ដោយៈមុនីរ័ត្ន/ភ្នំពេញៈកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-នូវ៉ែលហ្សេឡង់លើកទី២៧បានប្រព្រឹត្តទៅកាលពីថ្ងៃទី២០-២១ខែកុម្ភៈឆ្នាំ២០២០នៅខេត្តសៀមរាបប្រទេសកម្ពុជា។
ក្នុងនាមជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវ៉ែលហ្សេឡង់កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនិងជាធ្វើសហប្រធាននៃកិច្ចប្រជុំជាមួយប្រទេសនូវ៉ែលហ្សេឡង់។
កិច្ចប្រជុំនេះផ្តល់នូវកាលានុវត្តសម្រាប់អាស៊ាននិងប្រទេសនូវ៉ែលហ្សេឡង់ដើម្បីពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការនិងរៀបចំទិសដៅនាពេលអនាគត។ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលថ្នាក់នាំអាស៊ាន-នូវ៉ែលហ្សេឡង់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ នៅទីក្រុងដាណាង ប្រទេសវៀតណាម។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។
ក្រសួងការបរទេសបានបន្តថា នៅក្នុងសុន្ទរកថាបើកក្នុងនាមសហប្រធាននៃកិច្ចប្រជុំ លោក កាន់ ផារិទ្ធរដ្ឋលេខាធិការនិងជាឧត្តមមន្ត្រីអាស៊ាន-កម្ពុជាបានបញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តឥតងាករេរបស់អាស៊ានចំពោះភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-នូវ៉ែលហ្សេឡង់ដែលបានផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
លោកកាន់ផារិទ្ធបានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះវឌ្ឍនភាពជាក់ស្តែងដែលសម្រេចបានក្នុងការអនុវត្តផែនការសកម្មភាពអាស៊ាន-នូវ៉ែលហ្សេឡង់ឆ្នាំ២០១៦-២០២០ដែលមានសកម្មភាពទាំងអស់ចំនួន៥៩ត្រូវបានអនុវត្ត។លោកបានបញ្ជាក់ថាកម្ពុជានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសសមាជិកអាស៊ាននិងប្រទេសនូវ៉ែលហ្សេឡង់ដើម្បីរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមរួម។ដើម្បីកសាងសមិទ្ឋផលឱ្យទទួលជោគជ័យជាមួយគ្នាបន្ថែមទៀតនាពេលអនាគតក្នុងបំណងថែទាំសន្តិភាព ស្ថិរភាព និងលើកស្ទួយវិបុលភាព ក្នុងតំបន់។
លោក បេនចាមីន ឃីង (Benjamin King) លេខាធិការរង ទទួលបន្ទុកទ្វីបអាមេរិក និងទ្វីប អាស៊ី នៃក្រសួងការបរទេស និងពាណិជ្ជកម្មនូវ៉ែលហ្សេឡង់ ជាសហប្រធាននៃកិច្ចប្រជុំ បានអះអាង ជាថ្មីនូវការប្តេជ្ញាចិត្តរបស់នូវ៉ែលហ្សេឡង់ក្នុងការលើកកម្ពស់ទំនាក់ទំនងអាស៊ាន-នូវ៉ែលហ្សេឡង់បន្ថែមទៀត។
លោកបានបញ្ជាក់ពីការគាំទ្ររបស់នូវ៉ែលហ្សេឡង់ដល់វិជ្ឈមភាពអាស៊ាននៃដំណើរការវិវឌ្ឍន៍និម្មាបនកម្មតំបន់ ដើម្បីថែទាំសន្តិភាព ស្ថិរភាព និងលើកស្ទួយវិបុលភាព ក្នុងតំបន់។ ទន្ទឹមនឹងនេះ លោកក៏មានសុទិដ្ឋិនិយមដូចកម្ពុជាដែរថាភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-នូវ៉ែលហ្សេឡង់នឹងឈានដល់កម្រិតថ្មីមួយ។
