តួកគីបាននិយាយថា ទាហានតួកគីពីរនាក់ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ទី២០កុម្ភៈនៅក្នុងការវាយប្រហារតាមអាកាសនៅភាគពាយព្យនៃប្រទេសស៊ីរី បន្ទាប់ពីការវាយប្រហាររបស់កងកម្លាំងប្រឆាំងគាំទ្រដោយរបបក្រុងអង់ការ៉ា ដែលផ្តោតគោលដៅទៅលើកងទ័ពរដ្ឋាភិបាលស៊ីរី។ ការស្លាប់នេះបានកើតឡើងបន្ទាប់ពីប្រធានាធិបតីតួកគីបានគំរាមពង្រីកការពាក់ព័ន្ធរបស់ប្រទេសគាត់នៅក្នុងស៊ីរី ប្រសិនបើកងទ័ពរបស់គាត់ណាម្នាក់មានគ្រោះថ្នាក់។

យ៉ាងហោចណាស់ទាហានតួកគី ១៥ នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសស៊ីរីក្នុងខែនេះចំពេលមានការវាយលុកយ៉ាងខ្លាំងពីសំណាក់កងកម្លាំងរបស់ប្រធានាធិបតីស៊ីរីបាសា អាល់អាសាដក្នុងគោលបំណងដើម្បីដណ្តើមកាន់កាប់ឡើងវិញនូវតំបន់កាន់កាប់របស់ក្រុមប្រឆាំងនៅក្នុងខេត្តអ៊ីដលីប។

មានបំណងបញ្ឈប់ការរុលមុខរបស់កងទ័ពស៊ីរី ប្រធានាធិបតីតួកគីលោករីស៊ីប ថាយយីប អឺដូហ្គាន កាលពីថ្ងៃទី ១២ ខែកុម្ភៈបានប្តេជ្ញាចាត់វិធានការយោធា “គ្រប់ទីកន្លែងក្នុងប្រទេសស៊ីរី” ប្រសិនបើទាហានតួកគីណាម្នាក់ទៀតត្រូវបានសម្លាប់ឬរងរបួស។

ការវាយលុកនៅសមរភូមិជួរមុខជាច្រើនលើកមកនេះបានបង្កជារលកធំបំផុតនៃការភៀសខ្លួនរបស់ជនស៊ីវិលនៅក្នុងសង្គ្រាមរយៈពេល ៩ ឆ្នាំរបស់ស៊ីរី ដោយផ្លាស់ទីលំនៅរបស់ប្រជាជនជិត ១ លាននាក់ ដែលប្រញាប់ប្រញាល់ឆ្ពោះទៅព្រំដែនតួកគីនិងកំពុងជ្រកកោននៅក្នុងតង់ឬដេកយ៉ាងលំបាកលំបិននៅក្នុងអាកាសធាតុរដូវរងាដ៏អាក្រក់។

ការវាយលុកនេះក៏ប្រថុយធ្វើឱ្យខូចទាំងស្រុងនូវកិច្ចសហប្រតិបត្តិការដ៏ផុយស្រួយរវាងទីក្រុងអង់ការ៉ានិងទីក្រុងមូស្គូ ដែលគាំទ្រគូភាគីប្រឆាំងនៃសង្គ្រាមស៊ីរី។ របបក្រុងអង់ការ៉ាបានបញ្ជូនទាហានរាប់ពាន់នាក់ទៅភាគពាយព្យនៃប្រទេសស៊ីរីដើម្បីព្យាយាមរារាំងការរុលទៅមុខរបស់រដ្ឋាភិបាលស៊ីរីឆ្ពោះទៅខេត្តក្បែរព្រំដែនតួកគី ដែលនាំឱ្យមានការប៉ះទង្គិចគ្នាម្តងហើយម្តងទៀត។

ការប៉ះទង្គិចគ្នាកាលពីថ្ងៃព្រហស្បតិ៍កត់សម្គាល់ពីការកើនឡើងភាពតានតឹងយ៉ាងគ្រោះថ្នាក់ ដែលអាចនឹងផ្ទុះទៅជាជម្លោះពេញទំហឹងរវាងតួកគីនិងស៊ីរី។ លោកអឺដូហ្គានក៏បានអំពាវនាវផងដែរឱ្យកងកម្លាំងរបស់លោកអាសាដដកថយពីខេត្តអ៊ីដលីបឬមិនអ៊ីចឹងនឹងប្រឈមការវាយប្រហារជាក់ស្តែងរបស់តួកគីជាមិនខាន៕ ដោយ៖ កញ្ញាដាលីស

ទាហានតួកគី២នាក់ស្លាប់ក្នុងការវាយប្រហារដោយកងកម្លាំងស៊ីរីកាលពីថ្ងៃព្រហស្បតិ៍នៅខេត្តអ៊ីដលីប