បណ្ឌិត​សង្ឃៈ ហាត់​ធ្វើ​សមាធិ​ដ៏​សាមញ្ញ ជួយ​អ្នកសិក្សា​រៀនសូត្រ​បាន​ពូកែ​

ដោយៈ មេសា​/​ភ្នំពេញៈ ភិក្ខុ​ព្រះ​ធម្ម​ឃោ​សា​ចា​រ្យ បណ្ឌិត ឃី សុវណ្ណ​រតនា សកលវិទ្យា​រង ទទួលបន្ទុក​ដឹកនាំ​គ្រប់គ្រង​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ មាន​ព្រះ​ថេរ​ដីកា​អំពី​គុណប្រយោជន៍ នៃ សមាធិ​ដ៏​សាមញ្ញ​សម្រាប់​អ្នកសិក្សា​គ្រប់គ្នា​ថា ការធ្វើ​សមាធិ គឺជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​គ្រប់គ្រង​ចិត្ត​ឱ្យ​ស្ងប់ ឱ្យ​ហ្នឹង​ហ្ន មាំមួន ! នៅពេលណា​ចិត្តស្ងប់​ហ្នឹង​ហ្ន​ជ្រះស្រឡះ​ហើយ​នោះ ធ្វើ​ឱ្យគេ​សិក្សា​ងាយ​យល់ និង ចងចាំ​បានច្បាស់លាស់​ល្អ ដែលជា​លទ្ធផល​គឺ​គេ​អាច​សិក្សា​បាន​ខ្លាំងពូកែ ឬ និយាយ​ម្យ៉ាង​ទៀតថា ការសិក្សា​រៀនសូត្រ​អាច​ពូកែ​ទៅបាន លុះណាតែ​ចិត្តស្ងប់ ចិត្ត​ហ្នឹង​ហ្ន​មាំមួន ជ្រះស្រឡះ ប្រសិនបើ​ចិត្ត​មិន​ស្ងប់ ចិត្ត​មិន​ស្ថិតក្រោម​ការគ្រប់គ្រង​ដោយ​ល្អ ចិត្ត​ស្មុគស្មាញ ជា​ចិត្ត​រសាត់អណ្តែត រវើរវាយ រាយមាយ​ហើយ​នោះ ប្រាកដជា​មិនអាច​សិក្សា​បានល្អ​ឡើយ


​ព្រះមហា​សមណៈ​ខេ​មរ​បណ្ឌិត ឃី សុវណ្ណ​រតនា មាន​ព្រះ​ថេរ​ដីកា​បែបនេះ នៅក្នុង​បាឋកថា​ពិសេស​របស់​ពុទ្ធិ​កសក​ល​វិទ្យាល័យ​ព្រះសីហនុ​រាជ ស្តីពី​ការអប់រំ​ចិត្ត​បែប​ព្រះពុទ្ធ​ស​សនា ។​


​សមាធិ នៅទីនេះ​ព្រះមហា​សមណៈ ឃី សុវណ្ណ​រតនា ចង់​សំដៅ​ដល់​សមាធិ​កម្រិត​សាមញ្ញ ដែល​គ្រាន់តែ​ជា​ប្រមូល​អារម្មណ៍​មក​គ្រប់គ្រង​ឱ្យ​បានល្អ​តែប៉ុណ្ណោះ ហើយ​ព្រះអង្គ​ក៏​ចង់​ផ្ញើ​សារ​ក្រើនរំឭក​ដល់​អ្នកសិក្សា​ទាំងឡាយ​ថា គប្បី​ឆ្លៀតឱកាស​ធ្វើ​សមាធិ​ឱ្យបាន​រឿយៗ ដើម្បី គ្រប់គ្រង​ចិត្ត​ឱ្យបាន​ល្អ កុំឱ្យ​ចិត្ត​រសាត់អណ្តែត រាយមាយ ដោយ​ពុំមាន​ការគ្រប់គ្រង ។ ក៏​ដោយសារ​យល់ឃើញ​អំពី​គុណប្រយោជន៍​ដ៏​មិនអាច​កាត់ថ្លៃ​បាន នៃ សមាធិ​នោះឯង​ហើយ ទើប​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ រៀបចំ​ដឹកនាំ​បុគ្គលិក សម​ណន​ស្សិត និង និស្សិត​របស់ខ្លួន រួមទាំង​ជនានុជន ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ផង ហាត់​ធ្វើ​សមាធិ​គ្រប់គ្រង​ចិត្ត​ដែរ ។​


