រដ្ឋមន្ត្រីឥណ្ឌូណេស៊ីម្នាក់កាលពីថ្ងៃពុធទី១៩កុម្ភៈ បានស្នើឱ្យអ្នកមានរៀបការជាមួយអ្នកក្រដើម្បីជាមធ្យោបាយកាត់បន្ថយអត្រានៃភាពក្រីក្ររបស់ប្រទេស។
លោក មូហាដជា អេហ្វហ្វិនឌី រដ្ឋមន្ត្រីសម្របសម្រួលអភិវឌ្ឍន៍ធនធានមនុស្សនិងវប្បធម៌បានប្រាប់កាសែតហ្សាការតាប៉ុស្តិ៍ថា “តើនឹងមានអ្វីកើតឡើងបើអ្នកក្ររកអ្នកក្រគ្នាឯង (រៀបការ)? នឹងមានគ្រួសារក្រីក្រកាន់តែច្រើន។ នេះជាបញ្ហានៅឥណ្ឌូណេស៊ី”។
លោករដ្ឋមន្ត្រីនិយាយថា មានគ្រួសារក្រីក្រចំនួនប្រហែល ៥ លាន ដែលស្មើនឹង ៩,៤ ភាគរយនៃគ្រួសារសរុប ៥៧,១ លាន។
លោកបានបន្ថែមថា ប្រសិនបើគ្រួសារក្រីក្រត្រូវបានបន្ថែមទៀតនោះ ច្បាស់ជាមានគ្រួសារសរុបកើនឡើងប្រហែល ១៦,៨ ភាគរយ ឬ ១៥ ភាគរយដែលមានចំណូលទាប។
យោងតាមហ្សាការតាប៉ុស្តិ៍ លោកអេហ្វហ្វិនឌីបានស្នើទៅរដ្ឋមន្ត្រីកិច្ចសាសនា លោក ហ្វាចរុល រ៉ាហ្ស៊ី ឱ្យចេញសារាចរសាសនាពីអាជ្ញាធរអ៊ីស្លាមដើម្បីផ្តល់អនុសាសន៍ណែនាំឱ្យអ្នកក្ររកមើលអ្នកមាន ឬអ្នកមានរកមើលអ្នកក្រដើម្បីរៀបការ។
ក្រៅពីនេះ លោកក៏បានស្នើឱ្យបង្កើតកម្មវិធីចេញលិខិតបញ្ជាក់មុនរៀបការសម្រាប់គូស្នេហ៍ ដែលមិនទាន់មានលំនឹងហិរញ្ញវត្ថុ ប៉ុន្តែចង់រៀបការ ដើម្បីចុះឈ្មោះចូលក្នុងកម្មវិធីការងារ ដែលដាក់ចេញដោយប្រធានាធិបតី ចូកូ វីដូដូ ផងដែរ។
កម្មវិធីនេះផ្តល់នូវការបណ្តុះបណ្តាលដើម្បីពង្រឹងជំនាញដល់អ្នកចូលរួម ដូច្នេះពួកគេនឹងអាចស្វែងរកការងារធ្វើ៕ ដោយ៖ កញ្ញាដាលីស/Ha
