ដោយ៖សៅវ៉ាន់ឌី/ព្រះវិហារ៖កាលពីព្រឹកថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០២០នេះលោក គោ ស៊ុប៊ុនសឿត អភិបាលរងខេត្តព្រះវិហារតំណាងលោកប្រាក់សុវណ្ណអភិបាលខេត្ត។លោកបានជំរុញឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តត្រូវពន្លឿនការស្ថាបនាសាងសង់ស្ពានថ្មបេតុង២កន្លែងនៅលើកំណាត់ផ្លូវជាតិលេខ៩៥ក្នុងភូមិឆែបលិចឃុំឆែបមួយស្រុកឆែបខេត្តព្រះវិហារឱ្យបានរួចរាល់មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

នៅក្នុងឱកាសអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ស្ពាន២កន្លែងនៅស្រុកឆែបខេត្តព្រះវិហារដែលអមដំណើរដោយលោកសំលាងទ្រីប្រធានមន្ទីរសាធារណការនិងដឹងជញ្ជូនខេត្ត,លោកសុកសាន្តតារាអភិបាលស្រុកឆែបនិងមន្ត្រីជាច្រើនរូបទៀត។

លោកគោស៊ុប៊ុនសឿតបានថ្លែងនូវការកោតសរសើរដល់ក្រុមការងារសាងសង់ទាំងអស់ដែលបានខិតខំប្រឹងប្រែងធ្វើឲ្យដំណើរការសាងសង់ស្ពានទាំង២កន្លែងនេះសម្រេចបានប្រមាណ៩០ភាគរយទៅហើយ។លោកគោស៊ុប៊ុនសឿតបានធ្វើការវាយតម្លៃពីគុណភាពសំណង់ស្ពាននេះថាសាងសង់តាមលក្ខណៈស្តង់ដាបច្ចេកទេសបានល្អទាំងគុណភាពនិងសោភណ្ឌ័ភាពដែលមើលទៅគឺរឹងមាំនិងស្រស់ស្អាតខ្លាំងណាស់។

ដោយឡែក លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងថា ការស្ថាបនាស្ពានចំនួន២កន្លែង លើបណ្ដោយផ្លូវជាតិលេខ៩៥ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ រហូតមកពេលបច្ចុប្បន្ននេះ ការងារបានប្រមាណជាង៩០ភាគរយហើយ ។ដោយស្ពានទី១៖ មានប្រវែង ៤៥ម៉ែត្រ ទទឹង១២.៥ម៉ែត្រ និងស្ពានទី២៖ មានប្រវែង ១៨ម៉ែត្រ ទទឹង១០.៩ម៉ែត្រ៕S/
