ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ស្នងការនគរបាលខេត្តស្ទឹងត្រែង ត្រូវបានផ្លាស់ប្តូរហើយ ដោយដាក់លោកឧត្តមសេនីយ៍ត្រី អូត ស៊ីវុត្ថា ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ជំនួសលោកឧត្តមសេនីយទោ ម៉ៅ តារា ដែលត្រូវដាក់ឲ្យចូលនិវត្តន៍។ នេះបើយោងតាមប្រកាសស្តីពីការ តែងតាំងមុខតំណែង មន្ត្រីនគរបាលជាតិ ដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែលធ្លាក់ដល់ដៃអ្នកកាសែតកាលពីថ្ងៃទី២០ ខែកុម្ភៈ ។
លោកឧត្តមសេនីយទោ ម៉ៅ តារា ក្រោយបញ្ចប់តំណែងពីស្នងការនគរបាលខេត្តស្ទឹងត្រែង ដាក់ឲ្យចូលនិវត្តន៍តាមព្រះរាជក្រឹត្យកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ។
អគ្គស្នងការរងនគរបាលជាតិចំនួនបួនរូបនិងស្នងការនគរបាលខេត្តម្នាក់ ត្រូវបានដាក់ឲ្យចូលនិវត្តន៍។ យោងតាមព្រះរាជក្រឹត្យ នាយឧត្តមសេនីយ៍ចំនួន៥រូប ដែលដាក់ឲ្យចូលនិវត្តន៍មានដូចជាៈ មួយ.នាយឧត្តមសេនីយ៍ ថោង លឹម អត្តលេខ០០៤៨ ។ ពីរ.នាយឧត្តមសេនីយ៍ ដាំ វុទ្ធី អត្តលេខ ៦៧១៦៩។ បី.នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ អត្តលេខ ០៥០៧។បួន.ឧត្តមសេនីយ៍ សេក ភូមី អត្តលេខ ០២៩៨ និងប្រាំ.ឧត្តមសេនីយ៍ទោ ម៉ៅ តារា អត្តលេខ ០៦៣៦ ៕សរន/Ha