប្រភព​ព័ត៌មាន​រដ្ឋាភិបាល បាន​និយាយថា អ្នកដំណើរ​រងគ្រោះ​ដល់​ជីវិត​ជា​បុរស​និង​ស្ត្រី​ជប៉ុន វ័យ​៨០​ឆ្នាំ​ផ្លាយ​។​

​ការឆ្លង​រាលដាល​ភ្លាមៗ​ពេញ​មួយ​នានាបែបនេះ បាន​បង្ក​ការរិះគន់​លើ​អាជ្ញាធរនៅ​ពេល​តែ​ប៉ុន្មាន​ខែ​មុនទី​ក្រុង​តូ​ក្យូ​ទទួល​រៀបចំ​ការប្រកួត​កីឡា​អូឡាំពិក​រដូវក្តៅ​។​

​នៅក្នុង​សភា រដ្ឋ​មន្ត្រី​សុខាភិបាល​ជប៉ុន លោក​កាតស៊ូ​ណូ​បូ កា​តុ កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានព្យាយាម​ការពារ​ចម្លើយ​តប​របស់​ជប៉ុន​ដោយ​លោក​បាន​ប្រាប់​សមាជិកសភា​​ថា​ពួក​មន្ត្រី​ធ្វើ​តាម​ការណែនាំ​របស់​អ្នកជំនាញការ​និង​បាន​ឆ្លើយតប​នឹង​បញ្ហា​ឈរ​លើ​ការវិវត្តន៍​ប្រចាំថ្ងៃ​។​

​ក្នុង​ចំណាត់ការ​ដើម្បី​ធានាដល់​សាធារណជន ក្រសួង​សុខាភិបាល​ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​បញ្ជាក់​ថា អ្នកដំណើរ​ទាំងអស់​តំរូវ​អោយ​ស្ថិត​នៅ​តែ​ក្នុង​​បន្ទប់​ក្នុង​នាវា​ចាប់តាំងពី​ថ្ងៃ​០៥​កុម្ភៈ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជម្ងឺ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ អ្នកដំណើរ​ប្រមាណ​៥០០​នាក់​បាន​ចាកចេញ​ពី​នាវា​ហើយ​មនុស្ស​ប្រមាណ​១០០​នាក់​ទៀត​ត្រូវ​ចេញ​ដំណើរ​តាម​យន្តហោះ​ឈ្នួល​មួយ​ត្រឡប់​ទៅ​​កាន់​ប្រទេស​របស់​គេ​វិញ​។​

​អ្នកដំណើរ​ក្រុម​ដំបូង​បាន​ចេញពី​នាវា​នេះ កាលពី​ថ្ងៃ​ពុធ បន្ទាប់​ពី​ការ​ធ្វើ​តេស្ត​មិនឃើញ​វីរុស​ឬ​ចេញ​រោគសញ្ញា​ ហើយ​អ្នក​ដែល​នៅ​បន្ទប់​ជាមួយ​អ្នក​មានកើត​កូរ៉ូណា​វីរុស ត្រូវធ្វើ​ចត្តា​ឡីស័​ក​បន្ថែមទៀត តែ​ក្រសួង​មិន​អាច​បញ្ជាក់​ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​បន្ត​នៅក្នុង​នាវា​នេះ​។​

​អ្នកដំណើរ​អូស្ត្រាលី​ប្រមាណ​១៥០​នាក់​បាន​ទៅ​ដល់​ស្រុក​ក្រោយ​ការចេញដំណើរ​មុន​ព្រឹក​ព្រលឹម​ថ្ងៃ​២០​កុម្ភៈ ហើយ​ពួកគេ​ប្រឈម​ការ​ដាក់​នៅ​ដាច់​ពី​គេ​១៤​ថ្ងៃ​ទៀត​​នៅឯ​អូស្ត្រាលី​។​អ្នកដំណើរ​ហុងកុង​ក៏​បាន​វិល​ទៅផ្ទះ នៅពេល​អ្នកដំណើរ​កាណាដា​និង​អង់គ្លេស ត្រូវ​ចេញដំណើរ​នៅ​ថ្ងៃ​សុក្រ​។​

​អាម៉េរិក​បាន​បញ្ជូន​ព​ល​រដ្ឋ​ខ្លួន​ជាង​៣០០​នាក់​ទៅ​ដល់​ស្រុក​តាម​យន្តហោះ​២ តែ​នៅសល់​ជនជាតិ​អាម៉េរិក​៤៥​នាក់​ទៀត​នៅ​លើ​នាវា​នេះ​ខ​ណៈ​ឥណ្ឌូនេស៊ី​កំពុង​​ពិចារណា​ថា​តើ​ត្រូវ​នាំ​ពលរដ្ឋ​ខ្លួន​ចេញពី​នាវា​តាម​យន្តហោះ​ឬ​នាវា​៕​ប្រែ​សម្រួល​៖​វាសនា​

នាវា​Diamond Princess ត្រូវ​ជប៉ុន​ធ្វើ​ចត្តា​ឡី​ស័ក តាំងពី​ថ្ងៃ​០៥​កុម្ភៈ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជម្ងឺ​តែ​ពេល​នេះ​អ្នកដំណើរ​ចាប់ផ្តើ​ចាកចេញ​និង​វិល​ទៅ​​ស្រុក​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular