ដោយៈ មេសា/ភ្នំពេញៈ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានចេញសេចក្តីប្រកាសថា “ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ សូមជម្រាបជូនអ្នកនិពន្ធ ផលិតករភាពយន្ត វិដេអូ ផលិតករហ្វូណូក្រាម អង្គភាពទូរផ្សា ( វិទ្យុ ទូរទស្សន៍ ) សិល្បករ សិល្បការិនី បណ្តាក្រុមហ៊ុនផលិតកម្ម និង បុគ្គលមួយចំនួន ទាំងនៅក្នុងប្រទេស និង ក្រៅប្រទេស ដែលបានយកស្នាដៃគ្មានអ្នកទទួលមរតក ឬ គ្មានមរតកសាសន៍ ទៅផលិតឡើងវិញ សម្តែងឡើងវិញ ថតបញ្ចូលទៅជាសោតទស្សន៍ ដើម្បី ចែកផ្សាយ និង ផ្សព្វផ្សាយតាមប្រព័ន្ធទូរផ្សាយ និង បណ្តាញសង្គមនានា ដោយពុំមានការអនុញ្ញាតពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ គឺជាអំពើខុសច្បាប់ ។ ប្រការនេះ អ្នកនិពន្ធ ម្ចាស់អង្គភាពទូរផ្សាយ ក្រុមហ៊ុនផលិតកម្ម ផលិតករ សិល្បករ សិល្បការិនី និង បុគ្គលមួយចំនួន ត្រូវបញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាពរំលោភបំពានខាងលើ ដើម្បី ចូលរួមគោរពច្បាប់ស្តីពី “ សិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល “ ទាំងអស់គ្នា ។
ក្រសួងវប្បធម៌បានរំឭកឡើងវិញថា ទោះបីកន្លងមក ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានពន្យល់ណែនាំ និង ចេញផ្សាច្បាប់ស្តីពី “ សិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល “ កាលពីខែ មីនា ឆ្នាំ ២០០៣ ជាច្រើនលើកច្រើនដងក៏ដោយ ក្រសួងនៅតែសង្កេតឃើញថា បណ្តាញ អង្គភាពទូរផ្សាយ ក្រុមហ៊ុនផលិតកម្ម និង បុគ្គលមួយចំនួន ទាំងនៅក្នុង និង ក្រៅប្រទេស បាន និង កំពុងប្រើប្រាស់ស្នាដៃអក្សរសាស្ត្រ សិល្បៈ ឬ តូរ្យតន្ត្រីគ្មានអ្នកទទួលមរតក ឬ មរតកសាសន៍ ដើម្បី យកទៅផលិតឡើងវិញ សម្តែងឡើងវិញ ថតបញ្ចូលទៅជាសោតទស្សន៍ ហើយបង្ហោះតាមបណ្តាញសង្គមនានា ដូចជា Facebook និង Youtube ជាដើម ដោយពុំមានការអនុញ្ញាតិពីក្រសួងសុខាភិបាល ។
ដោយហេតុនេះ ក្រសួងវប្បធម៌ បានព្រមានថា ក្នុងករណីនៅតែរំលោភបំពាន ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ នឹងចាត់ការតាមផ្លូវច្បាប់ ៕ Kh