ដោយ: មូលសម្បត្តិ / ភ្នំពេញ: ក្រសួងទេសចរណ៍កាលពីថ្ងៃទី២០ខែកុម្ភៈនេះ ដោយមានកិច្ចសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំកម្ពុជា បានបើកកិច្ចប្រជុំជាមួយតំណាងសាលាបណ្ដុះបណ្ដាល ភាគីឯកជន ក្រសួងស្ថាប័នពាក់ព័ន្ធ ពិភាក្សាលើការដាក់ចុះអនុវត្តគោលការណ៍ណែនាំស្ដីពី “ការអនុវត្តកម្មវិធីហ្វឹកហាត់ការងារក្នុងវិស័ទេសចរណ៍ (Tourism Apprenticeship Guideline )”។
លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងបានលើកឡើងថា ការបណ្ដុះបណ្ដាលជំនាញ ដល់អ្នកកំពុងបម្រើការងារ និងយុវជនក្មេងៗ ជាគោលដៅអាទិភាពរបស់ក្រសួង ដើម្បីទ្រទ្រង់ភាពរឹងមាំនៃវិស័យទេសចរណ៍ និងការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព។ កន្លងមក ក្រសួងបានដាក់ចុះកម្មវិធីបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពជាច្រើនស្របតាមស្តង់ដាអាស៊ានមានដូចជា ការបណ្ដុះបណ្ដាលដំបូង។ ការបណ្ដុះបណ្ដាលបន្ត។ ការបណ្ដុះបណ្ដាលខាងក្នុង (In-House Training)។ ការបណ្ដុះបណ្ដាលចល័ត ការបណ្ដុះបណ្ដាលជំនាញបន្ថែមដល់អ្នកកំពុងបម្រើការងារ ការវាយតម្លៃទទួលស្គាល់បទពិសោធន៍ឬការសិក្សាពីមុន។ ការបណ្ដុះបណ្ដាលជំនាញទេសចរណ៍ដល់ពលករចំណាកស្រុកត្រឡប់មកវិញឲ្យបម្រើការងារក្នុងផ្នែកសណ្ឋាគារជាដើម។
ការហ្វឹកហាត់ការងារជាកម្មវិធីថ្មី ដែលនឹងមានការចូលរួមដោយអង្គភាពអាជីវកម្ម សាលាបណ្ដុះបណ្ដាល អ្នកហ្វឹកហាត់ការងារ និងភាគីពាក់ព័ន្ធផ្សេងៗទៀត សំដៅឆ្លើយតបបានកាន់តែខ្ពស់នូវតម្រូវការជំនាញរបស់ទីផ្សារការងារ។
លោករដ្ឋលេខាធិការក៏បានប្រាប់ថា ក្រសួងទេសចរណ៍កំពុងសហការជាមួយភាគីពាក់ព័ន្ធដាក់ចុះកម្មវិធីប ណ្ដុះបណ្ដាលអ្នកកំពុងបម្រើការងារបន្ថែមទៀតនាពេលខាងមុខនេះ។
គួររំលឹកផងដែរថា បច្ចុប្បន្នអ្នកកំពុងបម្រើការងារដោយផ្ទាល់ក្នុងវិស័យទេសចរណ៍កម្ពុជាមានប្រមាណ ៦៣ម៉ឺននាក់។ ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥ និងស្មារតីនៃការអនុវត្ត កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA-TP) ក្រសួងមានគោលដៅសម្រេចការបណ្ដុះបណ្ដាលឲ្យបានយ៉ាងតិច ៥០% ត្រឹមឆ្នាំ២០២០ ១០០% ត្រឹមឆ្នាំ២០២៥ និងសម្រេច គោលដៅអភិវឌ្ឍប្រកបដោយចីរភាព SDG4: ការសិក្សាពេញមួយជីវិត និង SDG8: ការងារសមរម្យ ត្រឹមឆ្នាំ២០៣០៕ ល