ដោយៈមុនីរ័ត្ន/ភ្នំពេញៈលទ្ធផលនៃការជ្រើសរើសពលទាហានបំពេញក្របខ័ណ្ឌបញ្ជាការដ្ឋានកងទ័ពជើងគោក នឹងត្រូវប្រកាស នៅថ្ងៃ ទី២១កុម្ភៈស្អែកនេះ។ យោងតាមគណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្តបំពេញក្របខ័ណ្ឌឲ្យកងទ័ពជើងគោក ការប្រកាសលទ្ធផលនឹងត្រូវបិទ នៅតាមបណ្តាទីតាំងមួយចំនួនដូចជានៅការិយាល័យទី១នៃកងទ័ពជើងគោក ដែលស្ថិតនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ, ទីបញ្ជាការយោធភូមិភាគទី១ ដែលស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្ត ស្ទឹងត្រែង , នៅយោធភូមិភាគទី២ដែលស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម, នៅយោធភូមិភាគទី៣ ស្ថិតក្នុង ក្រុងច្បារមន ខេត្តកំពង់ស្ពឺ, នៅទីបញ្ជាការយោធភូមិភាគទី៤ ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប, នៅទីបញ្ជា ការយោធភូមិភាគទី៥ ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង, នៅទីបញ្ជាការយោធភូមិភាគពិសេស ស្ថិតក្នុង ខណ្ឌដង្កោ រាជធានីភ្នំពេញ, នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀម រាប និងនៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
សេចក្ដីជូនដំណឹងបានបញ្ជាក់ទៀតថា សម្រាប់បេក្ខជនដែលត្រូវបានជ្រើសរើសជាប់ជាស្ថាពរ ត្រូវបង្ហាញមុខ ដើម្បីធ្វើការហ្វឹកហ្វឺននៅម៉ោង៧ព្រឹកថ្ងៃទី២៧និង២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមបណ្តាទីតាំង ដែលបានកំណត់ ។
គួររំលឹកថា ការប្រឡងជ្រើសរើសនាយទាហានចូលបំរើក្នុងជួរកងយោធពលខេមរភូមិន្ទបានធ្វើឡើងនៅថ្ងៃ ២២ធ្នូឆ្នាំ២០១៩ ដោយមានបេក្ខជនដាក់ពាក្យប្រឡងប្រមាណ៨ពាន់នាក់ ក្នុងការចម្រាញ់យកចំនួន៦២០នាក់៕សរន

