ដោយៈ​គ្រញូង​/​បាត់ដំបង​៖​កាលពី​រសៀល​ថ្ងៃទី​១៩​ខែកុម្ភៈ​ឆ្នាំ​២០២០​ស្ថិតនៅ​ចំណុច​ភូមិ​ដង្គត់​ឃុំ​ស្តៅ​ស្រុក​រតនមណ្ឌល​ខេត្តបាត់ដំបង​មានការ​ភ្ញាក់ផ្អើល​ដោយ​ភ្លើង​ឆេះ​ព្រៃ​រាល​ទៅ​ឆេះ​ដំណាំ​ស្វាយកែវ​ល្មៀត​ចំនួន​២០០​ដើម​និង​ទុយោ​ទឹក​មួយចំនួន​។​

​លោក​គឹម​ប៊ុនធឿន​នាយការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះបាន​ឱ្យដឹងថា​ករណី​អគ្គិភ័យ​ឆេះ​ដំណាំ​ស្វាយ​នេះ​ដំបូង​ឡើយ​ផ្តើមចេញពី​ភ្លើង​ឆេះ​ព្រៃ​។​លុះ​ក្រោយមក​ក៏បាន​ឆេះ​រាលដាល​ជា​បន្តបន្ទាប់​រហូត​ចូលដល់​ចម្ការ​ស្វាយ​បណ្ដាល​ឆេះ​អស់​ដើម​ខ​ស្វាយ​ចំនួន​២០០​ដើម​និង​ទុយោ​ទឹក​មួយចំនួន​សម្រាប់​ស្រោច​ដើម​ស្វាយ​។​

​លោកនាយ​ការិយាល័យ​បាន​បន្តថា​ម្ចាស់​ចម្ការ​ស្វាយ​មានឈ្មោះ​ថង​បូរ៉ា​ភេទ​ប្រុស​អាយុ​៥៩​ឆ្នាំ​រស់នៅ​ចំណុចកើតហេតុ​ខាងលើ​។​លោក​គឹម​ប៊ុនធឿន​បាន​បញ្ជាក់ថា​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នោះ​កម្លាំង​នៃ​នគរបាល​ស្រុក​បាន​ចុះ​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​និង​ប្រជាពលរដ្ឋ​បាន​នាំ​គ្មា​ចេញ​អន្តរាគមន៍​ពន្លត់​ដោយ​បានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១​គ្រឿង​បាញ់​ពន្លត់​ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​១​រថយន្ត​ទើប​រលត់ទៅវិញ​។​
មន្ត្រីនគរបាល​ខេត្តបាត់ដំបង​បានឱ្យដឹងថា​រយៈពេល​ជិត​ពីរ​ខែ​ដើមឆ្នាំ​២០២០​នេះ​ស្រុក​រតនៈមណ្ឌល​ជួប​គ្រោះ​អគ្គិភ័យ​កើតមាន​ចំនួន​៤​លើក​និង​បង្ក​ឱ្យ​ប៉ះពាល់​ខូចខាត​មាន​៖-​ឆេះ​ផ្ទះ​អស់​ចំនួន​១​ខ្នង​-​ម៉ូតូ​ចំនួន​១​គ្រឿង​-​ម៉ាស៊ីន​កាត់ឈើ​ចំនួន​១​គ្រឿង​-​ស្វាយកែវ​ល្មៀត​ចំនួន​៣៥០​ដើម​-​មៀន​ចំនួន​២០១​ដើម​-​ស្វាយចន្ទី​ចំនួន​៦​ដើម​និង​ទុយោ​ទឹក​ចំនួន​ជាង​២០០​ដើម​៕S/

​ ​ ​