ដោយ:គង់ហេង/ត្បូងឃ្មុំ ៖ បុរសជាស្វាមីម្នាក់ក្រោយពីបរាជ័យ នៃការសុំជានាជាមួយស្រ្តីជាភរិយា ក៏បានសម្រេចប្រើអំពើហិង្សា គឺយកកាំបិតកាប់លើថ្ពាល់ផ្ទៃមុខស្រ្តីជាប្រពន្ធបណ្តាលឳ្យរបួសធ្ងន់។ ប៉ុន្តែបុរសជាប្តីដឹងរត់គេចខ្លួនទៅខាងណា ក៏ចងកសម្លាប់ខ្លួនលើដើមស្វាយចន្ទី ស្ថិតក្នុងភូមិតាមាឃថ្មី ឃុំចុងជាច ស្រុកតំបែរ នៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២០។
លោកអនុសេនីយ៍ សេង សុខម៉េង មន្រ្តីនគរបាលប៉ុស្ត៍ចុងជាចបានប្រាប់កាសែតរស្មីកម្ពុជានៅព្រឹកថ្ងៃទី ២១ កុម្ភ:ថា បុរសជាប្តីដែលកាប់ប្រពន្ធរបស់ខ្លួន ហើយបានទៅសម្ងំធ្វើអត្តឃាតខ្លួនឯងនោះឈ្មោះ មឿង ហ៊ឹម អាយុ ៤១ ឆ្នាំ។ ចំណែកស្រី្តប្រពន្ធត្រូវប្តីកាប់បណ្តាលឳ្យរបួសធ្ងន់លើថ្ពាល់ខាងឆ្វេងឈ្មោះ ឆាន់ ស្រី អាយុ ៤១ ឆ្នាំស្មើគ្នា និងមានទីលំនៅក្នុងភូមិកើតហេតុ។
មន្រ្តីនគរបាលរូបនេះបានដកស្រង់សម្តីក្រុមគ្រួសារជនរងគ្រោះ ឳ្យដឹងថា នៅមុនកើតហេតុ នៃអំពើហិង្សា និងសម្លាប់ខ្លួនេះ គឺប្តីប្រពន្ធរៀបការនឹងគ្នារយ:ពេលប្រមាណ បី ឆ្នាំហើយមិនទាន់កូននេះឧស្សាហ៍មានជម្លោះនឹងគ្នា។ រហូតឈានដល់ការដាក់ពាក្យលែងលះ កាលពីបី បួន ខែមុននេះ។
ប្រភពព័ត៌មាននោះបានឳ្យដឹងទៀតថា នៅប៉ុន្មានថ្ងៃមុនកើតហេតុខាងលើបុរសជាប្តីបាន ទៅសុំសះជាមួយស្រ្តីជាប្រពន្ធវិញ។ ប៉ុន្តែខាងស្រីបានបដិសេធចំពោះការសុំនេះ ក៏ស្រាប់តែនៅម៉ោងប្រហែល ៧ ព្រឹក ថ្ងៃទី ២០ កុម្ភ: មឿង ហ៊ឹម ជាប្តីបានសម្រេចចិត្តប្រើអំពើហិង្សាលើ ឆាន់ ស្រី ជាប្រពន្ធដែលកំពុងរើសគ្រាប់ស្វាយចន្ទីក្នុងចម្ការចម្ងាយពីផ្ទះប្រមាណជិតពីរគីឡូម៉ែត្រ គឺកាប់លើថ្ពាល់បំផ្លាញសម្រស់របស់ប្រពន្ធបណ្តាលឳ្យ របួសយ៉ាងធ្ងន់។
ប្រភពដដែលបានបន្ថែមថា ក្រោយពីធ្វើសកម្មភាពកាប់ប្រពន្ធឳ្យរបួសធ្ងន់ហើយ គឺបុរសជាប្តីម្នាក់នេះពុំដឹងគេចទៅសម្ងំលាក់ខ្លួនទីណា ក៏បានទៅចងកសម្លាប់ខ្លួនឯងនឹងស្វាយចន្ទីចម្ងាយជិត១០០ ម៉ែត្រពីកន្លែងកាប់ប្រពន្ធឳ្យរបួសនោះ៕B/