ករណី​រត់​ការយក​តំណែង​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​រាលដាល​ដល់​មេបញ្ជាការរង​ប៉េអឹម​ក្រុង​ម្នាក់​និង​អភិបាលរង​ខណ្ឌមានជ័យ​ម្នាក់

270
ចែករម្លែក

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​លោក​មេបញ្ជាការរង​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ម្នាក់​និង​លោក​អភិបាលរង​ខណ្ឌមានជ័យ​ម្នាក់​ព្រមទាំង​គូកន​ម្នាក់ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ឆបោក​តាម​រូបភាព​រត់ការ​យក​តំណែង​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​ត្រូវ​អតីតមន្ត្រី​ជាន់ខ្ពស់​ម្នាក់​ប្ដឹងទៅ​តុលាការ​កាលពី​ថ្ងៃទី​៣​ខែមករា​ឆ្នាំ​២០២០​កន្លងទៅ​។​មន្ត្រី​២​រូបនេះ​មានឈ្មោះ​ឌី​រ័ត្ន​ខេ​ម​រុណ​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​ជា​អភិបាលរង​ខណ្ឌមានជ័យ​និង​ឈ្មោះ​ខេន​សុវណ្ណ​ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ​ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។​ចំណែក​គូកន​ម្នាក់ទៀត​ឈ្មោះ​លី​សុជាតិ​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​។​

​ចំពោះ​អង្គ​ហេតុដែល​ផ្ដើម​ឱ្យមាន​ពាក្យបណ្ដឹង​នេះ​ត្រូវបាន​ប្រភព​ព័​តិ​មាន​ទំលាយ​ឱ្យដឹងថា​កាលពី​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០១៨​កន្លងទៅ​ឈ្មោះ​លី​សុជាតិ​ឈ្មោះ​ខេន​សុវណ្ណ​និង​ឈ្មោះ​ឌី​រ័ត្ន​ខេ​ម​រុណ​បាន​ណាត់​ជនរងគ្រោះ​ឱ្យទៅ​ជួប​នៅ​ភោជនីយ៍ដ្ឋាន​នាគ​ក្រហម​ទល់មុខ​ទីស្នាក់ការ​កាកបាទក្រហម​កម្ពុជា​។​ដើម្បី​និយាយ​ធានា​រឿង​រត់​ការឡើង​តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​ក្នុងតម្លៃ​៣០​ម៉ឺន​ដុល្លារ​អាមេរិក​។
​បន្ទាប់ពី​និយាយ​ត្រូវ​គ្នា​គ្រប់​ល័ក្ខខ័ណ្ឌ​រួចមក​ឈ្មោះ​ខេន​សុវណ្ណ​និង​ឈ្មោះ​ឌី​រ័ត្ន​ខេ​ម​រុណ​បានឱ្យ​ឈ្មោះ​លី​សុជាតិ​ទៅ​ទទួល​ប្រាក់​ពី​ជនរងគ្រោះ​ចំនួន​១២​ម៉ឺន​ដុល្លារ​នៅ​ធនាគារ​FTB​ក្បែរ​ផ្សារ​ធំថ្មី​។​ក្នុង​នោះបាន​តម្រូវឱ្យ​ជនរងគ្រោះ​ដាក់​ប្លង់ដី​និង​ប្លង់​ផ្ទះ​ចំនួន​៣​កន្លែង​យកទៅ​ទុក​នៅ​ឈ្មោះ​ឌី​រ័ត្ន​ខេ​ម​រុណ​ជា​ប្រាក់​កក់​មុន និង​ជា​ទ្រព្យ​ធានា​បន្ថែម ។​

​លុះដល់​ថ្ងៃទី​២២​ខែ​មិនា​ឆ្នាំ​២០១៩​ឈ្មោះ​ខេន​សុវណ្ណ​ក៏បាន​ឱ្យ​ជនរងគ្រោះ​យកប្រាក់​សុទ្ធ​ចំនួន​៤​ម៉ឺន​ដុល្លារ​និង​បាន​តម្រូវឱ្យ​ជនរងគ្រោះ​តម្កល់​សែក​មួយ​សន្លឹក​ទៀត​រប​ស់ធ​នាគារ​FTB​មាន​ទឹកប្រាក់​ចំនួន​១៤​ម៉ឺន​ដុល្លារ​មកឱ្យ​ខ្លួន​នៅ​ចំណុច​ភោជនីយ៍ដ្ឋាន​នាគ​ក្រហម​។​ដើម្បីឱ្យ​គ្រប់​ចំនួន​៣០​ម៉ឺន​ដុល្លារ​អាមេរិក​ដែល​បាន​ព្រមព្រៀងគ្នា​កន្លងមក​។​ដូច្នេះ​ទឹកប្រាក់​សុទ្ធ​ដែល​អ្នក​ទាំង​៣​បានទទួល​ពី​ជនរងគ្រោះ​ចំនួន​១៦​ម៉ឺន​ដុល្លារ​អាមេរិក ។
​ក្រោយមក​ដោយសារ​ការ​រត់ការ​មិនបាន​សម្រេច​ឈ្មោះ​ខេន​សុវណ្ណ​ក៏បាន​ទាក់ទង​ឈ្មោះ​ឌី​រ័ត្ន​ខេ​ម​រុណ​ឱ្យ​យក​ប្លង់ដី​ប្លង់​ផ្ទះ​ចំនួន​៣​ប្លង់​ដែល​កក់​ទុក​យកមក​ប្រគល់ឱ្យ​ជនរងគ្រោះ​វិញ​នៅ​ចំណុច​ភោជនីយ៍ដ្ឋាន​ដាវ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង ខណ្ឌ​បឹង​កេងកង ។

​បន្ទាប់មក​ឈ្មោះ​ខេន​សុវណ្ណ​និង​ឌី​រ័ត្ន​ខេ​ម​រុណ​ក៏បាន​ឱ្យឈ្មោះ​លី​សុជាតិ​យកប្រាក់​ចំនួន​៧​ម៉ឺន​ដុល្លារ​ទៅ​ប្រគល់ឱ្យ​ជនរងគ្រោះ​វិញ​ផងដែរ​នៅសល់​៩​ម៉ឺន​ដុល្លារ​ទៀត​អ្នក​ទាំង​៣​បាន​ប្រើល្បិច​ភូតកុហក​ជនរងគ្រោះ​ថា​ប្រាក់​ដែល​នៅសល់​ឱ្យទៅ​អ្នកនេះ​អ្នកនោះ​។​រហូតមក​ទើប​ដល់​ថ្ងៃទី​៣​មករា​ឆ្នាំ​២០២០​ជនរងគ្រោះ​ក៏បាន​ដាក់ពាក្យ​ប្ដឹង​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាមច្បាប់​។​

​ក្រោយ​ការសាកសួរ​ដើមបណ្តឹង​និង​ជនសង្ស័យ​ជា​បន្តបន្ទាប់​រួចហើយ​នៅ​ថ្ងៃទី​៧​ខែកុម្ភៈ​ឆ្នាំ​២០២០​លោក​សាយ​ណូ​រ៉ា​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ចោទប្រកាន់​ឈ្មោះ​ឌី រ័ត្ន​ខេ​ម​រុណ​និង​ឈ្មោះ ខេន​សុវណ្ណ​ពីបទ​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស​និង​ចោទប្រកាន់​ឈ្មោះ​លី សុជាតិ​ពីបទ​ឆបោក​រួច​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​ឲ្យ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