
ដោយៈប.ជ័យ/ បន្ទាយមានជ័យៈ ទីបំផុត គូទំនាស់ បានយល់ព្រមបញ្ចប់វិវាទដីធ្លីរុំារ៉ៃ របស់ពួកគេ គឺរវាងពលរដ្ឋម្ចាស់ដី មានប្លង់រឹង ចំនួន ២ គ្រួសារ និងពលរដ្ឋ ៦ គ្រួសារចុងក្រោយ នៅលើចំណីថ្នល់ មុខដីប្លង់រឹងនេះ ស្ថិតនៅជាប់ខាងលិច ផ្លូវជាតិលេខ៥៦ ចំណុចអតីតស្រះទឹក ទាហានសម័យ លន់ នល់ ក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ (អតីតភូមិ២ ឃុំកំពង់ស្វាយ) ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ភាគីជម្លោះ ក៏បានអះអាងថា នេះជាដីទំនាស់របស់ពួកខ្លួន មិនពាក់ព័ន្ធ ឬមានការឃុបឃិតអីពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឬមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច ណាផ្សេងឡើយ ។
តំណាងអ្នកស្រី លី ម៉ារី ម្ចាស់ដីមានប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់អចលនវត្ថុ បានប្រាប់កាសែតរស្មីកម្ពុជា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ថា៖ ដីធ្លីនះជារបស់ម្ចាស់ ដែលមានប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់អចលនវត្ថុ ឬប្លង់រឹង ២ ប្លង់៖ ទី១ -របស់ឈ្មោះ លី អម្មារ៉ា ភេទប្រុស (ប្អូនរបស់លី ម៉ារី) ទំហំ ៦.១៨០ ម៉ែត្រក្រឡា មានប្លង់លេខ បជ០០២៥៣១(A4 0150) ចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩៩៨ និងទី២-ឈ្មោះទិត្យ លេក (ប្តី) និងឈ្មោះ លី ម៉ារី (ប្រពន្ធ) ទំហំ ៦.២០០ ម៉ែត្រក្រឡា មានប្លង់លេខ បជ០០២៥២៩ (A4 01348) ចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩៩៨ ។ យោងឯកសារគតិយុត្តិ ដីទាំង ២ ប្លង់នេះ បច្ចុប្បន្ន កាន់កាប់ដោយឈ្មោះ លី ម៉ារី ។

ដល់ឆ្នាំ២០០០ ក៏មានពលរដ្ឋច្រើនគ្រួសារ ចេះតែមករស់នៅលើដីចំណីផ្លូវ ពីខាងមុខ ហើយវាតចូលដល់ ក្នុងដីកម្មសិទ្ធិដី របស់ឈ្មោះទាំងនេះ មានដូចជា ឈ្មោះរ៉េន រើក (ចៅសង្កាត់កំពង់ស្វាយ) ឈ្មោះតូ តុងហាន់ ឈ្មោះយឿន ប៊ឹប ឈ្មោះ ចាប់ សារុន ឈ្មោះអោម ជិន ឈ្មោះជុំ ស្រឿន (ស្រ៊ាន)។ តមក មានឈ្មោះ សេង សម្បត្តិ ឈ្មោះទេព ភិរុណ (ប្តីឈ្មោះ អឿន សារឹទ្ធិ ហៅទុយ) ឈ្មោះ កែវ ណម ឈ្មោះខូវ មុយសេង ឈ្មោះ សេង ឆវី ឈ្មោះ ធឹម ភឿន ឈ្មោះ ហេង នឿង ឈ្មោះអ៊ុំ សាវុធ ។
ឆ្នាំ២០០៤ ក៏មានវិវាទប្តឹងផ្តល់គ្នាកើតឡើង ។ ទោះយ៉ាងណា កន្លងមក ឈ្មោះមួយចំនួន បានត្រូវដោះស្រាយបញ្ចប់វិវាទគ្នារួច។ គឺសល់តែ ៦ គ្រួសារ ចុងក្រោយ មានឈ្មោះ ទេព ភិរុណ (ប្តីឈ្មោះអឿន សារឹទ្ធិ ហៅទុយ) ឈ្មោះ កែវ ណម ឈ្មោះខូវ មុយសេង ឈ្មោះអ៊ុំ សាវុធ ឈ្មោះ ជុំ ស្រឿន(ស្រ៊ាន) ឈ្មៅអ៊ុំ សាវុធ និងឈ្មោះចាប សារុន ។

