ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​ក្រី​ត​ទ័​រ​(CREATOR)​ដែលជា​គ្រឹះស្ថាន​បោះពុម្ព និង​ចែក​ផ្សាយ គ្រោង​នឹង​រៀបចំ​កម្មវិធី​ធំ​មួយ ដែលជា​ការជួបជុំ​អ្នកនិពន្ធ​ស្ត្រី​ដំបូង​គេ​នៅ​កម្ពុជា​។ កម្មវិធី​ដែល​គ្រោង​ធ្វើ​នៅ​ចុងខែ​កុម្ភៈ​នេះ ត្រូវបាន​ប្រសិទ្ធិ​នាម​ថា “​ប៉ាកកា​នារី​” និង​មានការ​ចូលរួម​ពី​វាគ្មិន​អ្នកនិពន្ធ​ស្ត្រី​ចំនួន ១១ រូប និង អ្នកចូលរួម​ប្រមាណ ៣០០​នាក់​។


​កញ្ញា គឹម ឌី​ណា ដែលជា​អ្នករៀបចំ​កម្មវិធី “​ប៉ាកកា​នារី​” បានឱ្យដឹងថា ជំនួប​នេះ​ធ្វើឡើង​ក្រោម​ពាក្យស្លោក “​សំណេរ​នាង សំនៀង​សង្គម​”​។ កម្មវិធី​នេះ​មាន​គោលបំណង អបអរសាទរ​ទិវា​អន្តរជាតិ​នារី​៨​មីនាឆ្នាំ​២០២០ រឹតចំណង​សាមគ្គីភាព​រវាង​អ្នកនិពន្ធ​ស្ត្រី​និង​អ្នកអាន ជំរុញ និង​លើកទឹកចិត្ត​អ្នកអាន​។ ជាពិសេស​ស្ត្រី និង​ក្មេងស្រី​តាមរយៈ​ការ​តែង​និពន្ធ​។ កម្មវិធី​នេះ​នឹងមាន​ការចែករំលែក​ប​ទ​ពិសោធ​ផ្សេងៗ​គ្នា នៅ​ជុំវិញ​ការ​តែង​និពន្ធ ឱកាស ឧបសគ្គ ផងដែរ​។​


​កញ្ញា គឹម ឌី​ណា ​អ្នករៀបចំ​កម្មវិធី “​ប៉ាកកា​នារី​”


​ទាក់ទង​នឹង​បុព្វហេតុ ដែលនាំឱ្យ​មានការ​បង្កើត កម្មវិធី​នេះ​ឡើង កញ្ញា គឹម ឌី​ណា ដែលជា​សហ​ស្ថាបនិក​របស់​គ្រឹះ ស្ថាន​បោះពុម្ព​និង​ចែក​ផ្សា​យក្រីត​ទ័​រ​ដែល​នោះ យល់ឃើញថា ការ​តែង​និពន្ធ​មិនមែនជា​អាជីព​ដែល​គេ​ចាប់អារម្មណ៍​នោះទេ​។ វា​គ្រាន់តែ​ជាការ​ងារ​ដើម្បី​រកប្រាក់​ចំណូល​បន្ថែ​ម​ឬ​ដោយ​ការស្រឡាញ់​តែប៉ុណ្ណោះ​។ ទន្ទឹមនឹង​នេះដែរ កញ្ញា​សង្កេតឃើញថា មនុស្ស​មួយចំនួន​មិនសូវ​ឱ្យ​តម្លៃ​អ្នកនិពន្ធ​ក្នុងការ​អភិវឌ្ឍ​សង្គមជាតិ​នោះទេ​។ ជួនកាល អ្នកនិពន្ធ​ខ្លួនឯង​ក៏​អស់សង្ឃឹម​ក្នុងការ​តែង​និពន្ធ​ផងដែរ​។


