ឃុំកូនសត្វជាតំបន់កសិ-ទេសចរណ៍​ទាក់ដ៏ទាញសម្រាប់ទេសចរបរទេស​

262
ចែករម្លែក

ដោយ:បូកគោ/កំពត ៖ មន្ត្រីជំនាញបានបញ្ជាក់ពីសក្តានុពលរបស់ឃុំកូនសត្វពាក់ព័ន្ធនឹងវិស័យទេសចរណ៍ជាមួយ ដំណាំបន្លែ ចម្ការឈើហូបផ្លែ រទេះដឹកភ្ញៀវកម្សាន្ត គួបផ្សំទេសភាពល្អប្រពៃគួរឱ្យគយគន់គ្រប់រដូវកាល។

លោកសយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានរៀបរាប់ថាកូនសត្វជាឃុំមួយក្នុងចំណោមឃុំទាំង១៦ទូទាំងស្រុកទឹកឈូ។ ៧០ភាគរយនៃភូមិឋាន និងផ្ទៃដីបង្កបង្កើនផលរបស់ប្រជាពលរដ្ឋក្នុងឃុំកូនសត្វទាំងមូលគ្របដណ្តប់ដោយដំណាំបន្លែ ចម្ការឈើហូបផ្លែបន្តវេនគ្នាគ្រប់រដូវ។ ជាមួយនោះ ក៏នៅមានទេសភាពប្លែកៗរំលេចឡើងពីជួរភ្នំកូនសត្វ ចម្ការម្រេច និងអាងទំបន់ទឹកប្រទាក់ក្រឡាដ៏ធំល្វឹងល្វើយដែលនាំទឹកដីឃុំកូនសត្វក្លាយជាតំបន់កសិ-ទេសចរណ៍ពោរពេញដោយភាពទាក់ទាញបំផុត។

លោកប្រធានមន្ទីរបានបន្តថាសកម្មភាពនៃការដាំដុះនូវរាល់ដំណាំរបស់ប្រជាកសិករទាំងនោះបានអូសទាញអារម្មណ៍ភ្ញៀវជិតឆ្ងាយ ពិសេសទេសចរបរទេសឱ្យចូលចិត្តទៅកម្សាន្តនៅតាមភូមិ និងឈ្វេងយល់ផ្ទាល់អំពីរបៀបធ្វើកសិកម្មរបស់ពលរដ្ឋខ្មែរ។

លើសពីនេះ ក្រៅពីបានឃើញសកម្មភាពអ្នកភូមិ ភ្ញៀវអាចបន្តដំណើរទៅមើលចម្ការម្រេចដែលមានការរៀបចំសោភ័ណភាពបានល្អស្អាត ទស្សនាកន្លែង ពិព័រណ៍ផលិតផលម្រេច ឧបករណ៍កសិកម្មបែបបុរាណ អាហារដ្ឋាន និងកន្លែងស្នាក់នៅជាដើម។ លោក សយ ស៊ីណុល បានបញ្ជាក់ថា អ្វីដែលកាន់តែពិសេសថែមទៀតនោះគឺការជិះរទេះគោ រទេះក្របីទៅ មើលថ្ងៃលិច និងគយគន់ដំណាំផ្សេងៗនៅជាប់អាងទំនប់ប្រទាក់ក្រឡាផងដែរ។ ក្នុងករណីបើមានបំណងចង់អង្គុយមើលធម្មជាតិជុំវិញខ្លួន ភ្ញៀវអាចសម្រាកលម្ហែតាមខ្យូសម្ចាស់ចម្ការនៅជាប់មាត់ទឹក ឬជិះទូកកម្សាន្តក្នុងអាងទំនប់ប្រទាក់ក្រឡាបាន។

លោកប្រធានមន្ទីរបានបន្តទៀតថា ដោយសារសក្តានុពលដ៏វិសេសវិសាលនេះទើបភ្ញៀវបរទេសដែលធ្លាប់មកកម្សានម្តងហើយតែងចង់វិលត្រឡប់មកលេងម្តងទៀត។ ជាក់ស្តែង គ្រាន់តែគិតក្នុងឆ្នាំ២០១៩ តំបន់កសិ-ទេសចរណ៍កូនសត្វទទួលទេសចរបរទេសបានប្រមាណជាង៣២.០០០នាក់ ខណៈដែលភ្ញៀវជាតិមានប្រហែល៥.០០០នាក់៕B/