លោក ប៉េប ហ្គាឌីអូឡា (Pep Guardiola) បានអះអាងថា ក្រុមម៉េនឆេស្ទ័រស៊ីធីនឹងប្រជែងនៅ ក្របខ័ណ្ឌឆេមពានលីកនៅរដូវកាលក្រោយហើយគាំទ្រក្លឹបក្នុងការតវ៉ានឹងបម្រាមពីរឆ្នាំ។
លោក ហ្វឺរ៉ាន សូរីយ៉ាណូ (Ferran Soriano) នាយកប្រតិបត្តិក្លិបស៊ីធីអះអាងថាការចោទប្រកាន់របស់ស្ថាប័ន UEFA ជុំវិញការប្រើប្រាស់ថវិកាមិនត្រឹមត្រូវនោះ គឺគ្មានមូលដ្ឋានទេ។
ការអះអាងរបស់លោក សូរីយ៉ាណូ ត្រូវបានគាំទ្រដោយលោក ហ្គាឌីអូឡា បន្ទាប់ពីក្រុមស៊ីធីយកឈ្នះក្រុម វេស ហេម(West Ham) ២-០ ខណៈពេលលោកថ្លែងជុំវិញការខកខាន ជាលើកដំបូងពីក្របខណ្ឌបាល់ទាត់កំពូលនេះ។
មុនពេលបញ្ជាក់ថា លោកនឹងនៅជាអ្នកចាត់ការ លោក ហ្គាឌីអូឡា បាននិយាយថា “ខ្ញុំមានទំនុកចិត្តថា យើងនឹងលេងនៅក្របខ័ណ្ឌឆេមពានលីកនៅរដូវកាលក្រោយ។
លោកបាននិយាយថា “ប្រសិនបើពួកគេមិនបណ្តេញខ្ញុំ។ ខ្ញុំនឹងនៅទីនេះយូរជាងនេះ។ ខ្ញុំចង់នៅជាមួយក្លិប ដើម្បីការរីកចម្រើននិងរក្សាកម្រិតលេងនេះឲ្យបានយូរតាមដែលអាច ធ្វើទៅបាន។ ហេតុអ្វីបានជាខ្ញុំត្រូវចាកចេញ?”។
ក្លិប Manchester City នឹងឧទ្ធរណ៍លើសេចក្តីសម្រេចរបស់ស្ថាប័ន UEFAជាមួយនឹងតុលាការ ក្រុមប្រឹក្សាអាជ្ញាកណ្តាលហើយសង្ឃឹមថា នឹងទទួលបានដំណោះស្រាយមុនរដូវក្តៅ៕ ប្រែសម្រួល: ពិសិដ្ឋ
