ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ នារសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ លោក អ៊ុក សិទិ្ធជាតិ ប្រធានសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត បានជួបពិភាក្សា ជាមួយលោក Suarpong Ariyamon gkol អនុប្រធាន និងលោក Shuggumarran ជាអគ្គលេខាធិការ នៃសហព័ន្ធអត្តពលកម្មអាស៊ី ដែលជំនួបនោះ ផ្ដោតជាសំខាន់ លើការៀបចំស៊ីហ្គេម ឆ្នាំ២០២៣ ។

លោក ហ៊ុន បូរី អគ្គលេខាធិការ សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានប្រាប់ឲ្យដឹងថា គោលបំណង លោកអនុប្រធាន និងអគ្គលេខាធិការ របស់សហព័ន្ធ អត្តពលកម្មទ្វីបអាស៊ី គឺចង់ដឹងពីស្ថានភាព សហព័ន្ធអត្តពលកម្មកម្ពុជា ក្នុងការត្រៀមខ្លួន សម្រាប់ការប្រកួតកីឡា SEA GAMES ២០២៣ ដូចជា វិញ្ញាសា និងសម្ភារប្រកួត តើមានគ្រប់គ្រាន់ ឬនៅ តែកម្ពុជា ត្រូវតែមានឧបករណ៍ សម្រាប់ប្រកួត ឲ្យបានគ្រប់គ្រាន់ នាឆ្នាំ២០២៣។

សូមបញ្ជាក់ថា ប្រភេទកីឡាអត្តពលកម្ម មានជាង ៤០ វិញ្ញាសា ហើយមានវិញ្ញាសាជាច្រើន ដែលកម្ពុជា នៅមិនទាន់បានលេង ដោយមូលហេតុ ខ្វះខាតសម្ភារៈ រួមជាមួយទីលាន មិនតែប៉ុណ្ណោះ វិញ្ញាសាមួយចំនួន កម្ពុជាមិនមានសមត្ថភាព លេងទៀតផង ។ កីឡាអត្តពលកម្មកម្ពុជា នៅមិនទាន់ប្រៀបធៀប ជាមួយប្រទេស ក្នុងតំបន់បាននៅឡើយទេ ។
បន្ទាប់ពីការដួលរលំ នៃរបប ប៉ុល ពត ទាំងនៅក្នុងអូឡាំពិកហ្គេម អាស៊ីហ្គេម និង ស៊ីហ្គេម កម្ពុជានៅមិនទាន់ដណ្ដើម បានមេដាយនៅឡើយទេ។ ទោះជាយ៉ាងណា ក៏គុណផល មានការប្រែប្រួល ទៅក្នុងថិរវរលាល្អ ជាបន្តបន្ទាប់ តែការដណ្ដើមមេដាយ វានៅតែជារឿងលំបាកដដែល ៕v
