សមាគមដឹកជញ្ជូនតាមអាកាសអន្តរជាតិ(IATA)បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២០ខែកុម្ភៈថាក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងប្រតិបត្តិការនៅតំបន់អាស៊ីប៉ាស៊ីហ្វិកប្រឈមនឹងការខាតបង់ប្រាក់ចំណូលចំនួន២៧,៨ ពាន់លានដុល្លារនៅឆ្នាំនេះក្នុងវិបត្តិជំងឺឆ្លងCOVID-19។
ស្ថាប័នពាណិជ្ជកម្មនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ថាការប៉ាន់ប្រមាណនេះផ្អែកលើការព្យាករណ៍អំពីការធ្លាក់ចុះ១៣ ភាគរយៈពេលពេញមួយឆ្នាំនៃតម្រូវការអ្នកដំណើរ ដែលភាគច្រើននៅប្រទេសចិន។
សមាគមដឹកជញ្ជូនតាមអាកាសអន្តរជាតិនេះ បាននិយាយថាការប៉ាន់ស្មានរបស់ខ្លួននេះគឺថា ជំងឺឆ្លងCOVID-19 គឺដូចគ្នាទៅនឹងការផ្ទុះឡើងនៃជំងឺSARS កាលពីជិត២ទសវត្សរ៍កន្លងទៅ ដែលមានរយៈពេល៦ ខែជាមួយនឹងការធ្លាក់ចុះយ៉ាងខ្លាំង ហើយបន្ទាប់មកមានភាពល្អប្រសើរឡើងវិញឆាប់រហ័ស។
ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងទីផ្សារក្នុងស្រុករបស់ចិនត្រូវបានគេប៉ាន់ស្មានថានឹងខាតបង់ប្រាក់ចំណូលប្រមាណ ១២,៨ ពាន់លានដុល្លារ។
ក្រុមហ៊ុនដឹកជញ្ជូននៅក្រៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ត្រូវបានគេប៉ាន់ស្មានការខាតបង់ចំនួន ១,៥ ពាន់លានដុល្លារ។
សមាគមដឹកជញ្ជូនតាមអាកាសអន្តរជាតិនេះបាននិយាយថាប្រាក់ចំណូលក្រុមហ៊ុនអាកាសចរណ៍នៅទូទាំងពិភពលោកខាតបង់បង្កឡើងដោយសារវីរុសនេះ គឺមានចំនួន ២៩,៣ពាន់លានដុល្លារ៕ប្រែសម្រួល៖សុខា/sn

កៅអីទទេគ្មានអ្នកដំណើរជិះ ធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ខាតបង់ប្រាក់ដ៏ច្រើន