ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
លោក សែម សុខា អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា នាំយក​ថវិកា រាជរដ្ឋាភិបាល ៣៣៤ លាន​រៀល ប្រគល់ជូន​ជ័យលាភី កីឡា​ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា ដែល​ឈ្នះ​មេដាយ ពី​ព្រឹត្តិការណ៍ Special Olympics World Games ABU DHABI 2019 នៅ​អារ៉ាប់​រួម នៅ​ទីស្នាក់ការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បន្ទាប់ពី​ដណ្ដើមបាន​មេដាយ ១០ គ្រឿង ដែល​រួមមាន មេដាយមាស ៣ ប្រាក់​៣ និង​សំរិទ្ធ​៤​គ្រឿង ។​

​ប្រគល់​រង្វាន់​ដល់​ជ័យលាភី​កីឡា​ខ្សោយ​បញ្ញា

​លោក ឃ្លាំង ច​ន្ធូ អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា បាន​ឲ្យ​ដឹងថា ថវិកា​ដែល​ផ្តល់ជូន អត្ត​ព​លិ​ក ៧ នាក់ ក្នុងនោះ មេដាយមាស ៣ គ្រឿង ៩០​លាន​រៀល មេដាយប្រាក់ ៣​គ្រឿង ៦០​លាន​រៀល និង​មេដាយសំរិទ្ធ ៤​គ្រឿង ៦៤​លាន​រៀល គ្រូបង្វឹក ២​នាក់ ក្នុង​ម្នាក់ ៣០ លាន​រៀល និង​គ្រូ​ជំនួយ ២​នាក់ ក្នុង​ម្នាក់ ២១​លាន​រៀល រួមទាំង​អ្នកដឹកនាំ​ម្នាក់ និង​អ្នក​ថែទាំ​ម្នាក់ ក៏​ទទួលបាន​ប្រាក់រង្វាន់​ពិសេស​នេះដែរ ដែល​សរុប​ទឹកប្រាក់​ទាំងអស់ ចំនួន ៣៣៤ លាន​រៀល​។

​ប្រគល់​រង្វាន់​ដល់​ជ័យលាភី​កីឡា​ខ្សោយ​បញ្ញា

​លោក សែម សុខា បាន​ណែនាំ​ឲ្យ​កីឡាករ កីឡាការិនី​ទាំងអស់ ត្រូវខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ដណ្ដើម​មេដាយ ពី​ការប្រកួត​អន្ដរជាតិ មក​ជូន​ជាតិ ។ ជាមួយនេះ លោក​បាន​អំពាវនាវ ដល់​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ សូម​រួមគ្នា​យកចិត្តទុកដាក់ បីបាច់​ថែរក្សា និង​ផ្ដល់ឱកាស ឲ្យ​អត្ត​ព​លិ​ក​ខ្សោយ​សតិបញ្ញា បាន​ហ្វឹកហាត់ ត្រួតពិនិត្យ​សុខភាព និង​ចូលរួម​ការប្រកួត​នានា ពិសេស​ក្រុមគ្រួសារ ឪពុកម្ដាយ អាណាព្យាបាល ឬ​អ្នក​នៅ​ជិត​បំផុត របស់​កីឡាករ កីឡាការិនី ខ្សោយសតិ​បញ្ញា ដែលជា​កត្តា​សំខាន់ ក្នុងការ​បំផុស​ជម្រុញ​លើកទឹកចិត្ត ដល់​ពួកគាត់ ដើម្បី​ចូលរួម​ប្រកួត​កីឡា ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា ។​

​ប្រគល់​រង្វាន់​ដល់​ជ័យលាភី​កីឡា​ខ្សោយ​បញ្ញា

​គួរ​បញ្ជាក់ថា កម្ពុជា បាន​បញ្ជូន​អត្ត​ព​លិ​ក ប្រតិភូ គ្រូបង្វឹក និង​គ្រូ​ជំនួយ ចំនួន​១៥​នាក់ ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ កីឡា​ស្ប៉េ​ស្យា​ល់​អូឡាំពិក ពិភពលោក លើក​ទី​១៥ នៅ​ទីក្រុង Abu Dhabi ដែល​ការប្រកួត​នេះ បានធ្វើ​ឡើង​ពី​ថ្ងៃទី​១៤-២២ ខែមីនា ឆ្នាំ​២០១៩ នៅ​ទីក្រុង Abu Dhabi ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ៕v