ដោយៈចាន់តូ/ភ្នំពេញ៖រដ្ឋបាលខណ្ឌដង្កោបានប្រគល់រ៉ឺម៉កម៉ូតូដឹកសំរាមដល់សាលាសង្កាត់ទាំង១២ ដើម្បីបម្រើសេវាដឹកសំរាមនៅក្នុងមូលដ្ឋានសង្កាត់និមួយៗឱ្យបានទាន់ពេលវេលា។ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ពិធីប្រគល់ដល់សង្កាត់ទាំង១២បានប្រព្រឹត្តធ្វើឡើងក្រោមវត្តមានលោកស្រីគឹមញឹបអភិបាលខណ្ឌដង្កោអភិបាលរងនិងលោកនាយករដ្ឋបាលខណ្ឌព្រមទាំងអស់លោក-លោកស្រីមន្ត្រីក្រោមឱវាទសាលាខណ្ឌកាលពីព្រឹកថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២០។
លោកស្រីគឹមញឹបអភិបាលខណ្ឌដង្កោបានណែនាំដល់មន្ត្រីសង្កាត់និមួយៗដែលមកទទួលយកម៉ូតូដឹកសំរាមគឺត្រូវចូលរួមទាំងអស់គ្នាក្នុងការបម្រើសេវាប្រមូលសំរាមឱ្យទាន់ពេលវេលាក្នុងគោលបំណងសម្អាតបរិស្ថានក្នុងមូលដ្ឋានសង្កាត់។
ព្រោះថានៅក្នុងភូមិខ្លះរថយន្តដឹកសំរាមក្រុមហ៊ុនស៊ីនទ្រីមិនបានទៅដល់នោះទេ។ហេតុដូច្នេះអាជ្ញាធរសង្កាត់ត្រូវជិះម៉ូតូដឹកសំរាមនេះចូលមើលតាមខ្នងផ្ទះរបស់ពលរដ្ឋនិងណែនាំបងប្អូនពលរដ្ឋកុំឱ្យបោះចោលសំរាមពាសវាលពាសកាលឬដាក់សំរាមតាមមាត់លូអាចនឹងស្ទះលូ។
លោកស្រីអភិបាលខណ្ឌដង្កោក៏បានណែនាំផងដែរ ចំពោះការប្រើប្រាស់ម៉ូតូដឹកសំរាមនេះត្រូវ ចេះថែរក្សាឱ្យបានគង់វង់កុំឱ្យបាត់បង់និងត្រូវថែទាំប្តូរប្រេងម៉ាស៊ីនត្រូវសម្អាតលាងម៉ូតូដឹកសំរាមឱ្យបានស្អាតក្រោយយើងដឹកប្រមូលសំរាមទៅចាក់ចោលនៅទីលានសំរាម៕S/