ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: ដូច​ស្វាយកែវ​រមៀត​នៅ​បាត់ដំបង​ដែរ ដែលថា​ស្វាយ​ឆ្នាំនេះ​បាន​ធ្លាក់​ថ្លៃ​ខ្លាំងណាស់ ធ្វើ​ឲ្យ​អ្នក​ដាំ​ស្វាយ និង​អ្នករកស៊ី​ទិញ​ស្វាយ​មានការ​អស់សង្ឃឹម​និង​ខាតបង់​ច្រើន​។​

​លោក ទុយ វរៈ តំណាង​សមាគមន៍​ស្វាយកែវ​រមៀត​ប្រចាំ​តំបន់​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ បាន​រាយការណ៍​ឲ្យ​ដឹង​ថ្មីៗ​នេះ​ថា ស្វាយកែវ​រមៀត​បាន​ធ្លាក់​ថ្លៃ​នេះ គឺ​ក្នុង​ពេលមុន​ចូលឆ្នាំ​ចិន​វៀតណាម​។ គាត់​ដាក់​ការសង្ស័យ​ដោយសារ​កើតមាន​ជំងឺកូ​រ៉ូ​ណា​នៅ​ចិន ពីព្រោះ​តាំងពី​ផ្ទុះ​ជំងឺ​នេះ​មក​ ចិន​បិទ​ព្រំដែន​ជាមួយ​វៀតណាម ធ្វើ​ឲ្យ​វៀតណាម​ស្ងាត់​ចូលមក​ទិញ​ស្វាយ​នៅ​កម្ពុជា​យើង​។ បើទោះបីជា​ពួកគេ​បាន​ម៉ៅ​សន្យា​ទិញ​ទុកជាមុន​ហើយ​ក្តី​។ ហើយ​ចិន​ដែល​បើក​រោងចក្រ​កែច្នៃ​ផ្លែស្វាយ​នៅ​តំបន់​ឱ​រ៉ា​ល់​មួយចំនួន​ធ្លាប់តែ​ទិញ​ផ្លែស្វាយ​ច្រើនៗ បាន​បិទ​រោងចក្រ​អស់​២​ទៅ​៣​រោងចក្រ​រួចមកហើយ​។ រោងចក្រ​នៅសល់​បាន​ទិញ​ផ្លែស្វាយ​តិច​បំផុត ហើយ​លុះត្រាតែ​អ្នកមាន​ស្វាយ​ដឹក​យកទៅលក់​ដល់​រោងចក្រ​ផ្ទាល់​តែម្តង ​ហើយឲ្យ​ថ្លៃ​តែ ៧០០៛/​គ​.​ក្រ​។ ផ្លែស្វាយ​ខៀវ (​ស្វាយ​មិន​ខ្ចប់​ក្រដាស​) ថ្លៃ​តែ​៥០០៛/​គ​.​ក្រ​។ ស្វាយ​ខ្ចប់​ក្រដាស​ថ្លៃ​៨០០៛/​គ​.​ក្រ​។

​លោក វរៈ ដាក់​ការសង្ស័យ​ដែលជា​ឧបសគ្គ​ធំ គឺ​មកពី​ជំងឺកូ​រ៉ូ​ណា​ផ្ទុះ​នៅ​ចិន បានជា​ប៉ះពាល់​ដល់ទី​ផ្សារ​ស្វាយ​នៅ​កម្ពុជា​។ សហគមន៍​ស្វាយកែវ​រមៀត​តំបន់​ ​ឱរ៉ា​ល់​មាន​ជាង ៩០០​ហិកតា ស្មើ​នឹង​៨០​គ្រួសារ​។ នៅមាន​ម្ចាស់​ចម្ការ​ស្វាយ​ជាច្រើន​រយ​ហិកតា​ទៀតក៏​ជួប​វិបត្តិ​អត់​ទីផ្សារ​ដូចគ្នា​ដែរ​។ ហើយ​ផល​ស្វាយកែវ​រមៀត​នៅ​ខេត្ត​ដទៃៗក៏មាន​វាសនា​ដូចគ្នា​ទាំងអស់​៕ ​/Ha