ខណៈពេលដែលនូវ៉ែលហ្សេឡង់បានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាស៊ានដើម្បីបញ្ចប់ផែនការសកម្មភាពថ្មី(២០២១-២០២៥)លើវិស័យជាក់ស្តែងថ្មីៗនៃកិច្ចសហប្រតិប
ត្តិការដែលឆ្លុះបញ្ចាំងនូវកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយអាស៊ានលើសសរស្តម្ភទាំង៣។
លោកក៏បានបញ្ជាក់ថានូវែលហ្សេឡង់ទន្ទឹងរង់ចាំការរៀបចំប្រកបដោយជោគជ័យនៃកិច្ចប្រជុំកំពូលថ្នាក់នាំអាស៊ាន-នូវ៉ែលហ្សេឡង់នាពេលខាងមុខនៅទីក្រុងដាណាងក្រោមការសម្របសម្រួលរបស់កម្ពុជា។អង្គប្រជុំបានពិភាក្សាអំពីបញ្ហាជាច្រើនដែលជាផលប្រយោជន៍ និងជាកង្វល់រួម។
ប្រធានបទដែលកិច្ចប្រជុំបានពិភាក្សាជាអាទិ៍រួមមាន៖ការវិវត្តថ្មីៗនៅក្នុងអាស៊ាននៅក្នុងប្រទេសនូវ៉ែលហ្សេឡង់និងនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូងព្រមទាំងបញ្ហាក្នុងតំបន់និងអន្តរជាតិដូចជាទស្សនទានឥណ្ឌូ-ប៉ាស៊ីហ្វិក ឧបទ្វីបកូរ៉េ បញ្ហាជ្រុលនិយម និងឧក្រិដ្ឋកម្មឆ្លងដែន និងការប្រែប្រួលអាកាសធាតុ ជាដើម។
អង្គប្រជុំក៏បានពិនិត្យឡើងវិញផងដែរនូវភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-នូវ៉ែលហ្សេឡង់ដោយបានពិភាក្សាអំពីសកម្មភាពមួយចំនួនដែលអាចអនុវត្តរួមគ្នាដោយផ្តោតសំខាន់លើការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយការតភ្ជាប់និងគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន។អាស៊ាននិងនូវ៉ែលហ្សេឡង់បានពិភាក្សាលើឯកសារសំខាន់ចំនួនពីរ គឺ៖ ១.
សេចក្តីព្រាងសេចក្តីប្រកាសទស្សនវិស័យរួមស្តីពីខួបអនុស្សាវរីយ៍លើកទី៤៥ឆ្នាំនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវ៉ែលហ្សេឡង់ ក្រោមមូលបទ “កេរដំណែលមរតកមិត្តភាព និងអនាគតរួមគ្នា” ដែលនឹងត្រូវអនុម័តនៅក្នុងឱកាសកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំអាស៊ាន-នូវ៉ែលហ្សេឡង់នាពេលខាងមុខ នៅទីក្រុងដាណាង ប្រទេសវៀតណាម ។
២. សេចក្តីព្រាងផែនការសកម្មភាពថ្មី (ឆ្នាំ២០២១-២០២៥) ដែលនឹងត្រូវអនុម័តនៅក្នុងឱកាសសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូក១ជាមួយប្រទេសនូវ៉ែលហ្សេឡង់ដែលនឹងប្រព្រឹត្តទៅនៅខែសីហាឆ្នាំ២០២០នេះ។ឯកសារសំខាន់ទាំងពីរនេះផ្តល់ជាឯកសារគោលការណ៍ណែនាំដើម្បីតម្រង់ទិសវិស័យជាក់លាក់ថ្មីៗនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងនូវ៉ែលហ្សេឡង់។ដល់កម្ពុជាចំពោះការធ្វើបដិសណ្ឋារកិច្ចដ៏កក់ក្តៅនិងការរៀបចំដ៏ល្អប្រសើររួមមានពិធីពិសារអាហារពេលល្ងាចជាមួយនឹងការសម្តែងសិល្បៈរបាំវប្បធម៌-ប្រពៃណីខ្មែរ៕S/
រូបថត៖កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-នូវ៉ែលហ្សេឡង់ លើកទី២៧