កិច្ចប្រឹងប្រែងរបស់អ៊ុយក្រែនក្នុងការដាក់ដាច់ដោយឡែកនូវមនុស្សជាង ៧០ នាក់ ដែលត្រូវបានជម្លៀសចេញពីប្រទេសចិនដោយសារការផ្ទុះវីរុសកូរ៉ូណា បានធ្លាក់ ក្នុងភាពច្របូកច្របល់កាលពីថ្ងៃព្រហស្បតិ៍ទី២០កុម្ភៈ ខណៈប្រជាជន ក្នុងស្រុកដែលប្រឆាំងនឹងចំណាត់ការនេះបានគប់ដុំថ្មទៅលើក្រុមអ្នកជម្លៀស ទាំងនោះ និងប៉ះទង្គិចជាមួយប៉ូលិស។

ក្រុមមន្រ្តីសម្តែងការសោកស្តាយចំពោះអំពើហិង្សានេះ ហើយរដ្ឋមន្រ្តីក្រសួង សុខាភិបាលរបស់ប្រទេសនេះបានសន្យាចែករំលែកព័ត៌មានអំពីការដាក់ដោយ ឡែកនូវមនុស្សទាំងនេះរយៈពេលពីរសប្តាហ៍ ក្នុងគោលបំណងធានាដល់ក្រុម អ្នកតវ៉ាដែលខ្លាចឆ្លងវីរុសកូរ៉ូណា។

ឡានក្រុងដឹកអ្នកជម្លៀសទាំងនោះទីបំផុតអាចទៅដល់ទីកន្លែងដែលបានកំណត់សម្រាប់ការដាក់ដាច់ដោយឡែកពីគេ បន្ទាប់ពីការប៉ះទង្គិចជាច្រើនម៉ោង។ ក្រុមអ្នកជម្លៀសពាក់ម៉ាសមុខ ដែលអស់កម្លាំងដោយសារការធ្វើដំណើរ ផ្លូវឆ្ងាយទាំងនោះ លបមើលទាំងភិតភ័យតាមបង្អួចឡានក្រុង នៅពេល ឡានក្រុងបើកសន្សឹមៗនៅក្រោមការអមដំណើរពីប៉ូលិស។

ដុំថ្មបានបំបែកបង្អួចឡានក្រុងមួយ ប៉ុន្តែក្រុមអ្នកជម្លៀសហាក់ដូចជាមិន រងរបួសទេ។

ចាប់តាំងពីព្រឹកព្រលឹម អ្នកស្រុករាប់រយនាក់នៃភូមិណូវីសាន់ហ្សារី នៅតំបន់ ផូលតាវ៉ាភាគកណ្តាលនៃប្រទេសអ៊ុយក្រែន បានកាត់ផ្តាច់ផ្លូវឆ្ពោះទៅអគារ អនាម័យមួយសម្រាប់ដាក់មនុស្សជម្លៀសខ្លួនទាំងនោះ ដោយខ្លាចថាពួកគេអាច នឹងឆ្លងវីរុសកូរ៉ូណាដែរ។ ក្រុមបាតុករ ដែលខ្លះមើលទៅដូចជាស្រវឹង បានដាក់ របាំងលើផ្លូវ ដុតកង់ឡាន និង ប៉ះទង្គិចជាមួយប៉ូលិសប្រឆាំងកុបកម្ម ដែលចូលមកបើកផ្លូវឱ្យឡានក្រុង។ អ្នកតវ៉ាម្នាក់បានព្យាយាមបើកឡាន ទម្លុះរនាំងរបស់ប៉ូលិស។

ប៉ូលិសក្នុងមូលដ្ឋានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មន្ត្រីប៉ូលិស ៩នាក់និងជនស៊ីវិលម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ប៉ូលិសអ៊ុយក្រែននិយាយថា បាតុករ២៤នាក់ត្រូវបានឃុំខ្លួន។ រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ លោក អាសេន អាវ៉ាកូវ ដែលមកដល់ទីកន្លែងកើតហេតុផ្ទាល់ដើម្បី សម្រាលស្ថានការណ៍ និយាយថា គាត់តក់ស្លុតចំពោះអំពើហិង្សានេះ។

លោកបាននិយាយលើកញ្ចក់ទូរទស្សន៍ថា “អ្វីដែលយើងឃើញគឺគួរឱ្យអាម៉ាស់ ណាស់។ វាជាការខកចិត្តធំបំផុតក្នុងមួយជីវិតរបស់ខ្ញុំ”៕ ដោយ៖ កញ្ញាដាលីស/Ha