ភ្នំពេញៈ ទិវាភាសាមាតាអន្តរជាតិ (IMLD) ត្រូវបានប្រកាសឱ្យប្រារព្ធធ្វើដោយសន្និបាត អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៩៩។ ទិវាអន្តរជាតិនេះ ត្រូវបានគេធ្វើឡើង នៅថ្ងៃទី២១ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០០០ មក ដើម្បី លើកកម្ពស់ការយល់ដឹង នូវភាពផ្សេងគ្នានៃភាសានិងវប្បធម៌និងពហុភាសា។
ទំនាស់ភាសា អ៊ូឌូ និង ភាសា បង់កាល់
នៅក្នុងប្រទេសប៉ាគីស្ថាន មានភាសាធំៗចំនួន២ ដែលមានអ្នកប្រើប្រាស់ច្រើនប្រហាក់ ប្រហែលគ្នា គឺភាសាអ៊ូឌូ និងភាសាបង់កាល់។ ប៉ុន្តែពួកអ្នកកាន់អំណាច ភាគច្រើន គឺជាអ្នក និយមគឺភាសាអ៊ូឌូ ។ ឆ្នាំ១៩៤៧ រដ្ឋាភិបាលប៉ាគីស្ថាន បានចេញច្បាប់ថា ភាសាអ៊ូឌូ គឺជា ភាសាតែមួយគត់របស់ជាតិ ។ ពេលនេះ ភាសាបង់កាល់ ត្រូវបានលុបបំបាត់ចេញពីប្រព័ន្ធ ការងារផ្លូវការ ដូចជាប្រព័ន្ធអប់រំ និង ក្រដាសប្រាក់ជាដើម ។
ពេលនោះ ក៏មានចលនាប្រឆាំងជំទាស់ ជាបន្តបន្ទាប់ ទាំងពីសំណាក់ពួកអ្នក នយោបាយប្រឆាំង និង ក្រុមពួកនិស្សិតនៅតាមសកលវិទ្យាល័យជាដើម។ លុះដល់ថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ១៩៥២ ក្រុមនិស្សិតជាង ១ សែននាក់ មកពីសកលវិទ្យាល័យនានា នៃប្រទេសប៉ាគី ស្ថាន ដូចជា Dhaka University, Jagannath University, Dhaka Medical College បានជួបជុំគ្នា ធ្វើបាតុកម្ម នៅទីក្រុងដាកា ដែលបច្ចុប្បន្ន ជាប្រទេសបង់ក្លាដេស ទាមទារឱ្យរដ្ឋាភិបាល ទទួលស្គាល់ភាសាបង់កាល់របស់ពួកគេថា ជាភាសាជាតិមួយក្នុងចំណោមភាសាជាតិទាំង២ របស់ប៉ាគីស្ថាន (មួយទៀតគឺភាសា អ៊ូឌូ ) ។
រដ្ឋាភិបាលប៉ាគីស្ថាន បានចាត់ទុកបាតុកម្មនោះថា គឺជារឿងនយោបាយ ពោលគឺចាត់ទុកថា គឹជាការចាក់ចុចអុជអាលរបស់បក្សប្រឆាំងទើបរដ្ឋាភិបាលប៉ាគីស្ថានមិនគ្រាន់តែមិនទទួល យកសំណើរបស់បាតុករឡើយ ថែមទាំងបានប្រើកម្លាំងប៉ូលិសបាញ់រះទៅលើបាតុករ បណ្តាលឱ្យស្លាប់ និងរបួសយ៉ាងច្រើនផ្អើលពាសពេញពិភពលោក ។
បើទោះជាត្រូវបង្ក្រាបយ៉ាងហិង្សាដូច្នេះក្តី ប៉ុន្តែទំនាស់ពាក់ព័ន្ធនឹងភាសានេះ ក៏ចេះតែ អូសបន្លាយ ហើយភាពមិនស្មើគ្នា រវាងពួកជនជាតិបង់កាលិ និងជនជាតិប៉ាគីស្ថាន ក៏នៅតែ បន្តកើតមាន។ ទីបំផុត ពួកជនជាតិបង់កាលិ បានប្រកាសផ្តាច់ខ្លួនបង្កើតជាប្រទេស បង់ក្លា ដេស នៅយប់ថ្ងៃទី ២៥ ចូលថ្ងៃទី ២៦ ខែមីនា ឆ្នាំ ១៩៧១ ។
