ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖មិនត្រឹមតែជាបុគ្គលដែលមានចិត្តសប្បុរសជួយដល់អ្នកទីទ័លក្រ និងចាស់ជារាគ្មានទីពឹង និងកុមារកំព្រា ប៉ុណ្ណោះទេ លោក ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ក៏ជាអ្នកគិតគូដល់សុខភាពប្រជាជនទូទៅផងដែរ ជាក់ស្តែង លោកបានប្រកាសថា និងបើកផ្សារលក់បន្លែ ដែលគ្មានជាតិគីមី និងទទួលទិញពីកសិករ ណាដែលបានដាំដុះដំណាំដោយប្រើជីធម្មជាតិ។

តាម​ការ​បញ្ជាក់​ពី​លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បច្ចុប្បន្ន​នេះ​​ក្រុម​​ការងារ​​​លើ​ជំនាញ​កសិកម្ម របស់​លោក​ឧកញ៉ា រួម​ទាំង​លោក​ឧកញ៉ា​ផង​ដែរ​នោះ ​បាន​ចុះ​ទៅ​ដល់ ស្ទើរ​គ្រប់​ខេត្ត​ក្រុង​ដែល​មាន​ការ​ដាំដុះ​បន្លែ​ផ្លែ​ឈើ​ធម្មជាតិ ក្នុង​នោះ​ដែរ​បាន​ចង​ក្រង​ជា ភ្នាក់ងារ​ដាំ​បន្លែ​ផ្លែ​ឈើ​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹម​ត្រូវ សម្រាប់​ផ្គត់ផ្គង់​មក​ផ្សារ​របស់​លោក ដោយ​ខាង​ក្រុមហ៊ុន នឹង​ចាំ​ទទួល​ទិញ​កសិផល​​របស់​ពួក​គាត់ យក​មក​លក់​បន្ត ​នៅ​តម្លៃ​ដែល​ពួក​គាត់​អាច​ទទួល​យក​បាន។

ទន្ទឹម​គ្នា​នោះ​ដែរ បន្លែ​ផ្លែ​ឈើ​ក៏​ដូច​ជា ត្រី​សាច់ ដែល​បងប្អូន​កសិករ​ផលិត​មក​នោះ សុទ្ធតែ​ត្រូវ​​បាន​ធ្វើតេស្ត​ជា​មុន​សិន បញ្ជាក់​ថា គ្មាន​ជាតិ​គីមី ទើប​អាច​យក​មក​ដាក់​លក់​ក្នុង​ផ្សារ​បាន។” ផ្សារ​យើង​​ធ្វើ​ខុស​គេ យើង​​លក់​តែ​កសិផល​ធម្មជាតិ​ខ្មែរ​ទេ ផលិតផល​​នាំ​ចូល​ពី​ក្រៅ​ប្រទេស​អត់​ទទួល​លក់​ទេ មុន​ដាក់​លក់​យើង​សុទ្ធតែ ធ្វើតេស្ត​ជា​មុន​សិន បញ្ជាក់​ថា គ្មាន​ជាតិ​គីមី ទើប​អាច​យក​មក​ដាក់​លក់​ក្នុង​ផ្សារ​បាន ហើយ​បើ​ក្រុម​កសិករ​ជា​មួយ​ណា ដាំ​យក​មក​លក់​ឲ្យ​យើង ពិនិត្យ​ឃើញ​មាន​ជាតិ​គីមី យើង​ឈប់​ទទួល​ទិញ​​ពី​ពួក​គាត់​យក​មក​លក់​ហើយ យើង​គិត​លើ​សុខភាព​ជា​ធំ” ឧកញ៉ា ឡេង ណាវ៉ាត្រា ថ្លែង​បញ្ជាក់។

តាម​ផែន​ការ “ផ្សារ​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា” មិន​មែន​ធ្វើ​តែ​១​ទីតាំង ឬ ២​ទីតាំង​ឡើយ​ផ្សារ​មួយ​នេះ គ្រោង​ពង្រីក​រហូត​ដល់​ទៅ​២៥០​ សាខា​ទូទាំង​ប្រទេស​ឯណោះ ដែល​ជំហ៊ាន​ដំបូង គឺ​សម្រុក​ធ្វើ​នៅ​ភ្នំពេញ នឹង ខេត្ត សៀមរាប ក្នុង​នោះ​ស្ទើរ​គ្រប់ បុរី ក៏​ដូច​ជា ទីប្រជុំជន​ធំៗ នឹង​មាន​វត្តមាន “ផ្សារ​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា” គ្រប់​ទីកន្លែង នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​​ពី​លោក ឧកញ៉ា៕