ដោយ:សុផានីតា/កោះកុង ៖ លោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកោះកុងសំណូមពរដល់ក្រុមស្រ្តីមានផ្ទៃពោះទូទាំងខេត្ត ចាំបាច់ទៅពិគ្រោះយោបល់ពិនិត្យសុខភាពជាមួយគ្រូពេទ្យ ឆ្មបជំនាញនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះឲ្យបានទៀងទាត់យ៉ាងតិចចំនួន៤ដងទៅតាមពេលវេលា។

ការជំរុញលើកទឹកចិត្តរបស់លោកស្រី មិថុនា ភូថង យ៉ាងដូច្នេះ ធ្វើឡើងក្នុងទិវាជាតិសុខុមាលភាពមាតា ទារក និងកុមារ ក្រោមប្រធានបទ«សុខភាពកុមារកម្ពុជានាពេលអនាគត» នៅមណ្ឌលសុខភាពអណ្តូងទឹក ស្រុកបូទុមសាគរ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ។

លោកស្រីប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកោះកុង ក៏បានណែនាំរបស់គ្រូពេទ្យត្រូវទទួលយកសេវាបង្ការព្យាបាលទាំងអស់ ជាពិសេសស្ម័គ្រចិត្តធ្វើតេស្តឈាម ដើម្បីពិនិត្យស្ថានភាពមេរោគអេដស៍ និងស្វាយ ដើម្បីរួមគ្នាលុបបំបាត់ការចម្លងពីរម្តាយទៅកូន។ហើយសូមទៅសម្រាលកូននៅមណ្ឌលសុខភាពឬមន្ទីរពេទ្យ ដែលមានគ្រូពេទ្យឆ្មបជំនាញទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ។

លោកស្រី មិថុនា ភូថង បន្ថែមថា សូមបង ឬប្អូនស្រ្តីមានផ្ទៃពោះទៅពិនិត្យសុខភាពក្រោយពេលសម្រាលទាំងមាតា ទាំងទារក យកកូនទៅទទួលថ្នាំបង្ការជំងឺ១១មុខតាមពេលវេលាកំណត់ ពិនិត្យតាមដានសុខភាព និងការលូតលាស់របស់កូនរហូតដល់កូនមានអាយុ២ឆ្នាំ។ អ្វីដែលសំខាន់ទៀតនោះ គឺបំបៅដោះទារកដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលទារកកើតភ្លាមរហូតដល់ទារកអាយុ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង)រួមជាមួយការបំបៅទឹកដោះម្តាយរហូតដល់កុមារអាយុ២ឆ្នាំង។

ប្រសិនបើនៅពេលឃើញទារក និងកុមារ មានសញ្ញាគ្រោះថ្នាក់ណាមួយនៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាគ ឬជំងឺឆ្លងដទៃទៀត ត្រូវប្រញាប់បញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីពិគ្រោះយោបល់ ពិនិត្យ និងព្យាបាលបានទាន់ពេលវេលានៅមន្ទីរពេទ្យ។

តាមរយៈសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្រ្ទីរាជការ បុគ្គលិកសុខាភិបាលអ្នកផ្ដល់សេវាទាំងអស់ ចូលរួមគាំទ្រការអនុវត្តន៍គោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធិភាពខ្ពស់ឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅឆ្នាំ២០៣០ របស់រាជរដ្ឋាភិបាលតាមការកំណត់ និង អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ និង អន្តរជាតិ សូមជួយ និងបន្តជួយវិនិយោគគាំទ្រដល់ការងារសុខភាពមាតា ទារក និង កុមានៅកម្ពុជា។

ជាមួយគ្នានេះដែរ លោក ហាក់ ឡេង តំណាង ប្រធានគណៈកម្មាធិការអនុសាខាស្រុកបូទុមសាគរ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងជនរងគ្រោះដោយមហន្តរាយនានាសរុបចំនួន ២៧គ្រួសារ គឺត្រូវបានមន្ទីរ អង្គភាព រដ្ឋបាលស្រុកយកចិត្តទុកដាក់អន្តរាយគមន៍ដោះស្រាយបែបមនុស្សធម៌ ដោយគ្មានការប្រកាន់និន្នការនយោបាយ។

ក្នុងនោះ មានការផ្តល់អំណោយ រួមមាន៖ មីម៉ាម៉ា១កេស ទឹកដោះគោ១ឡូ ទឹកផ្លែឈើស្រស់១២កំប៉ុង ទឹកសុទ្ធឱរ៉ាល់១កេស ឃីតកូនង៉ែត១ឈុត អាវយឺត២ ធូបមូស១ប្រអប់ ថ្នាំបាញ់មូស១កំប៉ុងតូច ខោទឹកនោមកូនក្មេង៥ខោ ព្រមទាំងថវិកាមួយចំនួនផងដែរ។
ក្នុងនោះ លោកគ្រូ អ្នកគ្រូពេទ្យ ទទួលបាន៥០,០០០រៀលក្នុង១នាក់ ចំពោះអ្នកគ្រូពេទ្យមានផ្ទៃពោះ ជូនថវិកា ១០០,០០០បន្ថែមទៀត និងកម្លាងនគរបាល ចំនួន ៣នាក់ ប្រជាការពារ ចំនួន៥នាក់ ក្នុង១នាក់ទទួលបាន ២០,០០០រៀល៕/b