តុលាការ​រំលាយ​គណបក្ស​ប្រឆាំង​ថៃ​ដោយសារ​ប្រាក់កំចី​ពី​មេដឹកនាំ​របស់​ខ្លួន​

297
ចែករម្លែក

​តុលាការ​ធម្មនុញ្ញ​ថៃ​កាលពី​ថ្ងៃ​សុក្រ​ទី​២១​កុម្ភៈ បានសំរេច​រំលាយ​គណ​បក្ស អនាគត​ឆ្ពោះទៅមុខ​(FFP)​ដែល​ជា​បក្សប្រឆាំង​ធំ​បំផុត​ទី​២​របស់​ថៃ ហើយ​ហាមឃាត់​​មិន​អោយ​សមាជិក​ប្រតិបត្តិ​របស់​បក្ស​នេះ​ធ្វើ​នយោបាយ​១០​ឆ្នាំ ដោយសារ​តែ​គណបក្ស​ខ្ចី​ប្រាក់​ពី​មេដឹកនាំ​ជា​មហាសេដ្ឋី​វ័យក្មេង ថា​ណា​ថន មក​ធ្វើ​ការឃោសនា​​បោះឆ្នោត​។​

​ការរំលាយ​គណបក្ស​ប្រឆាំង​នេះ​កើតឡើង​ចំ​ពេល​សភា ប្រុង​នឹង​ជជែក​ពិភាក្សា​លើ​ញត្តិ​សម្តែង​ការ​មិន​ទុកចិត្ត​រដ្ឋាភិបាល​ចម្រុះ​។​សភា​គ្រោង​នឹង​ជែក​សួរ​ដេញ​​ដោល​រដ្ឋាភិបាល​នៅ​ថ្ងៃ​២៥-២៧​កុម្ភៈ និង​បោះឆ្នោត​សម្តែង​ការ​មិន​ទុកចិត្ត​នៅ​ថ្ងៃ​២៨​កុម្ភៈ​។​

​ជា​គណបក្ស​ទទួលបាន​ការគាំទ្រ​លំដាប់​ទី​៣​ក្នុង​ការបោះឆ្នោត​កាលពី​ខែ​មីនា​ឆ្នាំ​មុន គណបក្ស​FFP​នេះ​បាន​ធ្វើអោយ​មជ្ឈដ្ឋាន​នយោបាយ​ថៃ​មាន​ការភ្ញាក់ផ្អើល​​ដោយសារ​តែ​វា​ទើប​ត្រូវបាន​បង្កើតឡើង​តែ​ដណ្តើម​បាន​កៅអី​សភា​៨១ ទោះ​ជា​បេក្ខជន​របស់​បក្ស​នេះ​មិន​ដែល​មាន​នរណា​ម្នាក់​ឈរ​ឈ្មោះ​ពីមុន​មក​ក្តី​។​

​ក្នុងស្ថានភាព​នេះ សមាជិក​សភា​របស់​គ​ណ​បក្ស​នេះ​ត្រូវ​ចុះចូល​ជាមួយ​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​សភា​ដើម្បី​រក្សា​អាសនៈ​របស់​គេ ឬ​ទុក​វា​ចោល​។​គណបក្ស​​នេះ​ឥឡូវ​នៅសល់​សមាជិក​សភា​តែ​៦៤​រូប បន្ទាប់​ពី​ការសំរេច​របស់​តុលាការ​ហាមឃាត់​សមាជិកសភា​១១​រូប​មិន​អោយធ្វើ​នយោបាយ រួមទាំង​លោក​ថា​ណា​ថន​​ផងដែរ​។​សមាជិក​សភា​នៅ​សេសសល់​មាន​ពេល​៦០​ថ្ងៃ​ដើម្បី​ស្វែងរក​គណបក្ស​ចូល​ជ្រកកោន មុន​ពេល​ឋានៈ​សភា​របស់​គេ​អស់​សុពលភាព​។​

​លោក​ថា​ណា​ថន មហាសេដ្ឋី​វ័យ​៤១​ឆ្នាំ បាន​ផ្តល់​ប្រាក់​កំចី​ដល់​គណបក្ស​លោក​ជា​បន្តបន្ទាប់​សរុប​អស់​ប្រាក់​ប្រមាណ​១៩១​លាន​បាត​កាលពី​ឆ្នាំមុន​ដែល​ខុស​នឹង​​ច្បាប់បោះឆ្នោត​៕​ប្រែ​សម្រួល​៖​វាសនា​

លោក​ថា​ណា​ថន បាន​និយាយថា លោក​អោយ​គណបក្ស​ខ្ចីប្រាក់ ជំនួស​អោយ​ការផ្តល់​មូលធិនិដ​ល់​គណបក្ស​