លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេ​រម​ភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក

ដោយ​: មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេ​រម​ភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ថ្លែងថា គោលដៅ​សំខាន់​ពីរ នៃ​គោលនយោបាយ​ការពារជាតិ​របស់​រាជ​រដ្ឋាភិបាល គឺ​ការធ្វើឱ្យមាន​សន្តិភាព​ស្ថិតស្ថេរ​យូរអង្វែង និង​ការកសាង​ឱកាស​សម្រាប់​ការអភិវឌ្ឍ​ជាតិ​។ ស​ន្ថិ​ភាព ស្ថិរភាព​នយោបាយ និង​ការរីកលូតលាស់​ផ្នែក​សេដ្ឋកិច្ច ដែល​កម្ពុជា​កំពុងមាន​ក្នុងពេល​បច្ចុប្បន្ន កំពុងផ្តល់​នូវ​ឱកាស​ដ៏​ប្រពៃ​សម្រាប់​ការកសាង និង​អភិវឌ្ឍ​សមត្ថភាព​កងយោធពល​ខេមរភូមិន្ទ​។ ដូច្នេះ កងយោធពល​ខេមរភូមិន្ទ​ផ្ទាល់​ត្រូវ​បន្ត​ជំរុញ​ផងដែរ​នូវ​ការកែទម្រង់​របស់ខ្លួន ដើម្បី​ឆ្លើយតប​ឱ្យមាន​ប្រសិទ្ធភាព និង​ដើរ​ទាន់​សន្ទុះ​ថ្មី​នៃ​ស្ថានភាព​អំណោយផល​នេះ​។

​ការ​ថ្លែង​នេះ នៅក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​យោធា សន្តិសុខ ឆ្នាំ​២០១៩ និង​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ការងារ​យោធា សន្តិសុខ ឆ្នាំ​២០២០ របស់​យោធភូមិភាគ​ទី​៣ ខេត្តកំពង់ស្ពឺ ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០​។​

​ក្នុងពេល​នោះដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក៏បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់​របស់​យោធភូមិភាគ​ទី​៣ ក៏ដូចជា​គ្រប់​បណ្តា​កងឯកភាព​ចំណុះ នៅក្នុង​ការបំពេញភារកិច្ច​ថែរក្សា​ការពារ​សុខសន្តិភាព​, ស្ថិរភាព និង​ការការពារ​បូរ​ណ​ទឹកដី ក៏ដូចជា​ការចូលរួម​ចំណែក​នៅក្នុង​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ និង​ការកសាង​ពង្រឹង​អង្គភាព​រឹងមាំ​លើ​គ្រប់​វិស័យ ដែលជា​កិច្ច​ការសំខាន់​នៅក្នុង​ការពង្រឹង​ខឿន​ការពារជាតិ ហើយ​ទោះបីជា​មានការ​លំបាក​ខ្វះខាត និង​បញ្ហា​ប្រឈម​មួយចំនួន ប៉ុន្តែ​បាន​តស៊ូ​ជម្នះ​ដោយ​គំនិត​ច្នៃប្រឌិត និង​មានការ​ចូលរួម​របស់​យោធិន​ទាំងអស់ រហូត​សម្រេចបាន​លទ្ធផល និង​ស្នាដៃ​ការងារ​ល្អប្រសើរ​ជាច្រើន​គួរ​ជាទី​មោទនៈ​។​

ពិធី​បូកសរុប​លទ្ធផល​ការងារ​យោធា សន្តិសុខ ឆ្នាំ​២០១៩ និង​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ការងារ​យោធា សន្តិសុខ ឆ្នាំ​២០២០ របស់​យោធភូមិភាគ​ទី​៣ ខេត្តកំពង់ស្ពឺ ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បន្តថា ពិធី​នេះ គឺជា​ឱកាស​មួយ​ដ៏​សមស្រប​សម្រាប់ធ្វើ​ការពិនិត្យ​, បូកសរុប និង​វាយតម្លៃ​អំពី​សកម្មភាព​អនុវត្ត​ផែនការ​ក្នុង​ឆ្នាំ​ចាស់​កន្លងទៅ ដើម្បី​បន្ត​អនុវត្ត​ទិសដៅ​ឆ្នាំ​ថ្មី ២០២០ តាមរយៈ​ការ​ក្តាប់ជាប់​នូវ​គោល​គំនិត​ដឹកនាំ​, របៀបរបប​ប្រព័ន្ធ​ការងារ​, និង​ការពិភាក្សា​ផ្លាស់ប្តូរ​បទពិសោធន៍ បញ្ហា​ប្រឈម​នានា ដែល​បាន​ជួបប្រទះ សំដៅ​ធានា​សភាពការណ៍​ទិសដៅ​ការងារ ស្របតាម​បទបញ្ជា សេចក្តីណែនាំ​របស់​រាជ​រដ្ឋាភិបាល​, ក្រសួងការពារជាតិ​, អគ្គបញ្ជាការដ្ឋាន និង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ដែល​បាន​ដាក់ចេញ ក៏ដូចជា​ប្រសិទ្ធភាព​ការងារ និង​មូលដ្ឋាន​ការងារ​រយៈពេល​វែង​។

​ជាមួយគ្នានេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត សូម​អរគុណ​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ទាំង ៦ និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​របស់​ខេត្ត នៅក្នុង​ភូមិសាស្ត្រ​យោធភូមិភាគ​ទី​៣ ដែល​ចូលរួម​សហការ និង​គាំទ្រ​ដល់​ការងារ​របស់​កង​យោពល​ខេមរភូមិន្ទ ដោយ​រួម​សហការគ្នា ដើម្បី​បំពេញភារកិច្ច​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ធានា​សន្តិភាព សន្តិសុខ និង​ការអភិវឌ្ឍ​ជាតិ និង​សូម​អំណរគុណ​ចំពោះ​អង្គភាព​សម្ព័ន្ធមេត្រីភាព និង​សប្បុរសជន​នានា ដែល​តែង​បាន​ខិតខំ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ឧបត្ថម្ភ​គាំទ្រ​កងយោធពល​ខេមរភូមិន្ទ ជាពិសេស​នៅក្នុង​ដំណាក់​កាលដែល​ក​ង​យោធពលខេមរភូមិន្ទ កំពុង​ខិតខំ​ពុះពារ​សម្រេច​ឱ្យបាន​នូវ​កំ​ណើ​រការ​កំណែទម្រង់​របស់​ខ្លួន ដើម្បី​កសាង និង​ពង្រឹង​ប្រៀប​ការពារជាតិ​ឱ្យបាន​កាន់តែ​រឹងមាំ ធានាបាន​នូវ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី​៕​សរន​

ពិធី​បូកសរុប​លទ្ធផល​ការងារ​យោធា សន្តិសុខ ឆ្នាំ​២០១៩ និង​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ការងារ​យោធា សន្តិសុខ ឆ្នាំ​២០២០ របស់​យោធភូមិភាគ​ទី​៣ ខេត្តកំពង់ស្ពឺ ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០​។​