តំណាង បានបន្តថា៖ នៅឆ្នាំ២០១៨ វិវាទនេះ បានក្តីក្តាំគ្នាដល់តុលាការ សាលាដំបូង ខេត្តបន្ទាយមានជ័យ ដោយតុលាការ សម្រេចអោយម្ចាស់ដី មានប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់អចលនវត្ថុ ឬប្លង់រឹង ២ ប្លង់ គឺឈ្មោះ លី ម៉ារី ឈ្នះក្តី និងចេញសាលក្រមស្ថាពរ ។ តែភាគីម្ខាងទៀត បានប្តឹងសារទុក ទៅសាលាឧទ្ធរណ៍ផង និងទៅស្ថាប័ន ទទួលដោះស្រាយវិវាទដីធ្លី ផ្សេងទៀតផង ។
ថ្វីត្បិតតែយ៉ាងនេះ តាមនីតិវិធីតុលាការផង និងតាមអាជ្ញាធរមានសមត្ថកិច្ចផង នៅទីបញ្ចប់ ភាគីម្ចាស់ដី មានប្លង់ទទួលបានសិទ្ធិកាន់កាប់ គ្រប់គ្រង និងប្រើប្រាស់លើដី មានប្លង់របស់ខ្លួនដដែល ហើយទទួលបាន ការអនុញ្ញាត ពីអាជ្ញាធរខេត្ត អោយចាក់ដីពង្រាប អោយស្មើផងដែរ ។
មកដល់ឆ្នាំ២០១៩ និង ២០២០ នេះ ភាគីវិវាទ បានទាក់ទងគ្នា សម្របសម្រួលដោះស្រាយគ្នា ក្នុងគោលការណ៍ឈ្នះ ឈ្នះ ដោយភាគីម្ចាស់ដី ផ្តល់សម្បទាន ដល់ពលរដ្ឋ ចុងចំលើយមានឈ្មោះ ទេព ភិរុណ (ប្តីឈ្មោះ អឿន សារឹទ្ធិហៅទុយ) ឈ្មោះ កែវ ណម ឈ្មោះខូវ មុយសេង ឈ្មោះអ៊ុំ សាវុធ ឈ្មោះជុំ ស្រឿន (ស្រ៊ាន) បានទទួលដីកាន់កាប់ស្របច្បាប់ និងទូទាត់ប៉ះប៉ូវ ជាថវិកាមួយចំនួន ត្រឡប់ទៅវិញ។ ក្នុងនោះភាគីទាំង២ បានឈានដល់ធ្វើ កិច្ចព្រមព្រៀង សះជា និងបញ្ចប់វិវាទដីធ្លីដ៏រុំារ៉ៃ តាំងពីឆ្នាំ២០០៤ មកនោះ ។ ចំពោះឈ្មោះ ចាប សារុន ក៏នឹងបន្តសម្របសម្រួលដោះស្រាយបញ្ចប់នៅពេលដ៏ខ្លីខាងមុខ ។

ចំណែកពលរដ្ឋ ជាចុងចម្លើយ មានមាន ឈ្មោះខូវ មុយសេង ឈ្មោះអឿន សារឹទ្ធិហៅទុយ(ឈ្មោះទេព ភិរុណ) (កូនស្រីជំនួសមុខ)ឈ្មោះ អ៊ុំ សាវុធ ឈ្មោះ កែវ ណម ឈ្មោះជុំ ស្រឿន(ស្រ៊ាន) បានប្រាប់កាសែតរស្មីកម្ពុជា ដោយឡែកៗពីគ្នា កាលពីថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងន័យស្រដៀងគ្នាថា ៖ ពួកខ្លួនមកកាន់កាប់ អាស្រ័យផល និងរស់នៅ លើដីជាប់ខាងលិចផ្លូវជាតិលេខ៥៦ បច្ចុប្បន្ន ភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណនេះ លុះដល់មានក្តីក្តាំ ក៏ទើបដឹងថា ខាងដើមបណ្តឹងឈ្មោះ លី ម៉ារី ឈ្មោះទិត្យ លេក និងឈ្មោះ លី អម្មារ៉ា មានប្លង់រឹង ។ ដូច្នេះពួកខ្លូន ក៏ចាញ់ក្តី ប៉ុន្តែបានតស៊ូរកអន្តរាគមន៍ ទៅស្ថាប័នដោះស្រាយនានា ។ តែទីបំផុត ពួកខ្លួន និងដើមបណ្តឹង ក៏ឈានដល់សះជា ដកបណ្តឹង និងសម្របសម្រួល ដោះស្រាយគ្នា តាមគោលការណ៍ ឈ្នះ ឈ្នះ។
ពលរដ្ឋ បានបន្តថា៖ ក្នុងការសម្របសម្រួល ដោះស្រាយក្នុងរូបមន្តដូចគ្នាខ្លះ និងខុសគ្នាខ្លះ គឺភាគីខ្លួន បានទទួលដី ដែលធ្លាប់រស់នៅនិងអាស្រ័យផល ដោយឈ្មោះលី ម៉ារី យល់ព្រមកាត់ឆ្វៀល ចេញពីប្លង់ដីគាត់ ។
ឯពួកខ្លួន ត្រូវទូទាត់ជាថវិកាមួយចំនួន តាមទំហំដី និងតាមការព្រមព្រៀង យោគយល់គ្នា ទៅអោយឈ្មោះ លី ម៉ារី វិញ ។ ពលរដ្ឋ ក៏ដូចតំណាងរបស់ឈ្មោះលី ម៉ារី អះអាងចុងក្រោយថា៖ ការស្រុះស្រួល ស្ម័គ្រចិត្តបញ្ចប់វិវាទដីធ្លី ចំណុចអតីតស្រះទឹកកងទ័ព សម័យលន់ នល់ នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ នេះ មិនរងការបង្ខិតបង្ខំ ឬគម្រាមកំហែងពីភាគីណាទេ ហើយវិវាទដីធ្លីនេះ ក៏បានកើតឡើង រវាងភាគីទាំង ២ នៃពួកខ្លួនមិនពាក់ព័ន្ធ ឬមានការឃុបឃិត ណាមួយ ពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឬមន្ត្រីអាជ្ញាធរ មន្ត្រីសមត្ថកិច្ច ណាផ្សេងឡើយ ។
លោក សៅ ទ្រី មេភូមិខ្លាកូនចាស់ បានប្រាប់កាសែតរស្មីកម្ពុជា ថ្ងៃទី២០ ខែកុម្ភៈថា៖ ក្នុងនាមអាជ្ញាធរ មានសមត្ថកិច្ច លោកសប្បាយ អបអរ និងថ្លែងអំណរគុណ ដល់អាជ្ញាធរស្ថាប័នថ្នាក់លើ ពិសេសចំពោះ បងប្អូនប្រជាពលរដ្ឋ ជាភាគីវិវាទ ដែលស្រុះស្រួលគ្នា បញ្ចប់ទំនាស់ដីធ្លី ៕ សរន