ដោយ:សុផានីតា/កោះកុង ៖ លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង គ្រោងសុំកិច្ចអន្តរាគមន៍មន្រ្តីមន្ទីររៀបចំដែនដី ចុះពិនិត្យវាយតម្លៃគុណភាពសំណង់ដែលកំពុងសាងសង់ក្នុងបរិវេណវត្តនានា ដើម្បីធានាបាននូវគុណភាពបច្ចេកទេសសំណង់ និងសុវត្ថិភាពប្រើប្រាស់យូរអង្វែង បញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ ក៏ដូចជាស្របទៅនឹងច្បាប់ស្តីពីសំណង់។
ព្រោះតែមើលឃើញពីបញ្ហាគ្រោះថ្នាក់បាក់ព្រះវិហារនៅខេត្តសៀមរាប និងបាក់អគារនៅខេត្តកែប កន្លងទៅបង្កឱ្យមនុស្សស្លាប់ និងរងរបួស ចាប់ពីពេលនេះតទៅ លោក អ៊ូច ទូច ប្រធានប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង នឹងផ្តល់គំនិតដល់ព្រះចៅ អធិការវត្ត និងគណៈកម្មការអាចារ្យវត្តទាំងអស់នៅក្នុងខេត្តកោះកុង អនុញ្ញាតឱ្យមានជាមន្រ្តីជំនាញចុះពិនិត្យគុណភាពសំណង់កុដិ្ឋ សាលារៀន សាលាឆាន់ ឬព្រះវិហារ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសជាមុនសិន។
ការអះអាងរបស់លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង យ៉ាងដូច្នេះ ធ្វើឡើងក្រោយពិធីផ្សព្វផ្សាយអនុសំវច្ឆរមហាសន្និបាទព្រះមន្រ្តីសង្ឃលើកទី២៨ និងកិច្ចប្រជុំបូកសរុបលទ្ធផលការងារធម្មការ និងសាសនាឆ្នាំ២០១៩ កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ។
លោក អ៊ូច ទូច បានគូសបញ្ជាក់ទៀតថា ព្រះសង្ឃ និងអាចារ្យវត្ត មិនមែនធ្វើជាមន្រ្តីពិនិត្យបច្ចេកទេសសាងសង់ដោយខ្លួនឯងដូចមុនបានឡើយ ដូច្នេះលោករំពឹងថា រាល់ គណៈគ្រប់គ្រងវត្តអារាមទាំងអស់ ចាំបាច់យកចិត្តទុកគោរពតាមបទដ្ឋានច្បាប់ស្តីពីសំណង់។ ប៉ុន្តែទោះយ៉ាងណា កិច្ចសម្របសម្រួលមួយនេះនៅមានកម្រិតនៅឡើយ ដោយ សារថា ទាំងនោះជាសំណង់របស់វត្ត ស្រេចតែព្រះសង្ឃ និងអាចារ្យវត្តជាអ្នកចាត់ចែតរកមេជាង ហើយអនុវត្តការសាងសង់ទៅ។
គួរជម្រាបថា តាមវត្តអារាមមួយចំនួនធំក្នុងខេត្តកោះកុង នៅមិនទាន់មានប្លង់សិទ្ធិត្រឹមត្រូវស្របច្បាប់នៅឡើយ ដូចជាការគ្រប់គ្រងដីធ្លី សំណង់អគារព្រះវិហារ កុដ្ឋិ និង សាសារៀន នៅជួបប្រទះបញ្ហាប្រឈមខ្ពស់ចំពោះព្រះសង្ឃ និងគណៈកម្មការវត្តនីមួយៗ។
ក្តីព្រួយបារម្ភរបស់ព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្តខាងលើ ត្រូវបានលោក អ៊ូច ទូច អះថ្លែងថា លោកនឹងសុំកិច្ចសហការជាមួយមន្ទីរដែនដី ដើម្បីធ្វើយ៉ាងណាឱ្យមន្រ្តីជំនាញចុះពិនិត្យនិងវាស់វែងធ្វើប័ណ្ណកម្មសិទ្ធិអចលនទ្រព្យ ជៀសវាងការលួចទន្រ្ទានយកដីវត្តប្រកាសណាមួយ។
កន្លងទៅ មានវត្តអារាមតិចតួចណាស់ដែលបានចុះបញ្ជីធ្វើប្លង់កម្មសិទ្ធិបានត្រឹមត្រូវតាមច្បាប់ រីឯវត្តមានដែលបានចុះបញ្ជីហើយនោះភាគច្រើនដែលនៅក្នុងទីរួមខេត្ត និងស្រុកបានធ្វើវិនិច្ឆ័យដីធ្លី ឬកាត់ចេញពីតំបន់អភិរក្សការពារ។
ចំណែឯលោក រស់ វីរ៉ាវុធ ប្រធានមន្ទីររៀបចំដែនដី នគរូបណីយកម្ម និងសំណង់ខេត្តកោះកុង វិញ គឺបានគាំទ្រពេញទំហឹងចំពោះព្រះសង្ឃ និងគណៈកម្មការវត្តនានាដែលមានបំណងចង់ឱ្យគរុភណ្ឌរបស់វត្តទទួលបានភាពស្របច្បាប់កំណត់។ ព្រោះថា បច្ចុប្បន្ន ករណីបើគ្មានការស្នើសុំពីព្រះចៅអធិការ ឬគណៈកម្មការវត្ត ក៏លោកមិនហ៊ានប៉ះពាល់អ្វីដែលជាទ្រព្យសម្បត្តិរបស់វត្តដែរ។
លោក វីរ៉ាវុធ បានឱ្យដឹងថា ក្រុមការងារជំនាញ ធ្លាប់ចុះពិនិត្យ និងធ្វើប័ណ្ណកម្មសិទ្ធិជូនវត្តចំនួន២មកហើយ គឺវត្តនាងកុក និងវត្តប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដោយឡែកទីវត្តអារាមផ្សេងៗកំពុងបន្តនីតិវិធីការវិនិច្ឆ័យដីធ្លីជូនព្រះសង្ឃ និងពលរដ្ឋ។
ចំពោះគុណភាពសំណង់តាមវត្ត មន្ទីរដែនដីខេត្តកោះកុង ក៏គ្រោងនឹងចុះទៅតាមវត្តអារាមនានា ដើម្បីត្រួតពិនិត្យ និងវាយតម្លៃពីគុណភាពបច្ចេកទេសសំណង់ដែលកំពុងសាងសង់ ក្នុងន័យរក្សាបានសន្តិសុខ និងសុវត្ថិភាពប្រើប្រាស់ បញ្ចៀសការបាក់ស្រុតបង្កឱ្យគ្រោះថ្នាក់៕/B