ដោយ:វិបុល/ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា ការអន្ដរាគមន៍ដើម្បីដោះលែងរថយន្ដដែលដឹកលើស ទម្ងន់ គឺមិនត្រូវអនុញ្ញាតិឲ្យកើតមានជាដាច់ខាត ទោះក្នុងរូបភាព ឬតាមរយៈបុគ្គលណាក៏ដោយ ពុំនោះសោតនឹងបង្កផលខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ផ្លូវថ្នល់។
តាមរយៈសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ លោកទេសរដ្ឋមន្រ្ដី ដែលត្រូវបានប្រសិទ្ធនាមថា ជាមន្រ្ដីដៃដែករូបនេះ បានបញ្ជាក់ថា “…ទាំងអស់គ្នាត្រូវអនុវត្តច្បាប់…អ៊ីចឹង សូមអ្នកដែលមានឡានដឹកទំនិញ ក៏ដូចជាក្រុមហ៊ុន ត្រូវតែគោរពច្បាប់ មន្រ្ដីយើងខ្ញុំនឹងអនុវត្តច្បាប់ គឺគ្មានការរើសអើងអ្នកមានអំណាច អត់អំណាច អ្នកមាន អ្នកក្រ មិនចលថ្លឹងទេ គឺត្រូវតែចូលថ្លឹងទាំងអស់គ្នា…ឡានដែលយើងចាប់បាន មិនដែលមានឡានណាដោះលែងទេ អត់មានការស្នើសុំពីអ្នកនេះ អ្នកនោះ ឬមកជួបខ្ញុំទេ ខ្ញុំតែងតែនិយាយថា ចង់អន្ដរាគមន៍ឲ្យលែងឡានដឹកទំនិញលើសទម្ងន់កំណត់ដោយច្បាប់ សូមទូរស័ព្ទស្នើសុំពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…”។
ជាមួយគ្នានេះ លោកក៏បានលើកឡើងពីបញ្ហាកើតឡើង ដែលបង្កដោយមន្រ្ដីរបស់លោក ហើយលោកក៏បានចាត់វិធានការតឹងរ៉ឹង ដោយបានដក ឬផ្លាស់ប្ដូរមុខតំណែង ដោយមិនរួញរាចំពោះមន្រ្ដីខិលខូច ឬធ្វេសប្រហែសចំពោះកិច្ចការនេះនោះឡើយ។
យ៉ាងណាមិញ លោកបានទទួលស្គាល់ថា ជញ្ជីងថ្លឹងរថយន្ដនៅតាមស្ថានីយ៍ខ្លះ ហាក់មានការខុសគ្នាបន្ដិចបន្ដួច ក៏ដោយសារការថែទាំមិនដិតដល់ ប៉ុន្ដែក្រសួងត្រៀមចុះពិនិត្យគ្រប់ស្ថានីយ៍ថ្លឹងរថយន្ដទាំងអស់នៅទូទាំងប្រទេស ដើម្បីកំណត់ឲ្យត្រឹមត្រូវឡើងវិញ។ ហើយឆាប់ៗខាងមុខនេះ ក្រសួងនឹងរៀបចំជញ្ជីងថ្លឹងរថយន្ដក្រោមដីបន្ថែមទៀត ហើយគ្រាន់តែរថយន្ដបើកកាត់ មន្ដ្រីជំនាញនឹងដឹងទម្ងន់ដែលរថយន្ដនោះផ្ទុក ហើយប្រសិនបើឃើញលើសទម្ងន់ នឹងតម្រូវឲ្យចូលថ្លឹងនៅស្ថានីយ៍ ប៉ុន្ដែបើមិនលើសទេ គឺអនុញ្ញាតឲ្យធ្វើចរាចរណ៍ធម្មតា។
លោក ស៊ុន ចាន់ថុល បញ្ជាក់ថា កាលដែលក្រសួងធ្វើបែបនេះ ដើម្បីសម្រួលកុំឲ្យម្ចាស់រថយន្ដដែលដឹកទំនិញមិនលើសទម្ងន់ ខាតពេលរង់ចាំចូលថ្លឹង នៅស្ថានីយ៍នោះទេ។ លោករដ្ឋមន្ដ្រីគូសបញ្ជាក់ថា ប្រភេទជញ្ជីងថ្លឹងរថយន្ដដែលបង្កប់ក្រោមដីនេះ គឺប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិចទាំងអស់ ដើម្បីទប់ស្កាត់ និងលុបបំបាត់ភាពអវិជ្ជមានផ្សេងៗដែលអាចកើតឡើង។ លើសពីនោះទៀតលោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា នៅពេលខាងមុខក្រសួងនឹងរៀបចំឲ្យមានប្រព័ន្ធ GPS និងបំពាក់កាម៉េរ៉ាសុវត្ថិភាព ដើម្បីតាមដានរថយន្តដឹកទំនិញដែលមានចេតនាគេចចេញពីការថ្លឹង និងជាការគ្រប់គ្រងលើបញ្ហាផ្សេងៗផងដែរ៕/b