ដោយ:វ៉ៃកូ/ស្វាយរៀង ៖ ដើម្បីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ នៅព្រឹកថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា សមាជិក សមាជិការគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា បាននាំយកអំណោយមនុស្សធម៌របស់សាខា ចុះសួរសុខទុក្ខស្រ្តីទើបសម្រាលកូន ចំនួន ៤៣ នាក់ (ក្នុងនោះមានស្ត្រីម្នាក់សម្រាលបានកូនភ្លោះពីរ) ។
លោក ម៉ែន វិបុល បានមានប្រសាសន៍ថាៈក្នុងគោលបំណងលើកកម្ពស់ការយកចិត្តទុកដាក់ចំពោះសុខភាពមាតា-ទារក-កុមារ ទូទាំងប្រទេស ហើយដែលប្រធានបទសម្រាប់ឆ្នាំ ២០២០ នេះផ្តោតលើ(សុខភាពកុមារកម្ពុជានាពេលអនាគត)និងដើម្បីដាស់តឿន លើកទឹកចិត្តឲ្យស្ត្រីមកសម្រាលកូននៅមន្ទីរពេទ្យឬមណ្ឌលសុខភាព ។
លោកប្រធានគណៈកម្មាធិការសាខា ក៏បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែតែងគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ពិសេសស្រ្តី និងកុមារ ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរឬនិន្នាការនយោបាយអ្វីឡើយ ។
លោកប្រធានគណៈកម្មាធិការសាខា បានផ្តាំផ្ញើរដល់ស្ត្រីក្រោយសម្រាលកូនទាំងអស់ត្រូវតែបោះបង់ចោលទម្លាប់ខ្មាស់អៀន ធ្វើការពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតបំផុត កុំជក់បារីឬប្រើប្រាស់ថ្នាំជក់ ព្រមទាំងកុំពិសារស្រាឬ ជាតិស្រវឹងក្នុងពេលមានគក៌ ហើយជាពិសេសត្រូវទៅសម្រាលកូននៅមន្ទីរពេទ្យឬមណ្ឌលសុខភាព ដោយឆ្មបជំនាញដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវ ។ អំណោយដែលបានផ្តល់សម្រាប់ម្តាយ ៤៣ នាក់ក្នុងម្នាក់ទទួលបាន ៖ សារុង ១ ភួយ ១ ក្រមា ១ទឹកដោះគោខាប់ ៥ កំប៉ុង ស្ករស ២ គ.ក្រ ថវិកា ៥០,០០០ រៀល សម្រាប់ទារក ទទួលបាន មួក ១ អាវ ១ ស្រោមដៃ ស្រោមជើង ១ កំប្លេ ក្រណាត់ត្រីកោណ ១ ដុំ កន្សែងធំ ១ កន្សែងតូច ១ មុងទារក ១ សាប៊ូកូនកម្មេង ១ ដប ម្សៅកូនក្មេង ១ ដប៕b/