សំណួរ​សម្តេច​ក្រឡាហោម​សួរ​អភិបាលខេត្ត​បន្ទាយមានជ័យ​ក្នុង​សន្និបាត​ទំនង​សំដៅ​ក្រុមប្រឹក្សា​ស្តារ​និង​អភិវឌ្ឍន៍​កសិកម្ម​និង​ជនបទ​ទេ​!

421
ចែករម្លែក

ដោយ ៖ ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: សំណួរ​ដែល​សម្តេច​ក្រឡា​ហោម​ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដែល​ចង់​សួរ​ទៅ​លោក​អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​ក្នុង​សន្និបាត​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​១៩​ខែកុម្ភៈ​ឆ្នាំ​២០២០ ថា​មាន​ក្រុមប្រឹក្សា​១ លួច​យក​ដី​រដ្ឋ​១​ពាន់​ហិកតា​នោះ ទំនង​សំដៅលើ​មនុស្ស​ខ្លះ​នៅ​ក្រុមប្រឹក្សា​ស្តារ​និង​ភិ​វឌ្ឍន៍​កសិកម្ម​និង​ជនបទ​ទៅវិញ​ទេ​។ ពោល​គឹ​មិន​សំដៅលើ​ក្រុមប្រឹក្សា​ខេត្ត ស្រុក​ក្រុង​នៅ​ខេត្ត​នេះឡើយ​។​

​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​ប្រាប់​កាសែត​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ កាលពី​ល្ងាច​ថ្ងៃទី​២០​ខែកុម្ភៈ​ថា ៖ ខាង​ក្រុមប្រឹក្សា​ខេត្ត ស្រុក​ក្រុង​នៅ​ខេត្តបន្ទាយមានជ័យ ទាំង​ស្ថាប័ន ទាំង​បុគ្គល​មិនមាន​នរណា​បាន​ពាក់ព័ន្ធ​នឹង​ដី​រដ្ឋ​១,០០០​ហិកតា ឬ​ទំហំ​ផ្សេង​ទៀតឡើយ​។​

​ចំពោះ​ប្រសាសន៍​សួរ​របស់​សម្តេច​ក្រឡាហោម​ក្នុង​សន្និបាត លោក​បាន​ឆ្លើយបំភ្លឺ​រួចហើយ​ថា មាន​មន្ត្រី​អន្តរក្រសួង​បាន​ចុះ​ធ្វើការ​ហើយ គឺ​បាន​ចុះ​កំណត់​ទីតាំង ព្រំ​និង​ត្រៀម​បោះបង្គោល​សម្គាល់​ដើម្បី​ការពារ​ដី​រដ្ឋ ហើយ​សម្តេច​ឧ​ប​ក៏​ជ្រាប​ដែរ​។​

​ទោះយ៉ាងណា លោក អ៊ុ រាត្រី មិន​ព្រម​ប្រាប់ថា​៖ ក្រុមប្រឹក្សា​នោះ​ជា​ក្រុមប្រឹក្សា​និង​មន្ត្រី ដែល​សម្តេច​ក្រឡាហោម​លើក​សួរ​នោះ សំដៅ​ឈ្មោះ​អ្វី​និង​នរណា​ឡើយ​?

​សូម​រំលឹកថា សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រីរ​ដ្ឋ​មន្ដ្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍​បែប​ហួសចិត្ត នៅពេល​ដឹងថា មាន​សមាជិក​ក្រុមប្រឹក្សា​ម្នាក់ បាន​រៀប​ឯកសារ​កាត់​យក​ដី​រដ្ឋ​១​ពាន់​ហិកតា ក្រោមរូបភាព​យកទៅ​វិនិយោគ​បន្ត​។ ហើយ​បង្ក​ឲ្យ​មានទំនាស់​ជាមួយ​ប្រជាជន​ផង និង​បង្កើត​ការបំពានច្បាប់​ដោយ​អាណាធិបតេយ្យ ពី​សមាជិក​ក្រុមប្រឹក្សា​ហ្នុ​ង​នោះ​។ សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​ទម្លាយ​ចេញ​បែបនេះ នៅក្នុង​ពិធី​បើក​សន្និបាត​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១៩​ខែកុម្ភៈ​ឆ្នាំ​២០២០ នៅ​រាជធានី​ភ្នំពេញ ហើយ​ចង់​សួរ​ទៅ​លោក​អភិបាលខេត្ត​បន្ទាយមានជ័យ​ថា ដឹង​រឿង​ឬ​អត់​?