​សហ​ស្ថាបនិក​របស់ ក្រី​ត​ទ័​រ រូបនេះ បន្តទៀតថា “​ទោះ​យ៉ាងនេះ​ក្តី យើង​សង្កេតឃើញថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ចំនួន​អ្នក​ស្រឡាញ់​សៀវភៅ និង អ្នក​ចូលចិត្ត​អាន បាន​កើនឡើង​គួរឱ្យកត់សម្គាល់​។ ដូច្នេះ​ទើប​គ្រឹះស្ថានបោះពុម្ពផ្សាយ​ក្រី​ត​ទ័​រ គិត​ឃើញថា យើង​គួរតែ​យកចិត្តទុកដាក់​នឹង​អ្នកនិពន្ធ​។​ពិសេស​អ្នកនិពន្ធ​ស្ត្រី​។​ហេតុអ្វី​ចាំបាច់​រក​ចិត្ត​ទុកដាក់​នឹង​អ្នកនិពន្ធ​ស្ត្រី​?​ក្រី​ត​ទ័​រ​មើលឃើញ​សក្តានុពល​ដ៏​ខ្លាំងក្លា​ក្នុងចំណោម​អ្នកនិពន្ធ​ស្ត្រី​ហើយ​យើង​ជឿជាក់ថា ពួកគាត់​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​តែង​និពន្ធ​ឱ្យមាន​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​ដោយ​ភាពទន់ភ្លន់​ក្នុងសង្គម​របស់​យើង​។ ក្រី​ត​ទ័​រ ជឿជាក់ថា​នៅពេលដែល​អ្នកនិពន្ធ​ស្ត្រី​ធ្វើការ​រួមគ្នា ពួកគេ​អាច​ចែករំលែក​បទពិសោធ​ផែ្ន​ក​តែង​និពន្ធ ស្វែងរក​មធ្យោបាយ​លើកកម្ពស់​ស្ត្រី និង អប់រំ​យុវជន​ជំនាន់​ក្រោយ​បានល្អ​។​”


​កញ្ញា គឹម ឌី​ណា បញ្ជាក់​បន្ថែមទៀតថា ទោះយ៉ាងណា​ក៏ដោយ ភាពជោគជ័យ​របស់​អ្នកនិពន្ធ​ស្ត្រី​មិនអាច​កាត់ផ្តាច់​បាន​ពី​ការចូលរួម​រប​ស់បុរ​ស និង​ស្ថាប័ន​ពាក់ព័ន្ធ​នោះទេ​។ ហេតុដូច្នេះ​ហើយ​ទើប​កម្មវិធី​យើង​ក៏បាន​អញ្ជើញ​អ្នកនិពន្ធ​ជា​បុរស​និង​បុរស​ផ្សេងៗ​ទៀត ចូលរួម​ក្នុង​កម្មវិធី​ដើម្បី​ស្តាប់​ការលើកឡើង និង ឈ្វេងយល់​ពី​អ្នកនិពន្ធ​ស្ត្រី​ផងដែរ​។


​សូមបញ្ជាក់ថា កម្មវិធី “​ប៉ាកកា​នារី​៖ សំណេរ​នាង សំនៀង​សង្គម​” នឹងធ្វើ​ឡើង​នៅ​ថ្ងៃ សៅរ៍ ទី ២៩ ខែកុម្ភៈ ឆ្នាំ​២០២០ ចាប់ពី​ម៉ោង ១​រសៀល ដល់ ៥​ល្ងាច នៅ សាកលវិទ្យាល័យ​ផា​រ៉ា​ហ្ក​ន (​អតីត​សាកល​វិទ្យា​ហ្សា​ម៉ាន់​)​។ កម្មវិធី នេះ​អាច​ចូលរួម​ដោយ​សេរី​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ធ្វើ​ទំនាក់ទំនង តាមរយៈ​លេខ 012 610 550 ឬ 015 79 10 72 និង 098 694 119 ៕សរន

ទិដ្ឋភាព​អ្នកចូលរួម​ក្នុង​ទិវា សៀវភៅ​កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