អង្គការសហប្រជាជាតិបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យជួយក្រុមប្រទេសអាហ្វ្រិកខាងកើតនិងនិងអាស៊ីខាងលិច ជាទីដែលហ្វូងសត្វកណ្តូបដ៏បំផ្លិចបំផ្លាញ បន្តស៊ីបំផ្លិចបំផ្លាញដំណាំនិងគំរាមកំហែងដល់សុវត្ថិភាពស្បៀងអាហារនៅក្នុងតំបន់នោះ។
អង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិ(FAO) បានបញ្ជាក់ថាប្រទេសអេត្យូពី សូម៉ាលី កេនយ៉ា តង់សានីនិងអ៊ូហ្គង់ដាបានរងផលប៉ះពាល់ខ្លាំងបំផុតពីហ្វូងសត្វកណ្តូបវាលខ្សាច់ដែលបង្កការគំរាមកំហែងគួរឱ្យព្រួយបារម្ភខ្លាំងនិងមិនធ្លាប់មានពីមុនមកដល់សន្តិសុខស្បៀងអាហារនិងការរស់នៅរបស់ប្រជាជនចំនួន១៣លាននាក់។
អ្នកស្រាវជ្រាវខ្លះបានភ្ជាប់បញ្ហានេះទៅនឹងការប្រែប្រួលអាកាសធាតុដែលបាននាំមកនូវការអូសបន្លាយយូរនៃអាកាសធាតុសើមខុសពីធម្មតានៅអាហ្វ្រិកខាងកើត។ ហ្វូងសត្វកណ្តូបជាធម្មតាកើតច្រើនបន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ចំពេលមានការរីកដុះដាលបន្លែនិងផលដំណាំផ្សេងៗទៀតនៅតំបន់ទីជម្រករបស់ពួកវាដែលជាធម្មតាមានភាពរាំងស្ងួតនោះ។
កាលពីដើមខែកុម្ភៈ ប្រទេសប៉ាគីស្ថានក៏បានប្រកាសអាសន្នថ្នាក់ជាតិជុំវិញបញ្ហាដូចគ្នានេះដែរ។ហ្វូងសត្វកណ្តូបជាច្រើនបានហើរមកតំបន់បណ្តោយព្រំដែនរបស់ប្រទេសនេះជាមួយប្រទេសឥណ្ឌានិងធ្វើឱ្យខូចខាតផលដំណាំរាប់រយហិចតា។
ក្រុមអ្នកជំនាញបានព្យាករណ៍អំពីការរាតត្បាតកាន់តែធំនៅខែមិថុនាឆ្នាំនេះដោយព្រមានអំពីស្ថានភាពកាន់តែយ៉ាប់យ៉ឺនថែមទៀតព្រោះវាជារដូវសំខាន់សម្រាប់ពួកអ្នកចិញ្ចឹមគោក្របីនិងនិងកសិករនៅទូទាំងតំបន់អាហ្វ្រិកខាងកើតនេះ៕ប្រែសម្រួល៖សុខា/sn

ហ្វូងកណ្តូបវាយប្រហារអាហ្វ្រិក ឥឡូវរាលចូលអាស៊ីខាងត្បូងហើយ