ប្រធានាធិបតីដូណាល់ ត្រាំកាលពីថ្ងៃព្រហស្បតិ៍ (២០ កុម្ភៈ) បានសើចចម្អកដល់ជ័យលាភីពានរង្វាន់អូស្ការសម្រាប់រូបភាពល្អដាច់គេជាប្រវត្តិសាស្ត្រសម្រាប់ខ្សែភាពយន្ត Parasite របស់កូរ៉េខាងត្បូង ដោយប្រាប់ទៅកម្មវិធីជួបជុំយុទ្ធនាការបោះឆ្នោតថា គាត់បន់ឱ្យខ្សែភាពយន្តហូលីវូដ Gone with the Wind ឆ្នាំ១៩៣៩ ត្រឡប់មកវិញ។
ខ្សែភាពយន្ត Parasite ដែលជារឿងតិះដៀលសង្គមអំពីគម្លាតរវាងអ្នកមាននិងអ្នកក្រនៅក្នុងទីក្រុងសេអ៊ូលសម័យទំនើប កាលពីដើមខែនេះបានក្លាយជាខ្សែភាពយន្តមិនមែនភាសាអង់គ្លេសដំបូងគេ ដែលទទួលបានពានរង្វាន់កំពូលរបស់ហូលីវូដ។
ភាពយន្តនេះក៏បានឈ្នះពានរង្វាន់អូស្ការចំនួន ៣ ផ្សេងទៀតផងដែរ គឺពានអ្នកដឹកនាំរឿងល្អដាច់គេ និងពានសាច់រឿងដើមល្អដាច់គេសម្រាប់លោក បុង ជុនហូ និង ពានខ្សែភាពយន្តមានលក្ខណៈជាអន្តរជាតិល្អដាច់គេ។
លោកត្រាំបានចោទសួរទៅហ្វូងមនុស្សនៅទីក្រុងខូឡូរ៉ាដូស្ព្រីង រដ្ឋខូឡូរ៉ាដូ យ៉ាងដូច្នេះថា “តើកម្មវិធីប្រគល់ពានរង្វាន់ Academy Awards ឆ្នាំនេះ យ៉ាប់ដល់កម្រិតណា?”។
ដោយធ្វើត្រាប់តាមពិធីករក្នុងកម្មវិធី Academy Awards លោកត្រាំបាននិយាយថា “ហើយជ័យលាភីគឺបានទៅលើខ្សែភាពយន្តមកពីប្រទេសកូរ៉េខាងត្បូង”។
លោកត្រាំបានបន្ថែមថា “ចុមម៉េចក៏ទៅជាអ៊ីចឹងអស់ទៅ? យើងមានបញ្ហាគ្រប់គ្រាន់ហើយជាមួយកូរ៉េខាងត្បួង ជាមួយពាណិជ្ជកម្ម។ បន្ទាប់មកស្រាប់តែពួកគេផ្តល់ពានខ្សែភាពយន្តល្អដាច់គេប្រចាំឆ្នាំឱ្យទៅពួកគេ?”។
សំដៅទៅលើខ្សែភាពយន្តអំពីសម័យសង្គ្រាមស៊ីវិលនៅភាគខាងត្បូងដែលបានឈ្នះពានរង្វាន់អូស្ការសម្រាប់រូបភាពល្អដាច់គេកាលពី ៨០ ឆ្នាំមុន លោកត្រាំបាននិយាយទៅកាន់អ្នកគាំទ្ររាប់ពាន់នាក់ថា “តើយើងអាចយកខ្សែភាពយន្ត Gone With the Wind ត្រឡប់មកវិញបានទេ?”។
លោកត្រាំក៏មិនគាំទ្រនោះដែរ ដែលតារាសម្តែងប្រ៊ែតភីតឈ្នះពានរង្វាន់អូស្ការសម្រាប់តួរងល្អដាច់គេក្នុងរឿង “Once Upon a Time” នៅហូលីវូដ។
ភីតបាននិយាយក្នុងពេលទទួលយកពានរង្វាន់នេះថា គាត់មានពេលវេលានិយាយច្រើនជាង ៤៥ វិនាទីធៀបនឹងពេលវេលាដែលអតីតទីប្រឹក្សាសន្តិសុខជាតិលោកចន បូលតុនទទួលបាននៅឯការជំនុំជម្រះអំពីការចោទប្រកាន់ដកតំណែងលោកត្រាំនៅព្រឹទ្ធសភា។
ត្រាំនិយាយអំពីភីតយ៉ាងដូច្នេះថា “ខ្ញុំមិនដែលគាំទ្រគាត់នោះទេ។ គាត់ជាមនុស្សចេះដឹងរាក់កំផែល”៕ ដោយ៖ កញ្ញាដាលីស