​សមាធិ គឺជា​កិច្ច​ការដែល​ងាយ​ធ្វើបាន​គ្រប់ៗ​គ្នា ដោយ​គ្រាន់តែ​ចំណាយពេល​ប្រមាណ​ជា ២០ ទៅ ៣០ នាទី អង្គុយ​ស្មឹង​ស្មាធិ៍​ប្រមូល​អារម្មណ៍​មក​គ្រប់គ្រង​ជារឿយៗ ក៏​គឺជា​ការប្រសើរ​ណាស់​ទៅហើយ ។ សមាធិ មិនមែន​សម្រាប់តែ​ព្រះសង្ឃ ដូនជី តាជី ឬ អ្នកសិក្សា​ឡើយ ពោលគឺ​សមាធិ ដ៏​សាមញ្ញ​ត្រឹមតែ ២០ ទៅ ៣០ នាទី ជារឿយៗ នេះ នាំមក​នូវ​គុណប្រយោជន៍​យ៉ាង​ទូលំទូលាយ សម្រាប់​មនុស្ស​គ្រប់គ្នា រួមទាំង​អ្នកគ្រប់គ្រង​គ្រួសារ កុមារ យុវជន មន្ត្រីរាជការ បុគ្គលិក​ស្ថាប័នឯកជន កងទ័ព និង នគរបាល ពេទ្យ និង អ្នកទោស​នៅតាម​ពន្ធនាគារ​ជាដើម​ផងដែរ ។​


​ជាការ​កត់សម្គាល់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បណ្តា​ប្រទេស​លោកខាងលិច បានចាប់ផ្តើម​ទទួលស្គាល់​ពី​គុណ​តម្លៃ នៃ សមាធិ​ច្រើនឡើងៗ ទើប​ពួកគេ​រៀបចំ​ឱ្យមាន​សមាធិ​ច្រើនឡើងៗ ព្រោះ​ពួកគេ​ទទួលស្គាល់ថា សង្គម​កាន់តែ​ជឿនលឿន ក៏​កាន់​តែមាន​ភាពស្មុគស្មាញ ច្របូកច្របល់​រោលរាល និង សម្ពាធ ឬ ភាព​តានតឹង​កាន់តែច្រើន​ដែរ ទើប​ពួកគេ​ក៏​មើលឃើញថា សមាធិ គឺជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​មួយ​ក្នុងការ​ដោះស្រាយ និង គ្រប់គ្រង​បញ្ហា​ទាំងនោះ ៕ Kh

ព្រះ​ធម្ម​ឃោ​សា​ចា​រ្យ បណ្ឌិត ឃី សុវណ្ណ​រតនា (​ឆ្វេង​) មាន​ព្រះ​ថេរ​ដីកា​នៅក្នុង​បាឋកថា​ពិសេស​ស្តីពី​ការអប់រំ​ចិត្ត​បែប​ព្រះពុទ្ធសាសនា ( រូបៈ មេសា )
​អ្នកចូលរួម​នៅក្នុង​បាឋកថា​ពិសេស របស់​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ ( រូបៈ មេសា )
​បុគ្គលិក សមណ​និស្សិត និស្សិត និង អ្នក​ពី​ខាងក្រៅ​ចូលរួម​ធ្វើ​សមាធិ ៣០ នាទី នៅ​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ ( រូបៈ មេសា )

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...