ដោយគូលែន/សៀមរាប:កាលពីព្រឹកថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២០ក្រុមការងារចម្រុះនៃរដ្ឋបាលខេត្តសៀមរាបសហការជាមួយអង្គភាពនិយ័តករទូរគមនាគមកម្ពុជានិងប្រតិបត្តករទូរគមនាគមន៍នានាក្នុងខេត្ត ដឹកនាំដោយលោកស្រីយូសុភាអភិបាលរងខេត្តសៀមរាបបានបន្តចុះអនុវត្តក្នុងការកាត់ខ្សែកាបអាកាស មកប្រើខ្សែកាបអុបទិកក្រោមដីវិញ ក្នុងជំហានទី២ ។
ក្នុងការកាត់ខ្សែកាបអាកាស មកប្រើខ្សែកាបអុបទិកក្រោមដីវិញ បានធ្វើឡើងនៅលើកំណាត់ផ្លូវទី១៣ តាមបណ្តោយផ្លូវវត្តបូព៌ចាប់ពីចំណុចស្ថានីយសាំងតូតាលរហូតដល់ស្តុបកោះកេរនិងបន្តទៅទល់នឹងស្ពានវត្តពោធិលង្កា ដែលមានសម្ងាយប្រវែង ៣.២០០ម៉ែត្រ ដោយគិតទាំងសងខាងផ្លូវ ។
លោកស្រីយូសុភាអភិបាលរងខេត្តសៀមរាបមានប្រសាសន៍ថានេះមិនមែនជាលើកទី១ទេដែលក្រុមការងារចម្រុះរដ្ឋបាលខេត្ត ចុះមកកាត់ទម្លាក់ខ្សែកាបអាកាសគ្រប់ប្រភេទនៅតាមដងផ្លូវសាធារណៈ ។ក្នុងបំណងកែលំអសោភ័ណភាពក្រុងសៀមរាបរបស់យើង។ដើម្បីរក្សាបាននូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវ ហើយសម្រាប់ការកាត់ខ្សែកាបអាកាស មកប្រើ។
លោកស្រីយូសុភាបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅអមសងខាងតាមបណ្តោយផ្លូវនិងអ្នកដែលកំពុងប្រើប្រាស់បណ្តាញខ្សែកាបនានា សូមមេត្តាអធ្យា ស្រ័យនិងយោគយល់ ព្រោះការកាត់ទម្លាក់ខ្សែកាបអាកាសនេះអាចនឹងមានការរអាក់រអួលដល់ការប្រើប្រាស់នៅពេលក្រុមការងារអនុវត្តតាមគម្រោងផែនការ។
ពេលបញ្ចប់ការងារប្រតិបត្តិករនៃបណ្តាក្រុមហ៊ុនខ្សែកាបនានានឹងភ្ជាប់ប្រព័ន្ឋប្រើប្រាស់ក្រោមដីជូនបងប្អូនវិញជាពិសេសសូមឱ្យអាជ្ញាធរមូលដ្ឋានភូមិសង្កាត់សហការសម្របសម្រួលជាមួយក្រុមការងារនិងផ្សព្វផ្សាយជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋឱ្យពួកគាត់ជ្រាបពីសកម្មភាពការងារដើម្បីការពារពីហានិភ័យកើតឡើងជាយថាហេតុនៅពេលក្រុមការងារកំពុងបំពេញភារកិច្ច ។
លោកសុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តសៀមរាប មានប្រសាសន៍ថា នេះជាជំហានទី២សម្រាប់ការកាត់ខ្សែកាបអាកាសតាមផ្លូវសាធារណៈដែលមាន១២ផ្លូវដោយចាប់ផ្តើមអនុវត្តនៅថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២០នឹងគ្រោងបញ្ចប់នៅដំណាច់ខែកុម្ភៈឆ្នាំ២០២១ខណៈជំហានទី១យើងបានចាប់ផ្ដើមអនុវត្តពីថ្ងៃទី១៦ខែសីហាឆ្នាំ២០១៨ហើយបានបញ្ចប់នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ដោយសម្រេចបាន ១១ផ្លូវ មានប្រវែងសរុប ៦៣.៣០៥ម៉ែត្រ ៕S/