​សម្ដេច ក្រឡាហោម​ចង់អោយ​បញ្ជាក់ ពី បញ្ហា ធ្វើឯកសារ យក​ដី​រដ្ឋ ១​ពាន់​ហិកតា​នោះ​ថា កុំថាឡើយ ចៅហ្វាយខេត្ត ឬ រដ្ឋមន្ត្រី សូម្បី​រូប​សម្តេច​ក្រឡាហោម​ផ្ទាល់ ក៏​គ្មាន​សិទ្ធិ​ធ្វើ​របៀបនេះ​ទេ​។
​ហេតុនេះ​សម្តេច​ក្រឡាហោម​អោយ​តម្រាយ​ផ្លូវ​ថា​៖ «​ដើម្បី​ងាយ​ដោះស្រាយ លុប​ឯកសារ​នោះ​ចោល​គឺ​ចប់​ហើយ​»​។ យោង​ប្រភព​នានា​ពី​ខេត្តបន្ទាយមានជ័យ​និង​ប្រវត្តិ​រឿង​ពាក់ព័ន្ធ ដែល​កាសែត​រស្មី​កម្ពុជា​ទទួលបាន គឺ​ក្រុមប្រឹក្សា​ដែល​សម្តេច​ក្រឡាហោម​ស ខេង បាន​សួរ​និង​លើកឡើង​នោះ​ទំនងជា​សំដៅលើ​ក្រុមប្រឹក្សា​ស្តារ​និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​អភិវឌ្ឍន៍ជនបទ ។​

​ហើយ​មន្ត្រី​នោះ គឺ​សំដៅ​សមាជិក​ក្រុមប្រឹក្សា​នេះឯង ដែល​បាន​ប្រើ​និង​ទទួល​ការ​រត់ការ​ពី​មនុស្ស​របស់ខ្លួន​នៅ​ខេត្តបន្ទាយមានជ័យ​អោយ​កាត់​យក​ដី​នោះ​ពី​ស្ថានីយ៍​ផ្សព្វផ្សាយ​និង​ស្តារ​ព្រៃឈើ​តា​បែន​២ ទៅអោយ​បុគ្គល​ម្នាក់​ដែលជា​ក្រុម​របស់ខ្លួន​។ និង​មួយទៀត​បានអោយ​មេខ្យល់ កូន​ខ្យល់​កៀរគ​មនុស្ស​ដែលថា​ជា​ពលរដ្ឋ​ក្រីក្រ ខ្វះខាត​ដីធ្លី​ជាង​១,០០០​គ្រួសារ​លើកគ្នា​ទៅ​ចាប់​ដីធ្លី​ស្ថានីយ៍​ខាងលើ ហើយក៏​រាលដាល​រំលោភ​ដល់​ដី​កម្មសិទ្ធិឯកជន​ដែលមាន​ប្លង់រឹង (​វាស់វែង​ដោយ​ក្រុមការងារ​សុរិយោដី​និង​យុវជន​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​ក្នុង​បទបញ្ជា​០១​បប ឆ្នាំ​២០១២ ) និង​ដី​ពលរដ្ឋ​ផ្សេងទៀត​នៅ​ស្រុក​ស្វាយចេក​និង​ស្រុក​អូរជ្រៅ​។​

​នៅមុន​ការ​ថ្លែង​នេះ​១​ថ្ងៃ​របស់​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅឯ​ខេត្តបន្ទាយមានជ័យ​មាន​បេសកកម្ម​របស់​មន្ត្រី​អន្តរក្រសួង បាន​ចុះ​ពិនិត្យ ចាត់ការ​ការពារ​ដី​រដ្ឋ​នៃ​ស្ថានីយ៍​ផ្សព្វផ្សាយ​និង​ស្តារ​ព្រៃឈើ​តា​បែន​២ នៅ​ឃុំ​ស្លក្រាម​ស្រុក​ស្វាយចេក​ខេត្តបន្ទាយមានជ័យ​នឹង​ឈានទៅរក​ការបោះ​បង្គោលព្រំ និង​លើក​ប៉ាណូ​បញ្ជាក់​ទីតាំង​ដើម្បី​ការពារ ។​