ដើម្បីជាការចងចាំដល់ព្រឹត្តិការណ៍សោកនាដកម្ម ដែលប៉ូលិស បាញ់ប្រហារទៅលើ បាតុករ កាលពីខែកុម្ភៈ ឆ្នាំ១៩៥២ នោះ រដ្ឋាភិបាលបង់ក្លាដេស បានដាក់សំណើជាផ្លូវការ ទៅអង្គការ UNESCO ឱ្យប្រកាសថា ថ្ងៃទី ២១ ខែ កុម្ភៈ ជាទិវាភាសាមាតា អន្តរជាតិ ។ សំណើនេះត្រូវ បានសភាអង្គការ UNESCO គាំទ្រជាឯកច្ឆន្ទ នៅក្នុងសន្និបាតលើកទី ៣០ របស់ខ្លួន នាថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ។
លុះដល់ថ្ងៃទី១៦ ខែឩសភា ឆ្នាំ២០០៧ តាមរយៈសេចក្តីសម្រេចលេខ៦១/២៦៦ សភា អង្គការសហប្រជាជាតិ បានប្រកាសថា ឆ្នាំ២០០៨ ជាឆ្នាំអន្តរជាតិនៃភាសា( International Year of Languages ) ដើម្បីលើកម្ពស់ឯកភាព នៅក្នុងភាពផ្សេងគ្នា និងការយល់ដឹង អន្តរ ជាតិ តាមរយៈពហុភាសា និងពហុវប្បធម៌។ នៅឆ្នាំ២០០៩ អង្គការសហប្រជាជាតិ បានអំពាវនាវ ឱ្យរដ្ឋជាសមាជិកទាំងអស់ អភិរក្សនូវរាល់ភាសាទាំងអស់ដែលត្រូវបានមនុស្សប្រើប្រាស់ នៅក្នុងលោក។
ពាក្យថា “ភាសាមាតា” (Mother Language) សំដៅដល់ភាសាកំណើត (Mother Tongue) របស់បុគ្គលម្នាក់ៗ ឬភាសា និងវប្បធម៌ នៅក្នុងភាសាជាតិរបស់ជាតិសាសន៍នីមួយៗ ក៏រួមទាំងភាសា និងវប្បធម៌របស់និគមន៍សហគមន៍ ឬក្រុមនីមួយៗផងដែរ។
គេយល់ថា ភាសាជាឩបករណ៍ដ៏មានឥទ្ធិពលបំផុត សម្រាប់ថែរក្សាការពារ និង អភិវឌ្ឍន៍ នូវមរតករូបិយនិងមរតកអរូបិយនៃមនុស្សជាតិ។ គេក៏បានមើលឃើញ ផងដែរថា ការសិក្សា ទៅក្នុងភាសាមួយ អាចបង្កើតការយល់ដឹង និងការយោគយល់គ្នា យ៉ាងទូលំទូលាយ ហើយកុមារដែលទទួលបានការអប់រំពហុភាសា ក៏គឺជាគន្លឹះដ៏សំខាន់ សម្រាប់កាត់បន្ថយនូវ ការប្រកាន់រើសអើង និងបង្កើនគុណភាពសិក្សារបស់ពួកគេ ដែលនឹងនាំមកនូវលទ្ធផលល្អ ប្រសើរសម្រាប់មនុស្សគ្រប់រូប។
រាល់សកម្មភាពដើម្បីជំរុញការផ្សព្វផ្សាយឬការរីកសាយនៃភាសាដើមកំណើតនឹងបម្រើមិនមែនគ្រាន់តែជួយដល់ភាពផ្សេងគ្នានៃភាសា និងការអប់រំពហុភាសាឡើយ ប៉ុន្តែវាក៏ នឹង ដើម្បី អភិវឌ្ឍឱ្យបាន រិតតែពេញលេញថែមទៀត នូវប្រពៃណីផ្នែកភាសា និងផ្នែកវប្បធម៌ ផង ដែរ ទូទាំងពិភពលោក និងដើម្បីជំរុញឱ្យមានសាមគ្គីភាព ដែលមានមូលដ្ឋានលើការយល់ ដឹងអំពីគ្នាការអត់ឱន និងការសន្ទនានឹងគ្នា៕ ដោយៈ មេសា


