រឿង​បង្ហាញ​កេរ្តិ៍​មិន​រាងចាល : ថៃ ស្រី​នាង នឹង​អាច​ជាប់ពន្ធនាគារ​ពី​១​ខែ​-១​ឆ្នាំ​

ដោយៈ មុនី​រ័ត្ន​,​ឆាយា​នាថ​/​ភ្នំពេញៈ តំណាង​អយ្យការ​បានសម្រេច​ចោទប្រកាន់​ស្ត្រី​ឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រី​នាង អ្នកលក់​ផលិតផល​អន​ឡាញ​តាម​បណ្តាញ​សង្គម បញ្ចេញ​សាច់ និង​កន្លែង​កេរ្តិ៍ខ្មាស​មួយចំនួន តាម​មាត្រា​៣៨ មាត្រា​៣៩ កថាខណ្ឌ​ទី​៣​នៃ​ច្បាប់​ស្តីពី​ការធ្វើ​អាជីវកម្ម​ផ្លូវភេទ​និង​មាត្រា​២៤៩​នៃ​ក្រមព្រហ្មទណ្ឌ​និង​បាន​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​គុជ គឹម​ឡុង ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០​។​
យោងតាម​មាត្រា ៣៨-៣៩ ច្បាប់​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រី​នាង អាច​នឹង​ប្រឈម​ជាប់ទោស​ចាប់ពី​១​ខែ ដល់ ១​ឆ្នាំ​។
​ប៉ូលិស​បាន​បញ្ជូន​ស្ត្រី​ឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រី​នាង អាយុ​៣៩​ឆ្នាំ​ជា​អ្នកលក់​ផលិតផល​អន​ឡាញ​តាម​បណ្តាញ​សង្គម ដោយបាន​បញ្ចេញ​សាច់ និង​កន្លែង​កេរ្តិ៍ខ្មាស​មួយចំនួន​ទៅ​តុលាការ​កាលពី​រសៀល​ថ្ងៃទី​២០ ខែកុម្ភៈ​។
​ស្ត្រី​ឈ្មោះ ថៃ ស្រី​នាង ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៩ ខែកុម្ភ​: ក្នុងករណី​បង្ហោះ​រូបភាព​សិច​ស៊ី ប្រឈម​នឹង​ការ​ចោទ​ពីបទ​ផុស​រូបភាព និង​សម្ភារ​អាសអាភាស ដោយ​យោងតាម​មាត្រា ៣៨-៣៩ ច្បាប់​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដែល​ជាប់ទោស​ចាប់ពី​១​ខែ ដល់ ១​ឆ្នាំ​។

ថៃ ស្រី​នាង នឹង​អាច​ជាប់ពន្ធនាគារ​ពី​១​ខែ​-១​ឆ្នាំ​


​សូមជម្រាបថា កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភ​: ស្ត្រី​ឈ្មោះ ថៃ ស្រី​នាង ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​យកមក​ធ្វើ​ការអប់រំ ណែនាំ និង​ធ្វើ​កិច្ចសន្យា ចំពោះ​កំហុសឆ្គង​ដែល​គាត់​បាន​ផុស​រូបភាព និង​វីដេអូ​ឃ្លី​ប ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនៀមទម្លាប់​ប្រពៃណី ជាពិសេស​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​ស្ត្រី​ខ្មែរ និង បាន​យល់ព្រម​ថត​ជា​វីដេអូ​ដេ​ម្បី​សុំទោស​ជា​សាធារណ​:​នូវ​កំហុស​របស់គាត់ ។ បន្ទាប់ពី​ធ្វើ​កិច្ចសន្យា និង​សារភាព​កំហុស​រួច នៅវេលា​ម៉ោង​១១:៣០ ក៏បាន​អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ ។ ស្រាប់តែ​ម៉ោង ២:៣៥​រសៀល​ថ្ងៃ​ដដែល ថៃ ស្រី​នាង នៅតែ​មិន​រាងចាល ថែមទាំង​ផុស​រូប​អាក្រាតកាយ ដែល​ស្លៀក​តែ​ខោ​លី​អូ ។ ដោយមាន​ការឯកភាព​យល់ព្រម​ពី​លោក គុជ គីម​ឡុង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង ៤:២០​ល្ងាច ថ្ងៃទី​១៩ ខែកុម្ភៈ សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ចុះទៅ​នាំខ្លួន ថៃ ស្រី​នាង ម្តងទៀត ដើម្បី​រៀបចំ​សំណុំ​ឯកសារ​បញ្ជូន​បន្តទៅ​តុលាការ និង​អនុវត្តតាម​នីតិវិធី​ច្បាប់ ។​

​សូមជម្រាបថា នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​ក្រសួងមហាផ្ទៃ ធ្វើ​ការងារ​ក្នុង​បទល្មើស​បច្ចេកវិទ្យា​ដើម្បី​ពិនិត្យមើល និង​ចាត់វិធានការ​រល់​វីដេអូ​អាសអាភាស​របស់​ស្ត្រី​ខ្មែរ​មួយចំនួន ដែល​បាន​ថត និង​បែកធ្លាយ​ដោយ​ខ្លួនឯង ដែលមាន​តាម​វេ​ប​សាយ​មួយចំនួន ព្រោះនេះ​ពិតជា​មានការ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កិ​ត្ត​យស និង​សីលធម៌​របស់​ស្ត្រី​ខ្មែរ ហើយ​ណាមួយ​កម្ពុជា​ក៏​គ្មាន​ច្បាប់​អោយធ្វើ​បែប​នោះឡើយ​។
​ជាមួយគ្នា​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​បាន​ព្រមាន​ចាត់វិធានការ​អ្នក​ដែល​ផ្សព្វផ្សាយ​លក់​ផលិតផល​តាម​អន​ឡាញ​មួយចំនួន ដែល​មានការ​ស្លៀកពាក់​ស៊ិ​ច​ស៊ី ជ្រុលនិយម ហើយ​ធ្វើការ​ផ្សព្វផ្សាយ​(Live)​លក់​ផលិតផល​របស់ខ្លួន​លើ​បណ្តាញ​សង្គម​ផ្សេងៗ ដែល​នេះ​ក៏​ជាការ​ប៉ះពាល់​ដល់​តម្លៃ សីលធម៌ និង​កិត្តិយស​ស្ត្រី​ខ្មែរ​យើង​ផងដែរ​៕​សរន​