ពួកអ្នកវិទ្យាសាស្ត្រនៅក្រុមហ៊ុន Greffex ដែលជាក្រុមហ៊ុនវិស្វកម្មហ្សែនមានមូលដ្ឋាននៅរដ្ឋតិចសាស់ បានអះអាងថា ពួកគេបានបង្កើតវ៉ាក់សាំងការពារវីរុសកូរ៉ូណារួចរាល់ហើយ។
ក្រុមហ៊ុនបានប្រាប់ទស្សនាវដ្តីពាណិជ្ជកម្មហ៊ូស្តុនថា ក្រុមហ៊ុនបានសម្រេចរួចរាល់នូវការអភិវឌ្ឍវ៉ាក់សាំង ហើយត្រៀមរួចរាល់សម្រាប់ការសាកល្បងលើសត្វនិងការត្រួតពិនិត្យដោយនិយតករអាម៉េរិក។
ការប្រកាសនេះកើតឡើងបន្ទាប់ពីអ្នកវិទ្យាសាស្ត្រអង់គ្លេសបានប្រកាសថាពួកគេនឹងចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងរបស់ពួកគេ ហើយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យតិចសាសនៅអូស្ទីនបានប្រកាសថាពួកគេបានបង្កើតសមាសធាតុដែលពួកគេជឿថាអាចប្រើជាវ៉ាក់សាំងបាន។
អ្នកវិទ្យាសាស្ត្រច្រើនរាប់មិនអស់នៅជុំវិញពិភពលោកកំពុងប្រណាំងប្រជែងគ្នាដើម្បីបង្កើតវ៉ាក់សាំង ត្បិតពួកគេប្រើវិធីសាស្រ្តផ្សេងៗគ្នាក៏ដោយ។
ទោះយ៉ាងណា ការបង្កើតវ៉ាក់សាំងគឺគ្រាន់តែជាជំហានដំបូងឆ្ពោះទៅរកការចែកចាយប៉ុណ្ណោះ។ ការប៉ាន់ប្រមាណភាគច្រើនបានលើកឡើងថា ពីការចាប់ផ្តើមធ្វើតេស្តរហូតដល់ការចែកចាយថ្នាំ អាចមានរយៈពេលពី ១៨ ខែទៅ ២ ឆ្នាំ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Greffex មិនបានប្រកាសពីពេលវេលារួចរាល់សម្រាប់ការចែកចាយវ៉ាក់សាំងរបស់ខ្លួននោះទេ៕ ដោយ៖ កញ្ញាដាលីស
