ដោយ:វ៉ៃកូ/ស្វាយរៀង ៖ លោក គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ និងលោក សេង សិលា អភិបាលរងខេត្តស្វាយរៀង នៅព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីនៅក្នុងពិធីផ្សព្វផ្សាយទប់ស្កាត់ការផ្ទុះឡើងនឹងឆ្លងរាលដាល នៃជំងឺផ្តាសាយបក្សី ក្នុងមូលដ្ឋានខេត្តស្វាយរៀង ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តស្វាយរៀង។
លោក គឹម សុន បានលើកឡើងថា ការផ្ទុះរាលដាលជំងឺឆ្លងផ្តាសសាយបក្សី លោកបានជំរុញអោយមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងការទប់ស្កាត់ឲ្យខានតែបាន ជាពិសេសការនាំចូល សាច់សត្វ និងសត្វបក្សីរស់ មកពីប្រទេសជិតខាង តាមច្រកព្រំដែននានា ដើម្បីទប់ស្កាត់ជំងឺនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់។
លោកបានបន្តថា មន្ត្រីជំនាញខាងផ្នែកបសុពេទ្យ ត្រូវធ្វើការផ្សព្វផ្សាយ ជូនម្ចាស់អាជីវកម្មឡរសត្តឃាត អាជីវករលក់សាច់សត្វ និងប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋ និងអ្នកចិញ្ចឹមសត្វទាំងអស់ អោយមានការយល់ដឹង ការថែរក្សាអនាម័យឲ្យបានទៀងទាត់ ការអនុវត្តថ្នាំសម្លាប់មេរោគជាដើម។
ទន្ទឹនេះត្រូវជំរុញ ឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ សហការ ជាមួយអាជ្ញាធរព្រំដែនប្រទេសជិតខាង ចំពោះការនាំចូលសាច់សត្វចិញ្ចឹមគ្រប់ប្រភេទ ដោយមានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ មុននឹងនាំចូលមកក្នុងស្រុក បើមានកិច្ចការចាំបាច់ ត្រូវមានការរាយការណ៍ ជាបន្ទាន់មកដល់មន្ត្រីជំនាញ ថ្នាក់ជាតិឲ្យបានទាន់ពេលវេលា។
លោក សេង សិលា អភិបាលរងខេត្តស្វាយរៀង ក៏បានជំរុញបន្ថែមដល់មន្ត្រី ជំនាញទាំងអស់ ត្រូវធ្វើយ៉ាងណាទប់ស្កាត់ ឲ្យខានតែបាននិងពិនិត្យឲ្យបានត្រឹមត្រូវ ចំពោះការនាំចូលសាច់សត្វ និងសត្វរស់ ដើម្បីបង្ការកុំឱ្យមានជំងឺផ្តាសាយបក្សី កើតមាននៅក្នុងខេត្តស្វាយរៀង ក៏ដូចប្រទេសកម្ពុជាផងដែរ៕B/