ដោយ៖ឆាយានាថ/ភ្នំពេញ៖កាលពីរសៀលថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២០នេះនាងវ៉ែនរចនាហៅថៃស្រីនាងអ្នកលក់ផលិតផលតាមអនឡាញមិនគិតពីកេរ្តិ៍ខ្មាសត្រូវនគរបាលខណ្ឌទួលគោកបញ្ជូនទៅតុលាការពាក់ព័ន្ធបទល្មើសផុសរូបភាព និង សម្ភារៈអាសអាភាស យោងតាមមាត្រា៣៨និងមាត្រា៣៩ ច្បាប់ស្តីពីការប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដែលជាប់ទោសចាប់ពី ១ខែដល់១ឆ្នាំ។

កាលពីទី១៨ ខែកុម្ភ: ឆ្នាំ២០២០ ថៃ ស្រីនាង ត្រូវបានសមត្ថកិច្ច នាំខ្លួនយកមកធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាចំពោះកំហុសឆ្គងដែលគាត់បានផុសរូបភាពនិងវីដេអូខ្លីបដែលធ្វើឱ្យប៉ះពាល់ដល់ទំនៀមទម្លាប់ប្រពៃណី។ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ស្ត្រីខ្មែរនិងបានយល់ព្រមថតជាវីដេអូដើម្បីសុំទោសជាសាធារណ:នូវកំហុសរបស់គាត់ ។

បន្ទាប់ពីធ្វើកិច្ចសន្យានិងសារភាពកំហុសរួចនៅវេលាម៉ោង១១៖៣០នាទីក៏បានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ស្រាប់តែម៉ោង២៖៣៥នាទីរសៀលថ្ងៃដដែលថៃស្រីនាងនៅតែមិនរាងចាលថែមទាំងផុសរូបអាក្រាតកាយ ដែលស្លៀកតែខោលីអូ ។
ដោយមានការឯកភាពយល់ព្រមពីលោក គុជគីមឡុងព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង៤៖២០នាទីល្ងាចថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២០សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះទៅនាំខ្លួន ថៃ ស្រីនាង ម្តងទៀត ដើម្បីរៀបចំសំណុំឯកសារបញ្ជូនបន្តទៅតុលាការ និងអនុវត្តតាមនីតិវិធីច្បាប់៕S/