​វិធានការ​នេះ​គឺ​កាលពី​ថ្ងៃទី​១៨​ខែកុម្ភៈ​ឆ្នាំ​២០២០ ក្រុមការងារ​អន្តរក្រសួង​ដឹកនាំ​ដោយ​លោក លាង មុនី​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគ​រូប​និ​យ័​កម្ម និង​សំណង់ ,​តំណាង​ក្រសួងកសិកម្ម រដ្ឋបាល​ព្រៃឈើ​និង​អភិបាលរង​ខេត្តបន្ទាយមានជ័យ​១​រូប ព្រមទាំង​មន្ទីរជំនាញ និង​កងកម្លាំង​បាន​ចុះ​ត្រួតពិនិត្យ​លើ​ផ្ទៃរាប​និង​ពីលើ​អាកាស ដោយ​កំណត់​ព្រំ​តាម​ប្រព័ន្ធ​កំណត់​ភូមិសាស្ត្រ​(​ជី​ភី​អេសៈ​GPS) និង​បង្ហោះ​ដ្រូ​ន​ថត យក​ទិដ្ឋភាព​ជាក់ស្ដែង​ទីតាំង ។​

​យោង​លិខិត​លេខ​៣១២​ដន​ស​/​អស​ដក ចុះ​ថ្ងៃទី​៥​កុ​ម្ភះ​២០២០ បាន​ចែងថា ៖ មាន​សកម្មភាព​ក្រុម​អណាធិបតេយ្យ រំលោក​ចូល​រក​រានទន្ទ្រាន កាន់កាប់ វាស់វែង លក់ដូរ បែក​ចែក​ដីធ្លី ក្នុង​ស្ថានីយ៍​ផ្សព្វផ្សាយ​និង​ស្តារ​ព្រៃឈើ​តា​បែន​២​ផង និង​ដី​កម្មសិទ្ធិ​ស្របច្បាប់ ឬ​មាន​ប័ណ្ណ​សម្គាល់​អចលនវត្ថុ​(​ប្លង់រឹង​) របស់​ប្រជាពលរដ្ឋ ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ស្លរ​ក្រាម ស្រុក​ស្វាយចេក និង​ឃុំ​សិង្ហ ស្រុក​អូរជ្រៅ របស់​ក្រសួង​រៀបចំ​ដែនដី​នគ​រោ​ប​នីយកម្ម​និង សំណង់​ប្រគល់ជូន ឯកឧត្ដម​អភិបាលខេត្ត ចា​ត​កម្លាំងចម្រុះ​ទៅ​បោះបង្គោល​ព្រំដី​រដ្ឋ និង​លើក​ស្លាក​សំគាល់​ដី​ស្ថា​និ​យ៍​ដែល​ត្រូវ​រក្សា​ជា​សម្បត្តិ​រដ្ឋ​។​

​សូមបញ្ជាក់ថា ដី​ស្ថានីយ៍​ផ្សព្វផ្សាយ​និង​ស្តារ​ព្រៃឈើ​តា​បែន​២​នៅ​ឃុំ​ស្លក្រាម​ស្រុក​ស្វាយចេក​ខេត្តបន្ទាយមានជ័យ​បាន​បង្កើតឡើង​នៅ​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០០៧ តាម​ប្រកា​សលេខ​៤៥០​ប្រក​.​កសករ​បស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​និង​លិខិត​លេខ​៦៤៤៥​កសក​ចុះ​ថ្ងៃទី​១៨​ខែធ្នូ​ឆ្នាំ​២០០៨ ដែលមាន​ផ្ទៃដី​៥,០០០​ហិកតា​។​

​ប៉ុន្តែ​ក្រោយ​អនុវត្ត​លិខិត​បទបញ្ជា​លេខ​០២១​បប ចុះ​ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ​២០១២ របស់​រាជរដ្ឋាភិបាល ដី​ស្ថានីយ៍​ត្រូវ​កាត់​ឆ្វៀល​ដី​ប៉ះពាល់​ជាមួយ​ពលរដ្ឋ​រួច​នោះ ដី​ស្ថានីយ៍​នៅសល់តែ​ទំហំ​១,៤០៨​ហិកតា​ប៉ុណ្ណោះ ហើយ​បានអោយ​ដៃគូ​សហការ​អនុវត្ត​តាម​និតិ​វិធី​និង​គោលការណ៍​ស្ថានីយ​៕ ល​